កាយគតាសតិ

ការតម្កល់ស្មារតីក្នុងកាយ មានអាការៈ ៣២ ដោយធ្វើទុកក្នុងចិត្តថា បដិកូល (គួរខ្ពើម) ហៅថា កាយគតាសតិកម្មដ្ឋាន។

ព្រះយោគីដែលប្រាថ្នាចំរើនកម្មដ្ឋាននេះ គប្បីរៀនឧគ្គហកោសល្លវិធី ៧យ៉ាង គឺការឆ្លាស​ក្នុងការកាន់យក។

ឧគ្គហកោសល្លវិធី ៧យ៉ាងគឺ

  1. វចសា ឆ្លាសដោយវាចា គឺស្វាធ្យាយអាការៈទាំង ៣២ ដោយវាចា។
  2. មនសា ឆ្លាសដោយចិត្ត គឺធ្វើទុកក្នុងចិត្តតាមអាការៈទាំង ៣២។
  3. វណ្ណតោ ឆ្លាសដោយការកំណត់ពណ៌របស់អាការៈ ៣២ នោះ។
  4. សណ្ឋានតោ ឆ្លាសដោយការកំណត់ទ្រង់ទ្រាយរបស់អាការៈ ៣២ នោះ។
  5. ទិសតោ ឆ្លាសដោយការកំណត់ទិស របស់អាការៈ ៣២ នោះ។
  6. ឱកាសសតោ ឆ្លាសដោយការកំណត់ទីតាំងនៅ របស់អាការៈ ៣២ នោះ។
  7. បរិច្ឆេទតោ ឆ្លាសដោយការកំណត់ទីជុំវិញ គឺការកាត់ផ្តាច់ពីគ្នារបស់អាការៈ ៣២។

អធិប្បាយ

១. វចសា ព្រះយោគីគប្បីសូត្រ ទន្ទេញដោយវាចាឲ្យចាំស្ទាត់ក្នុងអាការៈ ៣២។ អាការៈ ៣២ នេះ លោកចែកជា ៥ ពួក។

  • ពួកទី១  គឺ សក់ រោម ក្រចក ធ្មេញ ស្បែក។
  • ពួកទី២  គឺ សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ។
  • ពួកទី៣  គឺ បេះដូង ថ្លើម វាវ ក្រពះ សួត។
  • ពួកទី៤  គឺ ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ខួរក្នុងក្បាល។
  • ពួកទី៥ គឺ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់។
  • ពួកទី៦ គឺ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។

២. មនសា ការធ្វើទុកក្នុងចិត្ត គឺស្វាធ្យាយដោយចិត្ត មិនបញ្ចេញវាចា។

៣. វណ្ណតោ កំណត់ដោយពណ៌ គឺ ព្រះយោគី គប្បីដឹងថា អាការៈនីមួយៗ មានពណ៌​បែប​ណា មានដូចជា សក់ មានពណ៌ខ្មៅ ជាដើម។

៤. សណ្ឋានតោ កំណត់ដោយទ្រង់ទ្រាយ មានដូចជា សក់មានទ្រង់ទ្រាយមូល ត្រង់ ឬអង្កាញ់ ក្រចកមានទ្រង់ទ្រាយដូចស្រកាត្រី ជាដើម។

៥. ទិសតោ កំណត់ដោយទិស ព្រះយោគីគប្បីដឹងថា អាការៈនីមួយៗ តាំងនៅក្នុង​ទិស​ខាងក្រោម ឬទិសខាងលើ។ នៅក្នុងកាយនេះ លោកចែកជាពីរទិស គឺចាប់ពីផ្ចិតចុះក្រោម ហៅថាទិសខាងក្រោម ចាប់ពីផ្ចិតឡើងមកលើ ហៅថា ទិសខាងលើ។

៦. ឱកាសសតោ កំណត់ទីដែលអាការៈនីមួយៗអាស្រ័យនៅ មានដូចជា សក់មានទី​អាស្រ័យ​នៅលើស្បែកក្បាល រោមអាស្រ័យនៅលើស្បែកសរីរៈ ជាដើម។

៧. បរិច្ឆេទតោ កំណត់ទីបំផុត គឺការកាត់ផ្តាច់ពីគ្នា របស់អាការៈនីមួយៗ។ ការកំណត់នេះ លោកចែកជាពីរគឺ សភាគបរិច្ឆេទ និង វិសភាគបរិច្ឆេទ។

  • សភាគបរិច្ឆេទ គឺកំណត់ថា អាការៈនីមួយៗ មានទីបំផុតខាងក្រោមត្រឹមនេះ មានទីបំផុតខាងលើត្រឹមនេះ មានទីបំផុតជុំវិញត្រឹមនេះ។
  • វិសភាគបរិច្ឆេទ គឺកំណត់ភាពដែលមិនច្រឡំគ្នាថា សក់មិនមែនរោម រោមមិនមែនសក់ ជាដើម។

មនសិការកោសល្ល មាន ១០យ៉ាងគឺ

  1. អនុបុព្វតោ ធ្វើទុកក្នុងចិត្តតាមលំដាប់នៃអាការៈទាំង៣២ តាំងពីសក់ រហូតដល់​ទឹកមូត្រ គឺមិនត្រូវផ្លោះដោយអន្លើៗឡើយ។
  2. នាតិសីឃតោ ធ្វើទុកក្នុងចិត្តដោយមិនញាប់ពេក។
  3. នាតិសណិកតោ ធ្វើទុកក្នុងចិត្តដោយមិនយឺតពេក។
  4. វិក្ខេបបដិពាហនតោ បើចិត្តលះបង់កម្មដ្ឋានហើយ រាវរកអារម្មណ៍ដទៃ ត្រូវធ្វើទុក​ក្នុង​ចិត្តមិនឲ្យចិត្តរាថយទៅវិញបាន។
  5. បណ្ណតិសមតិក្កមនតោ ធ្វើទុកក្នុងចិត្តកន្លងបញ្ញត្តិ មានសក់ រោម ជាដើម ហើយ​តាំងចិត្តទុកថា បដិកូល (គួរខ្ពើម) ៗ។
  6. អនុបុព្វមុញ្ចនតោ ធ្វើទុកក្នុងចិត្តរៀងតាមលំដាប់នៃអាការៈ បើអាការៈណាមិន​ប្រាកដ​ឡើង ត្រូវលះបង់ចេញ ហើយធ្វើទុកក្នុងចិត្តតែអាការៈណាដែលប្រាកដ។
  7. អបមនតោ ត្រូវដឹងថា អាការៈទាំង ៣២ មានសក់ជាដើម សុទ្ធតែអាចញុំាង​អប្បនាចិត្តឲ្យកើតឡើងបាន។
  8. អធិចិត្តតោ ត្រូវធ្វើទុកក្នុងចិត្តសព្វៗកាល នូវនិមិត្តទាំង ៣គឺ សមាធិនិមិត្ត មគ្គហនិមិត្ត ឧបេក្ខានិមិត្ត ព្រោះកាលបើព្រះយោគីធ្វើទុកក្នុងចិត្តនូវសមាធិនិមិត្ត​តែ​ម្យ៉ាង ចិត្តនឹងបែរទៅរកកោសជ្ជ (សេចក្តីខ្ជិល) បើធ្វើទុកក្នុងចិត្តនូវឧគ្គហនិមិត្ត​ គឺផ្គងព្យាយាមតែ​ម្យ៉ាង ចិត្តនឹងបែរទៅរកឧទ្ធច្ចៈ (សេចក្តីរាយមាយ) បើធ្វើទុកក្នុង​ចិត្ត​នូវ​ឧបេក្ខានិមិត្តតែម្យ៉ាង ចិត្តនឹងមិនតម្កល់នៅមាំ។
  9. សីតិភាវតោ អ្នកដែលប្រកបដោយធម៌ ៦ គួរធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ធម៌ទាំង ៦ នោះ គឺ សង្កត់ចិត្តក្នុងសម័យដែលគួរ ១ ប្រុងចិត្តក្នុងសម័យដែលគួរ ១ បង្អើលចិត្តក្នុងសម័យដែលគួរ ១ ស្ទង់ចិត្តក្នុងសម័យដែលគួរ ១ មានចិត្តចុះស៊ប់​ក្នុង​មគ្គ និងផល ១ ត្រេកអរចំពោះព្រះនិព្វាន ២។
  10. សត្តពោជ្ឈង្គកោសល្លសូត្រ ត្រូវចំរើនពោជ្ឈង្គ ៧ ណាមួយ ពេលដែលចិត្ត​កំពុង​រួញរា។

ព្រះយោគី កាលបើរៀនយកនូវឧគ្គហកោសល្ល ៧យ៉ាង និងមនសិការកោសល្ល ១០យ៉ាងនេះ ហើយបានកំណត់ពណ៌ សណ្ឋាន ទិស ឱកាស និងបរិច្ឆេទរបស់អាការៈ ទាំង ៣២ នេះហើយ ត្រូវធ្វើទុកក្នុងចិត្តថា បដិកូល ដោយស្ថាន ៥យ៉ាង គឺ

  • បដិកូលដោយពណ៌
  • បដិកូលដោយសណ្ឋាន
  • បដិកូលដោយក្លិន
  • បដិកូលដោយទីអាស្រ័យនៅ
  • បដិកូលដោយឱកាសដែលតាំងនៅ។

(ពិស្តារ បឋមវិបស្សនា ព្រះកេតុធម្មោ សំ ប៊ុនធឿន)

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា