| វិសុទ្ធសីលា សុវិសុទ្ធបញ្ញា | សមាហិតា ជាគរិយានុយុត្តា |
| វិបស្សកា ធម្មវិសេសទស្សី | មគ្គង្គពោជ្ឈង្គគតេ វិជញ្ញា។ |
ពួកព្រះបច្ចេកពុទ្ធ មានសីលបរិសុទ្ធ មានប្រាជ្ញាបរិសុទ្ធល្អ មានចិត្ដតម្កល់មាំ ប្រកបរឿយៗ នូវព្យាយាមជាគ្រឿងភ្ញាក់រឭក អ្នកពិចារណានូវសង្ខារ ឃើញនូវធម៌ដ៏វិសេស ដឹងច្បាស់នូវធម៌ដែលជាអង្គនៃមគ្គនិងពោជ្ឈង្គៈ។
| សុញ្ញប្បណិធិញ្ច តថានិមិត្តំ | អាសេវយិត្វា ជិនសាសនម្ហិ |
| យេ សាវកត្តំ ន វជន្តិ ធីរា | ភវន្តិ បច្ចេកជិនា សយម្ភូ។ |
ពួកជនជាអ្នកប្រាជ្ញណា ចម្រើននូវសុញ្ញតវិមោក្ខ អប្បណិហិតវិមោក្ខ និងអនិមិត្ដវិមោក្ខ ក្នុងសាសនានៃព្រះជិនស្រីហើយ តែមិនសម្រេចនូវភាពជាសាវ័កទេ ពួកជនជាអ្នកប្រាជ្ញនោះ គង់បានជាព្រះបច្ចេកពុទ្ធត្រាស់ដឹងឯង។
| មហន្តធម្មា ពហុធម្មកាយា | ចិត្តិស្សរា សព្វទុក្ខោឃតិណ្ណា |
| ឧទគ្គចិត្តា បរមត្ថទស្សី | សីហោបមា ខគ្គវិសាណកប្បា។ |
ពួកជននោះ ជាអ្នកមានធម៌ដ៏ច្រើន មានធម្មកាយដ៏សម្បូណ៌ មានចិត្ដជាធំ ឆ្លងនូវទុក្ខនិងឱឃៈទាំងពួង មានចិត្ដខ្ពង់ខ្ពស់ផុត ជាអ្នកឃើញនូវប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិព្វាន មានឧបមាដូចសីហៈ (តែងប្រព្រឹត្ដតែម្នាក់ឯង) ដូចកុយរមាស។
| សន្តិន្ទិ្រយា សន្តមនា សមាធី | បច្ចន្តសត្តេសុ បតិប្បចារា |
| ទីបា បរត្ថ ឥធ វិជ្ជលន្តា | បច្ចេកពុទ្ធា សត្តហិតាមេ។ |
ព្រះបច្ចេកពុទ្ធទាំងឡាយ ជាបុគ្គលមានឥន្ទ្រិយស្ងប់ មានចិត្ដស្ងប់ស្ងាត់ មានចិត្តជាសមាធិ ប្រព្រឹត្តដោយប្រាជ្ញាចំពោះសត្វ ក្នុងទីបំផុតដែន ដូចប្រទីបឆ្លុះបំភ្លឺក្នុងលោកខាងមុខ និងលោកនេះ ជាអ្នកប្រតិបត្តិដើម្បីប្រយោជន៍ដល់ពួកសត្វ។
| បច្ចេកពុទ្ធាន សុភាសិតានិ | ចរន្តិ លោកម្ហិ សទេវកម្ហិ |
| សុត្វា តថា យេ ន ករោន្តិ ពាលា | វជ្ជន្តិ ទុក្ខេសុ បុនប្បុនន្តេ។ |
សុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ រមែងប្រព្រឹត្ដ ទៅក្នុងមនុស្សលោក ព្រមទាំងទេវលោក ពួកជនពាលណា ស្ដាប់ហើយ តែមិនបានធ្វើតាមសុភាសិត មានសភាពដូច្នោះទេ ពួកជនពាលនោះឯង រមែងធ្លាក់ទៅរងទុក្ខទាំងឡាយរឿយៗ។
| បច្ចេកពុទ្ធាន សុភាសិតានិ | មធុំ យថា ខុទ្ទមិវស្សវន្តំ |
| សុត្វា តថា យេ បដិបត្តិយុត្តា | ភវន្តិ សច្ចទសា សបញ្ញា។ |
សុភាសិតរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ ផ្អែមល្ហែមដូចទឹកឃ្មុំផ្លិត ដែលហូរចុះ ពួកជនណា បានស្ដាប់ហើយ ប្រកបនូវសេចក្ដីប្រតិបត្ដិតាមយ៉ាងនោះ ពួកជននោះ ប្រកបដោយប្រាជ្ញា រមែងឃើញនូវសច្ចធម៌។
| បច្ចេកពុទ្ធេហិ ជិនេហិ ភាសិតា | គាថា ឧឡារា អភិនិក្ខមិត្វា |
| តា សក្យសីហេន នរុត្តមេន | បកាសិតា ធម្មវិជាននត្ថំ។ |
គាថាដ៏ខ្ពង់ខ្ពស់ណា ដែលព្រះបច្ចេកពុទ្ធទាំងឡាយ ជាអ្នកឈ្នះកិលេស សម្ដែងហើយនោះ ព្រះសម្ពុទ្ធជាសីហៈក្នុងសក្យវង្ស ទ្រង់ខ្ពង់ខ្ពស់ជាងជន ទ្រង់ចេញបព្វជ្ជាហើយ បានប្រកាសទុក ដើម្បីការដឹងច្បាស់នូវធម៌។
| លោកានុកម្បាយ ឥមានិ តេសំ | បច្ចេកពុទ្ធាន វិកុព្វិតានិ |
| សំវេគសង្គមតិវឌ្ឍនត្ថំ | សយម្ភុសីហេន បកាសិតានិ។ |
សុភាសិតទាំងនេះ ដែលព្រះបច្ចេកពុទ្ធទាំងនោះសម្ដែងផ្សេងៗគ្នា ដើម្បីអនុគ្រោះដល់សត្វលោក ព្រះសយម្ភូដូចជាសីហៈ ទ្រង់ប្រកាសទុកហើយ ដើម្បីញ៉ាំងសំវេគធម៌ សង្គហធម៌ និងឧបាយប្រាជ្ញា ឲ្យចម្រើនឡើង។
អភិសម្ពុទ្ធគាថា ចប់។
[អភិសម្ពុទ្ធគាថាទាំងនេះ ស្រង់ចាកអបទាន បិ.៧២ ទំ.៣១-៣៣ ឃ.២។]
👉ប្រភពៈ បច្ចេកពុទ្ធសំយុត្តកថា
