១២. សុមនសាមណេរ

ភិក្ខុវគ្គ

មាន១២រឿង – ២៣គាថា

☸️១២. រឿង សុមនសាមណេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសុមនសាមណេរ ដែលមានឣាយុ ៧ ឆ្នាំ ជាសិស្សរបស់ព្រះឣនុរុទ្ធត្ថេរ, សុមនសាមណេរ បានសម្រេចឣរហត្តផល នៅក្នុងពេលកំពុងកោរសក់ ដើម្បីនឹងបព្វជ្ជា ។ កាលបើសុមនសាមណេរ បួសហើយ, ព្រះឣនុរុទ្ធ បាននាំទៅគាល់ព្រះសាស្តា នៅវត្តបុព្វារាម ពេលទៅដល់វត្តហើយ ព្រះថេរៈ មិនបានចូលទៅគាល់ព្រះសាស្តាភ្លាមនោះទេ ។

ភិក្ខុទាំងឡាយ បានឃើញសាមណេរហើយ ក៏ចាប់ក្បាលលេងខ្លះ ចាប់ច្រមុះលេងខ្លះ ចាប់ដៃលេងខ្លះ ហើយនិយាយលេងជាមួយ ដោយប្រការផ្សេងៗ ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញ នូវកិរិយារបស់ភិក្ខុទាំងនោះហើយ ទ្រង់មានព្រះទ័យសម្តែងគុណ របស់សុមនសាមណេរ ឲ្យប្រាកដ ទើបត្រាស់ហៅព្រះឣានន្ទ មកហើយត្រាស់ឲ្យព្រះឣានន្ទ ប្រើសាមណេរ ដែលឣាចទៅដងទឹកអំពីឣនោតត្តស្រះមក ដើម្បីព្រះឣង្គលាងព្រះបាទ ។

ព្រះឣានន្ទ បានហៅសាមណេរទាំងឡាយ មកប្រជុំគ្នាហើយ សួរ ទៅតាមលំដាប់, តែមិនមានសាមណេរណាមួយ ដែលហ៊ានទៅដងទឹក ឣំពីឣនោតត្តស្រះបានទេ, កាលបើព្រះឣានន្ទត្ថេរ សួរទៅ ដល់សុមនសាមណេរហើយ, សុមនសាមណេរ ក៏បានទទួល ដើម្បីទៅដងទឹក មកថ្វាយព្រះសាស្តា ហើយយកក្អមដាក់លើស្មា ហោះសំដៅទៅ កាន់ហិមវន្តប្រទេស ដងទឹក ក្នុងឣនោតត្តស្រះ មកថ្វាយព្រះសាស្តា ក្នុងគ្រានោះឯង ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់សរសើរ នូវសុមនសាមណេរ ដោយប្រការផ្សេងៗ ហើយទ្រង់បានប្រទានឧបសម្បទា ថា “ឣ្នកចូរមកជាភិក្ខុ ចាប់តាំងតែពីថ្ងៃនេះតទៅ” ។

ភិក្ខុទាំងឡាយ បានសរសើរនូវគុណសម្បត្តិ របស់សុមនសាមណេរ ។

ព្រះសាស្តាចារ្យបរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

២៣.យោ ហវេ ទហរោ ភិក្ខុយុញ្ជតិ ពុទ្ធសាសនេ
សោមំ លោកំ បភាសេតិអព្ភា មុត្តោវ ចន្ទិមា ។

👉ភិក្ខុណា​ នៅកំលោះ ប្រឹងប្រែងក្នុងព្រះពុទ្ធសាសនា​ ភិក្ខុនោះ​ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាង​បាន​ ដូច​ព្រះ​ចន្ទ​ដែល​រះផុតអំពីពពក ។

ចប់ភិក្ខុវគ្គ ទី ២៥

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៥-ភិក្ខុវគ្គរឿង

📜១. បញ្ចភិក្ខុ
📜២. ភិក្ខុសម្លាប់ហង្ស
📜៣. កោកាលិកភិក្ខុ
📜៤. ព្រះធម្មារាមត្ថេរ
📜៥. ឣញ្ញត្រវិបក្ខកភិក្ខុ
📜៦. បញ្ចគ្គទាយកព្រាហ្មណ៍
📜៧. សម្ពហុលភិក្ខុ
📜៨. ភិក្ខុប្រាំរយរូប
📜៩. ព្រះសន្តកាយត្ថេរ
📜១០. ព្រះនង្គលកូដត្ថេរ
📜១១. ព្រះវក្កលិត្ថេរ
📜១២. សុមនសាមណេរ