១២. ភិក្ខុទេវទត្តឣំពើឣាក្រក់

យមកវគ្គ

មាន១៤រឿង – ២០គាថា

☸️១២. រឿង ភិក្ខុទេវទត្ត “ឣំពើឣាក្រក់”

👉ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុទេវទត្ត ចាប់តាំងឣំពីពេលដែលភិក្ខុទេវទត្ត ចូលមកបួសហើយ បានប្រព្រឹត្តធ្វើនូវឣំពើឣាក្រក់លាមក មានប្រការផ្សេងៗ ដូចមានតទៅនេះ គឺ ៖

  1. បានបបួលព្រះរាជកុមារឣជាតសត្រូវ ឲ្យទៅសម្លាប់ព្រះបាទ ពិម្ពិសារ ដែលត្រូវជាព្រះរាជបិតិា របស់ទ្រង់ ។
  2. បានបញ្ជូនមនុស្ស ឲ្យទៅសម្លាប់ព្រះបរមសាស្តា តែពួក មនុស្សទាំងនោះ បានស្តាប់ព្រះធម៌ទេសនា របស់ព្រះឣង្គហើយ ក៏បានសម្រេចនូវព្រះសោតាបត្តិផល គ្រប់ៗ គ្នា ។
  3. បានឡើងទៅ លើកំពូលភ្នំគិជ្ឈកូដហើយ ទម្លាក់ដុំថ្ម ចុះមក បានធ្វើលោហិតុប្បាទ ដល់ព្រះសាស្តា ។
  4. បានលែងដំរីនាឡាគិរី ដែលចុះប្រេង ឲ្យទៅធ្វើឣន្តរាយ ដល់ព្រះសាស្តា តែមិនបានសម្រេចដូចគោលបំណងឡើយ ។
  5. បានប្រមូលពួកភិក្ខុ ៥០០ រូប ធ្វើសង្ឃភេទ គឺបំបែកសង្ឃ ។

ចំណេរកាលក្រោយមក ភិក្ខុទេវទត្ត មានជម្ងឺយ៉ាងធ្ងន់ ឣស់ រយៈពេល ៩ ខែ, ទីបំផុត ភិក្ខុទេវទត្ត បានដឹងទោសកំហុសរបស់ខ្លួនហើយ មានសេចក្តីប្រាថ្នាចង់ទៅក្រាបថ្វាយបង្គំ សុំខមាទោសចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ បានឲ្យកូនសិស្សសែងទៅ គាល់ព្រះ ឣង្គ, ពេលដែលកូនសិស្សសែងទៅដល់មាត់ស្រះ ក្បែរវត្តជេតពនបានប្រាប់ឲ្យកូនសិស្សដាក់ចុះសិន ។ នៅពេលដែលភិក្ខុទេវទត្តដាក់ជើងចុះដល់ផែនដីភ្លាមនោះ ព្រះធរណី ក៏បានស្រូបយកភិក្ខុទេវទត្តលិចចូលបាត់ទៅ ក្នុងថ្ងៃនោះឯង ។

ភិក្ខុទាំងឡាយ បានក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ភិក្ខុទេវទត្ត បានធ្វើបាបកម្ម ដ៏ធន់យ៉ាងនះ តើនឹងទៅកើតនៅក្នុងទីណាដែរ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុទេវទត្ត នឹងទៅកើត នៅក្នុងឣវិចីនរក” ហើយទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

១៧.ឥធ  តប្បតិ  បេច្ច  តប្បតិបាបការី ​​ ឧភយត្ថ  តប្បតិ
បាបំ  មេ  កតន្តិ  តប្បតិភិយ្យោ  តប្បតិ  ទុគ្គតិំ  គតោ ។

👉បុគ្គលឣ្នកធ្វើឣំពើបាប រមែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺ ក្តៅក្រហាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលឣ្នកធ្វើឣំពើបាបនោះ រមែងក្តៅក្រហាយ ដោយនឹកឃើញថា បាបឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ រឹងរឹតតែក្តៅក្រហាយក្រៃលែង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០១-យមកវគ្គរឿង

📜១. ព្រះចក្ខុបាលត្ថេរ
📜២. មដ្ឋកុណ្ឌលី
📜៣. ព្រះតិស្សត្ថេរ
📜៤. នាងកាលីយក្ខិនី
📜៥. ពួកភិក្ខុកោសម្ពី
📜៦. ព្រះចុល្លកាល មហាកាល
📜៧. ភិក្ខុទេវទត្ត
📜៨. សញ្ជ័យបរិព្វាជក
📜៩. ព្រះនន្ទត្ថេរ
📜១០. នាយចុន្ទសូករិក
📜១១. ធម្មិកឧបាសក
📜១២. ភិក្ខុទេវទត្តឣំពើឣាក្រក់
📜១៣. នាងសុមនាទេវី
📜១៤. ទ្វេសហាយកភិក្ខុ