មាឃបូជា

យល់ដឹងបុណ្យមាឃបូជា

ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង ដែលរួមមានៈ
🔸ទី១ ការធ្វើចតុរង្គសន្និបាត
🔸ទី២ ព្រះពុទ្ធ សម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ
🔸ទី៣ ព្រះពុទ្ធ ដាក់អាយុសង្ខារ។

👉ព្រឹត្តិការណ៍ទាំង៣នេះ កើតក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែមាឃ ដូចគ្នា។

ចតុរង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គឬហេតុ៤យ៉ាង។ អង្គឬហេតុទាំង៤ ដែលកើតឡើងក្នុងថ្ងៃជួបជុំនោះ គឺៈ
🔸ទី១ ជាថ្ងៃឧបោសថ ដែលមានព្រះចន្ទពេញវង់ល្អ
🔸ទី២ ជាថ្ងៃ ដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន
🔸ទី៣ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាព្រះអរហន្ត និង
🔸ទី៤ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាឯហិភិក្ខុ។

ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធ ហើយក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះ មានតែម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ។

រីឯ ការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឲ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នា ជាដើម។

ក្រោយសម្តែងឱវាទបាតិមោក្ខរួចហើយ ព្រះពុទ្ធ ក៏ប្រកាសតែងតាំងភិក្ខុ២អង្គ ជាអគ្គសាវ័កកំពូលលើសភិក្ខុទាំងឡាយ។ ភិក្ខុទាំង២អង្គនោះគឺ ព្រះសារីបុត្ត ជាអគ្គសាវ័កស្តាំ ដែលមានបញ្ញាលើសគេ និងព្រះមហាមោគ្គល្លាន ជាអគ្គសាវ័កឆ្វេង ដែលមានឫទ្ធិលើសគេ។

ចំណែក ការដាក់អាយុសង្ខារ គឺព្រះពុទ្ធ កំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គ នឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការចាប់បដិសន្ធិជាថ្មីឡើយ។ រយៈពេល៣ខែក្រោយ ព្រះអង្គ ក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម៨០ព្រះវស្សា។

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

💡 យល់ដឹង!

💡នំអន្សម
💡បុណ្យចូលព្រះវស្សា
💡មាឃបូជា
💡រដូវខ្មែរ
💡វិសាខបូជា

🫅 ប្រាសាទខ្មែរ

🫅គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ
🫅ប្រភេទចម្លាក់ខ្មែរ
🫅ប្រភេទប្រាសាទ
🫅ផ្ទាំង​ចម្លាក់​ទេព​ប្រាំបួន​អង្គ
🫅រចនាសម្ព័ន្ធប្រាសាទ
🫅វិវត្តន៍ចម្លាក់ខ្មែរ
🫅សំណង់ប្រាសាទខ្មែរ