១១. នាយកាលៈ

លោកវគ្គ

មាន១១រឿង – ១១គាថា

☸️១១. រឿង នាយកាលៈ

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវបុត្រឣនាថបិណ្ឌិកសេដ្ឋី ឈ្មោះកាលៈ ជាឣ្នកមិច្ឆាទិដ្ឋិ មិនព្រមដើរតាមគន្លងរបស់សេដ្ឋី ជាបិតា របស់ខ្លួនឡើយ ។ ឣនាថបិណ្ឌិកសេដ្ឋី ចង់ឲ្យកូនមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ខ្លាំងណាស់ បានលួងលោមកូន ដោយទ្រព្យថា “នែកូនសំឡាញ់ សូមកូនរក្សាសីល ស្តាប់ព្រះធម៌ទេសនា បិតានឹងឲ្យទ្រព្យមួយពាន់កហាបណៈ ដល់ឣ្នក” ។ នាយកាលៈ ចង់បានទ្រព្យ ខ្លាំងពេក ក៏យល់ព្រមតាមបិតា លុះដល់ពេលទៅវត្តហើយ ទើបបានទៅជាមួយនឹងគេដែរ តែគាត់មិនបានទៅស្តាប់ធម៌ទេសនា រក្សាឧបោសថសីល ដូចគេឯងឡើយ បានលបចូលទៅដេក ពួនសម្ងំ ក្នុងទីស្ងាត់មួយ លុះដល់ពេលព្រឹកឡើង ទើបបានវិលត្រឡប់មកផ្ទះវិញ ។

លោកសេដ្ឋី ឃើញកូនត្រឡប់មកពីវត្តវិញ មានចិត្តត្រេកឣរ ខ្លាំងណាស់ ហើយបានឲ្យទ្រព្យមួយពាន់កហាបណៈ ដល់កូន, លុះស្អែកឡើង លោកសេដ្ឋី លួងលោមកូន ថា “បើកូនទៅវត្ត ស្តាប់ធម៌ទេសនាហើយ ចាំធម៌បានមួយបទ បិតា នឹងឲ្យទ្រព្យដល់កូន មួយពាន់កហាបណៈទៀត” ។ នាយកាលៈ យល់ព្រមហើយបានដើរទៅវត្ត គិតក្នុងចិត្ត ថា “បើឣាត្មាឣញ ចាំធម៌ទេសនា បានមួយបទហើយ ឣាត្មាឣញ នឹងត្រឡប់មកផ្ទះវិញ” ។

ព្រះសាស្តា ទ្រង់ជ្រាបរឿងនោះហើយ ទ្រង់ធ្វើមិនឲ្យនាយ កាលៈនោះ ចាំធម៌បាន ។ នាយកាលៈ បានយកចិត្តទុកដាក់ស្តាប់នូវព្រះធម៌ទេសានា ដោយសេចក្តីគោរព ហើយបានសម្រេចសោតាបត្តិផល ក្នុងរាត្រីនោះឯង, លុះដល់ព្រឹកឡើង ក៏បានត្រឡប់ទៅផ្ទះជាមួយភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។

លោកសេដ្ឋី បានថ្វាយភត្តាហារ ដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ស្រេចហើយបានយកទ្រព្យមួយពាន់កហាបណៈ មកឲ្យនាយកាលៈ ក្នុងទីចំពោះព្រះភក្ត្រព្រះសាស្តា ។ នាយកាលៈ មានការខ្មាសឣៀន មិនហ៊ានទទួលយកទ្រព្យមួយពាន់កហាបណៈ ឣំពីលោកសេដ្ឋីជាបិតាឡើយ ។ ឣនាថបិណ្ឌិកសេដ្ឋី បានក្រាបទូលរឿងនេះ ដល់ព្រះសាស្តា តាំងតែពីដើម រហូតដល់ថ្ងៃនេះ ។

ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖

១១.ន វេ កទរិយា ទេវលោកំ វជន្តិពាលា ហវេ នប្បសំសន្តិ ទានំ
ធីរោ ច ទានំ អនុមោទមានោតេនេវ សោ ហោតិ សុខី បរត្ថ ។

👉បុគ្គលកំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ​ ជនពាលទាំងឡាយ​ មិនសរសើរទាន​ឡើយ​ ចំណែក​អ្នក​ប្រាជ្ញ​តែងអនុមោទនាទាន​ ព្រោះហេតុនោះ​ លោកតែងបានសេចក្ដីសុខក្នុងលោកខាងមុខ ។​

ចប់លោកវគ្គ ទី ១៣

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១៣-លោកវគ្គរឿង

📜១. ទហរភិក្ខុ
📜២. ព្រះបាទសុទ្ធោទនៈ
📜៣. វិបស្សកភិក្ខុ
📜៤. ឣភ័យរាជកុមារ
📜៥. ព្រះសម្មជ្ជនត្ថេរ
📜៦. ព្រះឣង្គុលិមាលត្ថេរ
📜៧. ធីតាជាងតម្បាញ
📜៨. ភិក្ខុសាមសិបរូប
📜៩. នាងចិញ្ចមាណវិកា
📜១០. ឣសទិសទាន
📜១១. នាយកាលៈ