ប្រភេទចម្លាក់ខ្មែរ
គេសង្កេតឃើញថា ចម្លាក់បូរាណខ្មែរមាន ៣ ប្រភេទគឺៈ ចម្លាក់លិបឬចម្លាក់រាក់ ចម្លាក់លៀនឬចម្លាក់ជ្រៅ និងចម្លាក់លោតក្លាយទៅជារូបបដិមា ។
១. ចម្លាក់លិប ឬចម្លាក់រាក់ (Bas-relief)
គេឆ្លាក់ក្បាច់នេះនៅលើផ្ទាំងថ្មដោយលូកចូលទៅក្នុងផ្ទៃផ្ទាំងថ្ម មើលទៅមិនសូវឃើញខ្ពស់ឬផុសចេញពីផ្ទៃផ្ទាំងថ្មទេ ។ គេច្រើនប្រើចម្លាក់លិបនៅលើជញ្ជាំងប្រាសាទ ។ ឧ. ក្បាច់លិបជារឿងនៅតាមថែវជាន់ទី១នៃប្រាសាទអង្គរវត្ត ។
ចម្លាក់លិប ឬចម្លាក់រាក់នៅថែវជាន់ទី១ ប្រាសាទអង្គរវត្ត
២. ចម្លាក់លៀន (Haut-relief)
គឺជាចម្លាក់ដែលគេឆ្លាក់លៀនចេញពីផ្ទៃផ្ទាំងថ្ម ។ គេច្រើនឆ្លាក់ចម្លាក់លៀននៅលើផ្ដែរ លើសរសរពេជ្រ និងលើជញ្ជាំង ។
ចម្លាក់លៀននៅលើហោជាង នៃប្រាសាទអង្គរវត្ត
៣. ចម្លាក់លោត (Ronde-bosse)
ម្ដងនេះគេឆ្លាក់រូបសត្វ ឬមនុស្សពុំមែននៅលើជញ្ជាំងទៀតទេ គឺដាច់ពីជញ្ជាំង ប៉ុន្តែផ្អែកនឹងជញ្ជាំងដោយយកជញ្ជាំងធ្វើជាទម្រ ។ លុះក្រោយមកទៀតគេឆ្លាក់រូបបដិមាដោយពុំចាំបាច់មានទម្រទៀតទេ ។
ចម្លាក់លោតជាពុទ្ធបដិមា នៅភ្នំបាខែង
ប្រធានចម្លាក់
ចម្លាក់បុរាណខ្មែរមានច្រើនយ៉ាងណាស់ ប៉ុន្តែយើងលើកយកតែចម្លាក់ណាដែលទាក់ទងនឹងសាសនា និងប្រាសាទមកសិក្សាតែប៉ុណ្ណោះ ។
១. ពុទ្ធរូប
ពុទ្ធបដិមាមានតាំងពីសម័យនគរភ្នំម៉្លេះ នៅក្នុងសិល្បៈខ្មែរ ព្រះពុទ្ធរូបគ្មានគ្រឿងអលង្ការទេ ហើយច្រើនតែមានកាយវិការ (មុទ្រៈ ឬ មុទ្រា) ប្លែកៗពីគ្នា ។
ឈានមុទ្រៈ គេឆ្លាក់រូបគង់ ភ្នែន មាននាគប្រក់ពីលើ ឬមិននាគប្រក់ពីលើ ព្រះហស្តទាំង២លាដាក់លើភ្លៅ គឺជាកាយវិការធ្វើសមាធិ ។
ភូមិស្បសិមុទ្រៈ រូបគង់ភ្នែន ព្រះហស្តឆ្វេងដាក់លើភ្លៅ ព្រះហស្តស្ដាំដាក់លើក្បាលជង្គង់ ចង្អុលព្រះហស្តសំយុងចុះក្រោមចង្អុលទៅរកដី គឺជាកាយវិការយកព្រះធរណីធ្វើជាសាក្សីក្នុងពេលផ្ចាញ់មារ ។
ភូមិស្បសិមុទ្រៈ
អភយមុទ្រៈ រូបឈរ ព្រះហស្តទាំង២ ឬតែម្ខាងលាដាក់ទៅមុខ ចង្អុលព្រះហស្តលើកទៅលើ គឺជាកាយវិការបញ្ជាក់ថាកុំខ្លាច ។
ធម្មចក្រមុទ្រៈ រូបគង់ភ្នែន ព្រះហស្តទាំង២បង្ហាញជាសញ្ញាបង្វិលកងចក្រ គឺជាកាយវិការសម្ដែងធម្មចក្រ ។
ធម្មចក្រមុទ្រៈ
វរមុទ្រៈ រូបគង់ឈរ ព្រះហស្តទាំង២លាដាក់ទៅមុខ (ឬគង់ភ្នែន និងលាព្រះហស្តតែម្ខាង) ចង្អុលព្រះហស្តចុះទៅក្រោម គឺជាកាយវិការសប្បុរសធម៌ឬដាក់ទាន ។
វរមុទ្រៈ
វិតកិមុទ្រៈ រូបគង់ឈរ ព្រះហស្តទាំង២លាទៅមុខ បត់ចង្អុលព្រះហស្តកណ្ដាលមកភ្ជាប់នឹងមេដៃ គឺជាកាយវិការបញ្ជាក់ថា អ្វីដែលធ្វើរួចហើយ ធ្វើតទៅទៀតឲ្យរឹតតែមាំមួនឡើង ឬបង្ហាញការត្រិះរិះពិចារណា ។
វិតកិមុទ្រៈ
ក្រៅពីរូបដែលមានកាយវិការទាំងនេះ គេឃើញមានរូបព្រះពុទ្ធគង់ភ្នែនមានរាងកាយស្គាំងស្គម (ព្រះពុទ្ធធ្វើទុក្ករកិរិយា) និងរូបផ្ទុំផ្អៀងទៅខាងស្ដាំ (ព្រះពុទ្ធរូបចូលនិព្វាន) ។
រូបព្រះពុទ្ធចូលនិព្វាន នៅភូមិវប្បធម៌កម្ពុជា ខេត្តសៀមរាប
នៅមានលក្ខណៈពិសេសផ្សេងៗទៀតសម្រាប់សម្គាល់ព្រះពុទ្ធរូបគឺៈ
- គ្រងចីវរទុកស្មាខាងស្ដាំទទេ
- មានសញ្ញាមួយនៅចន្លោះព្រះនេត្រ
- មានពកឬកន្តុបនៅលើព្រះកេស
- មានសក់ច្រើនរួញ ហើយគួចត្របាញ់ដុំៗ
- មានមុខមូលរាងពងក្រពើ
- មានត្រចៀកធំវែងចុះមកក្រោម
- ទឹកមុខញញឹម ។
២. ពោធិសត្វ (ខាងពុទ្ធសាសនាមហាយាន)
លោកេស្វរៈ ជាពោធិសត្វជួយសង្គ្រោះ និងផ្ដល់សុខដល់សត្វលោក ។ គេឆ្លាក់រូបពោធិសត្វលោកេស្វរៈគង់ឈរលើផ្កាឈូក មានព្រះហស្តច្រើន ទ្រង់កេតនភណ្ឌផ្សេងៗដូចជា គម្ពីរ ខ្សែផ្គាំ ដបឬថូ ផ្កាឈូក ជាដើម មានគ្រឿងអលង្ការ ច្រើនមានភ្នួងសក់ធំៗដែលនៅពីលើភ្នួងសក់មានព្រះពុទ្ធរូបមួយ អង្គឈ្មោះ អមិតាតៈ ។
លោកេស្វរៈ ជាពោធិសត្វជួយសង្គ្រោះ និងផ្ដល់សុខដល់សត្វលោក
មញ្ចុស្រីៈ ជាពោធិសត្វខាងតុលាការ គេឆ្លាក់ជារូបមនុស្សកាន់សៀវភៅ១ ព្រះខាន់១ គង់លើសត្វតោ ។
សមន្តភទ្រៈ ជាពោធិសត្វគ្រប់គ្រងខ្មាន់សាសនា ។ គេឆ្លាក់ជារូបមនុស្សគង់លើដំរី ។
មៃត្រេយៈ ជាពោធិសត្វដែលនឹងបានត្រាសជាព្រះពុទ្ធបន្ទាប់ពីព្រះសមណគោតម ។
ក្សិតិគភិៈ ជាពោធិសត្វស្រង់មនុស្សពីនរក ។
វជ្របាណិៈ ជាពោធិសត្វការពារសាសនា គេធ្វើជារូបមនុស្សកាន់រន្ទះ ។
ប្រជ្ញាបារមិតាៈ ជាពោធិសត្វស្រី ជានិមិត្តរូបនៃបញ្ញា ។
ប្រជ្ញាបារមិតាជាពោធិសត្វស្រី ជានិមិត្តរូបនៃបញ្ញា
រូបបដិមាទាំងបីនេះ គេតែងតែឃើញនៅជាមួយគ្នា
គឺព្រះពោធិសត្វអាវាលោកេស្វរៈ ព្រះពុទ្ធ និងប្រាជ្ញាបារមិតា
៣. ព្រហ្ម
លក្ខណៈសម្រាប់សម្គាល់ព្រះព្រហ្មមានៈ
- ព្រះភក្ត្រ៤
- កេតនភណ្ឌៈ ប៉ាន់ឬថូ ថាស ស្លាបព្រារាជពិធី ខ្សែផ្គាំ ។ល។
- យានជំនិះ: សត្វហង្ស
- មហេសីៈ សរស្វតី
- បុត្រ ៣ អង្គៈ ទក្យ ភកិ និង សន្ធិយា
ចម្លាក់ព្រះព្រហ្មនៅក្បាលស្ពាន (ឆ្វេង) និងព្រះព្រហ្មនៅសារមន្ទីរជាតិ (ស្ដាំ)
៤. ឥសូរ ឬ សិវៈ
នៅមុនសម័យអង្គរ គេពុំឃើញមានចម្លាក់ជារូបមនុស្សសម្គាល់ព្រះឥសូរទេ គឺមានតែរូបលិង្គព្រះឥសូរដែលតម្កល់នៅក្នុងប្រាសាទដែលមានរាង រូវដូចតទៅៈ
- ផ្នែកលើមានរាងមូលវែងដូចសរសរ
- ផ្នែកកណ្ដាលមានរាង៦ជ្រុង ឬ ៨ ជ្រុង ជាទម្ររ
- ផ្នែកក្រោមមានរាង៤ជ្រុងស្មើជាទម្ររដែរ ។
គេសង្កេតឃើញថាចម្លាក់រូបលិង្គព្រះឥសូរដែល តម្កល់ក្នុងប្រាសាទមិនមែនសុទ្ធតែតំណាងព្រះឥសូរទេ ដូចជា រូបដែលតម្កល់ក្នុងប្រាសាទភ្នំខ្លះដូចជាប្រាសាទបាខែង បាគង ជាដើម គឺជារូបចម្លាក់សម្រាប់រាជពិធី ។
លុះក្រោយមកទៀត ទើបមានឆ្លាក់ជារូបមនុស្សផ្សេងៗសម្រាប់សម្គាល់ព្រះឥសូរៈ
- រូបដូចឥសីៈ មានភ្នូងសក់ធំ មានខ្សែផ្គាំនៅកឬនៅដៃ ។
- រូបដូចមហាក្សត្រគង់លើបល័ង្ល មានគ្រឿងអលង្ការគ្រប់មុខ ។
- រូបដូចគ្រូរបាំ ។
- រូបមនុស្សមានភ្នូងសក់ លម្អដោយចំណិតព្រះច័ន្ទនៅពីមុខ ។
- រូបមនុស្សភ្នែក ៣: ភ្នែក២ដូចមនុស្សធម្មតា ឯភ្នែកទី៣នៅកណ្ដាលថ្ងាស ។
- រូបមនុស្សមុខមួយដៃ២ ជួនកាលបែងជាមុខ៥ ដៃ១០ ហើយមានកេតនភណ្ឌផ្សេងៗ ត្រីសូល៍ (ច្បូក) ខ្សែផ្គាំ ស្គរ ដប លលាក្បាល ខ្សែមួយចង្វាយ ជាដើម ។
រូបព្រះឥសូរ គេច្រើនឆ្លាក់តែម្នាក់ឯង ឬជួនកាលជាមួយនឹងយានជំនិះគោនន្ទិ ។ សក្តិ (មហេសីអាទិទេព) មាននាមផ្សេងៗ: បរវតី ឧមា ទូរគា កាឡី គោរី កុមារី ទេវី ចន្ទី មហាទេវី ។ ព្រះឥសូរមានបុត្រ២អង្គគឺ ស្គន្ទ (ជាទេវៈតំណាងចម្បាំងមានយានជំនិះជាសត្វក្ងោក) និង គណេស (ជាទេវៈតំណាងបញ្ញាមានពោះកំប៉ោង ដៃ៤ ក្បាលជាសត្វដំរី មានភ្លុកខាងស្ដាំ ឯភ្លុកខាងឆ្វេងបាក់ក្នុងពេលប្រយុទ្ធជាមួយ បរសុរាមៈ ដែលជាអវតារព្រះវិស្ណុ ហើយមានយានជំនិះជាសត្វកណ្ដុរ) ។
៥. នារាយណ៍ ឬ វិស្ណុ
គេច្រើនធ្វើរូបព្រះនារាយណ៍គង់ឈរដោយឆ្លាក់ ជារូបមនុស្សដែលច្រើនតែមានដៃ៤ មានកេតនភណ្ឌផ្សេងៗដូចជា ខ្យងស័ង្ខ មោង ថាស ដុំមូល(ផែនដី) ផ្កាឈូក(និយមនៅឥណ្ឌា) ម្កុដមូលវែង ។
នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត គេប្រទះឃើញរូបព្រះនារាយណ៍ជិះសត្វគ្រុឌ ។ ជួនកាលទៀត គេឆ្លាក់រូបព្រះនារាយណ៍ផ្ទុំលើសត្វពស់ឈ្មោះ សេសៈ នៅកណ្ដាលសមុទ្រមានដើមឈូកដុះចេញពីផ្ចិត ហើយនៅលើផ្កាឈូកមានរូបព្រះព្រហ្ម ។ សក្តិរបស់ព្រះនារាយណ៍មាននាមថា ស្រ៊ី (តំណាងទ្រព្យសម្បត្តិ) ឬ លក្ស្មី (តំណាងសោភណ្ឌនភាព) ព្រះហស្តកាន់ផ្កាឈូក ។ អវតារព្រះនារាយណ៍មានទាំងអស់ ១០ គឺៈ
- អវតារជារូបមនុស្សៈ វាមនៈ បរសុរាមៈ រាម ក្រិស្ណ ព្រះពុទ្ធ
- អវតាររូបជាមនុស្សក្បាលជាសត្វៈ នរសិង្ហ កល្កិន
- អវតាររូបជាសត្វៈ មត្ស្យា កូម៌ វរាហៈ
នៅស្រុកខ្មែរ គេមិនទាន់បានឆ្លាក់រូបអវតារឲ្យបានគ្រប់ទាំងអស់ទេ ។ នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត គេឃើញមាន កូមិ (នៅក្នុងរឿងកូរសមុទ្រទឹកដោះ) រាម (នៅក្នុងរឿងរាមកេរ្តិ៍) ក្រិស្ណ (នៅក្នុងរឿងមហាភាតរៈ) រូបក្រិស្ណមួយទៀតលើកដៃទ្រភ្នំ (ឆ្លាក់ជាក្បាច់លោតនៅវត្តកោះ ខេត្តតាកែវ) រូបកល្កិន (រូបមនុស្សក្បាលសេះ) ។
មត្ស្យា ត្រីដែលបានជួយជីវិតស្ដេចឲ្យរួចពីទឹកជំនន់


កូម៌ អណ្ដើកដែលបានធ្វើជាកំណល់ទ្រភ្នំមន្ទរៈពេលកូរសមុទ្រទឹកដោះ
វរាហៈ ជ្រូកព្រៃដែលបានជួយលោកឲ្យផុតពីការជិះជាន់សង្កត់សង្កិនរបស់ហិរណយក្ស
នរសិង្ហ មនុស្សក្បាលតោដែលបានសម្លាប់យក្សឈ្មោះហិរណកសិបុ


វាមនៈ មនុស្សតឿដែលបានរំដោះលោកដោយសុំដីបីជំហានពីយក្សពាលី
បរសុរាម ព្រះរាមកាន់ពូថៅដែលបានរំដោះពួកព្រាហ្មណ៍ពីពួកក្សត្រិយៈកំណាច
ព្រះរាម តួអង្គក្នុងរឿងរាមាយណៈដែលបានសម្លាប់យក្សឈ្មោះក្រុងរាពណ៍
ក្រឹស្ណ មនុស្សសម្បុរខ្មៅដែលបានសម្រេចស្នាដៃជាច្រើន
ព្រះពុទ្ធ ដែលពួកហិណ្ឌូបញ្ចូលជាអវតារព្រះវិស្ណុដើម្បីអូសទាញពុទ្ធបរិស័ទ
កល្កិន មនុស្សក្បាលសេះដែលនឹងមកដល់ក្នុងអនាគតដើម្បីរៀបចំច្បាប់ទម្លាប់ឡើងវិញ
៦. ហរិហរៈ
នៅស្រុកខ្មែរ គេឆ្លាក់រូបហរិហរៈដំណាងឲ្យអាទិទេពឥសូរផង វិស្ណុផង គេស្គាល់ថាជាឥសូរដោយសារមុខ (នៅចំហៀងខាងស្ដាំរូប) កេតនភណ្ឌ ឬសក់រួញផ្នត់ៗ ។ ឯព្រះវិស្ណុ គេស្គាល់ដោយសារមុខ (នៅចំហៀងខាងឆ្វេងរូប) មានម្កុដមូលវែង ។
ហរិហរៈអាទិទេពតំណាងឥសូរ និងវិស្ណុ
៧. ទេវៈផ្សេងៗទៀត
ក្រៅពីទេវៈសំខាន់ៗដែលបានរៀបរាប់រួចមកហើយនេះនៅមានទេវៈរាយរងជាច្រើនទៀតដូចជាៈ
១. ព្រះចន្ទក៏ដូចព្រះអាទិត្យ: គង់លើរទេះសេះ មានពន្លឺចេញពីខ្លួន ។ បើជាគំនូរ ព្រះអាទិត្យមានរង្វង់ពន្លឺពីខាងក្រោយពណ៌ក្រហម ឯព្រះចន្ទពណ៌ស ។ រីឯចម្លាក់នៅលើថ្ម គេឆ្លាក់ឆូតៗលើរង្វង់ពន្លឺសម្រាប់ព្រះអាទិត្យ និងមិនមានឆូតសម្រាប់ព្រះចន្ទ ។
ព្រះអាទិត្យ ឬព្រះសូរ្យៈ គង់លើរទេះសេះ
ព្រះចន្ទពែនភ្នែនលើបល្ល័ង្ក (ឆ្វេង) និងព្រះចន្ទគង់លើរទេះសេះ (ស្ដាំ)
២. ព្រះយមៈ ឬ ព្រះយមរាជ: ទេវៈតំណាងសេចក្ដីស្លាប់ និងជាទេវៈទទួលខុសត្រូវទិសខាងត្បូង ។ ព្រះយមៈគង់លើសត្វក្របី កាន់មោង ដាវ កាំបិត ពូថៅ ។
ព្រះយមៈ ឬ ព្រះយមរាជគង់លើសត្វក្របី
៣. ព្រះវរុណ ឬ ព្រះពិរុណៈ ទេវៈបង្កើតភ្លៀង និងជាទេវៈទទួលការខុសត្រូវទិសខាងលិច ។ ព្រះវរុណគង់លើសត្វហង្ស ឯកសារខ្លះថា គង់លើសត្វនាគបាំងក្លោះ ។
ព្រះវរុណ ឬ ព្រះពិរុណគង់លើសត្វហង្ស
៤. ព្រះឥន្ទ្រៈ ជាស្ដេចនៃទេវលោក ជាទេវៈបង្កើតផ្គររន្ទះ និងជាទេវៈទទួលការខុសត្រូវទិសខាងកើត ។ ព្រះឥន្ទ្រគង់លើសត្វដំរីឰរាវ័ណក្បាល៣ កាន់វជ្រៈ ពូថៅ ថាស កង្វេរដំរី ។
៥. ព្រះកុវេរៈ ទេវៈតំណាងទ្រព្យសម្បត្តិ និងជាទេវៈទទួលការខុសត្រូវទិសខាងជើង ។ ព្រះកុវេរៈគង់លើសត្វសេះ ។
ព្រះកុវេរៈគង់លើសត្វសេះ
៦. ព្រះអគ្និ ឬ ព្រះអគ្គីៈ ទេវៈតំណាងភ្លើង គង់លើសត្វពពែ (ឯកសារខ្លះថា គង់លើសត្វចៀម) កាន់ពូថៅ ភ្លើងចន្លុះ ផ្លិត ។
ព្រះអគ្និ ឬ ព្រះអគ្គីគង់លើសត្វពពែ
៧. រាហូៈ ទេវៈបង្កើតគ្រាស មានដងខ្លួនខាងក្រោមកប់ក្នុងពពក ។
រាហូមានដងខ្លួនខាងក្រោមកប់ក្នុងពពក
៨. កេតុៈ ទេវៈបង្កើតផ្កាយដុះកន្ទុយ គង់លើសត្វតោ ។
ចំពោះទេព្ដា និងទេពអប្សរនៅក្នុងសិល្បៈខ្មែរ គេច្រើនតែឆ្លាក់ជារូបដែលមានកាយវិការហោះហើរលើអាកាសជាអ្នករាំ ឬកាន់បាច់ផ្កា ។
គេមានធ្វើរូបទ្វារបាលនៅអមសងខាងទ្វារប្រាសាទដោយមានកាន់អាវុធផង ។
៨. សត្វ
- សត្វដែលជាយានជំនិះរបស់អាទិទេពៈ គនន្ទិ ហង្ស គ្រុឌ ។ល។
- សត្វដែលមានភារៈថែរក្សាប្រាសាទ ឬសម្រាប់លម្អប្រាសាទមានៈ នាគ ម្ករ រាហ៊ូ សិង្ហ ដំរី ស្វា ។ល។
៩. ផ្កា ភ្ញី ក្បាច់ផ្សេងៗ
ក្បាច់ផ្កាភ្ញី ស្លឹកឈើ និងក្បាច់ផ្សេងៗ គេច្រើនឆ្លាក់នៅលើផ្ដែរ សរសរពេជ្រ និងជញ្ជាំងសម្រាប់លម្អប្រាសាទ ។
១០. រឿង
ចម្លាក់រឿងមានឆ្លាក់នៅតាមជញ្ជាំងដូចជា ជញ្ជាំងប្រាសាទអង្គរវត្តជាដើម មានចម្លាក់ដកស្រង់ពីរឿងរាមកេរ្តិ៍ (រាមាយណៈខ្មែរ) រឿងមហាភាតរៈ រឿងរាមាយណៈ (ត្រង់រឿងកូរសមុទ្រទឹកដោះដើម្បីបង្កើតទឹកអម្រឹត) ជាដើម ។ នៅជញ្ជាំងប្រាសាទបាយ័នមានចម្លាក់រឿងប្រវត្តិសាស្ត្រដូចជា ចម្បាំងរវាងខ្មែរ និងចាម រឿងជីវភាពរស់នៅពិតប្រាកដរបស់អ្នកស្រុកដូចជា ការបរបាញ់ ការនេសាទត្រី ការលក់ដូរ ល្បែងកំសាន្តមានប្រជល់មាន់ ប្រជល់ជ្រូក ជាដើម ៕
ចម្លាក់ព្រហ្មនៅប្រាសាទបាយ័ន្ត
ចម្លាក់លិង្គព្រះឥសូរ នៅពីលើយោនីនាងឧមាមហេសីព្រះឥសូរ
ចម្លាក់ព្រះនារាយណ៍ នៅប្រាសាទអង្គរវត្ត
ចម្លាក់ទ្វារបាល នៅប្រាសាទបាពួន
ចម្លាក់នាគ នៅផ្លូវចូលទៅកាន់ប្រាសាទបាគង
ចម្លាក់សត្វប្រភេទផ្សេងៗនៅប្រាសាទបាយ័ន
ចម្លាក់គ្រុឌ និងក្បាលនាគ នៅប្រាសាទព្រះខ័ន
ចម្លាក់ផ្កា ភ្ញី នៅប្រាសាទធម្មនន្ទ
ចម្លាក់ផ្កា ភ្ញី លើទ្វារបញ្ឆោតនៃប្រាសាទមេបុណ្យខាងកើត
ចម្លាក់ផ្កា ភ្ញី នៅលើសរសរពេជ្រ និងផ្ដែរ នៃប្រាសាទតោ សំបូរព្រៃគុក
ចម្លាក់ផ្កា ភ្ញី តុបតែងលម្អអប្សរនៅប្រាសាទធម្មនន្ទ
ចម្លាក់កូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត
ចម្លាក់សៀករហសកម្មនៅប្រាសាទបាយ័ន្ត
ប្រភពអត្ថបទៈ មេរៀនមុខវិជ្ជាអរិយធម៌ របស់អ្នកគ្រូ តាំង ជួន វិទ្យាល័យមង្គលបូរី ប.ជ
✍️ចងក្រងដោយ៖ ឈូកខ្មែរ




