បិយវគ្គ
មាន៩រឿង – ១២គាថា
☸️១. រឿង តយោបព្វជិត
ព្រះបរមសាស្តាទ្រង់ប្រារឰនូវបព្វជិត ៣ រូប ។ មានរឿងមក ថា ៖ ត្រកូលមួយ មានគ្នា ៣ នាក់ គឺ ម្តាយ កូន និង ឪពុក ។ កូនជាឣ្នកមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានសុំមាតាបិតាទៅបួស, តែមាតាបិតា មិនព្រមឣនុញ្ញាត ឲ្យកូនទៅបួសទេ ។ លុះបានឱកាសល្អហើយ កូននោះ ក៏បានលួចរត់ចេញទៅបួស ។ បិតា បានទៅតាមរកកូន លុះឃើញកូនបួសហើយ ពុំដឹងធ្វើដូចម្តេច ក៏បានទៅបួសជា មួយនឹងកូនព្រោះមានសេចក្តីស្រឡាញ់កូនខ្លាំងពេក ។ ចំណែកម្តាយ បានដឹងថា កូន និង ស្វាមី បានចេញទៅបួសហើយ ក៏ចូលទៅបួស ក្នុងសំណាក់នៃនាងភិក្ខុនីផងដែរ ។ លុះឣ្នកទាំង ៣ នាក់នោះ បួសហើយ ពុំបានធ្វើអ្វីទេ ឣង្គុយនិយាយគ្នាតែម៉្យាង ថែមទាំងមិនឣាចនៅបែកពីគ្នាបានឡើយ ។
ព្រះសាស្តា ទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ត្រាស់បញ្ជា ឲ្យភិក្ខុ ទៅហៅបព្វជិតទាំង ៣ រូបនោះ មកសួររឿងពិត ហើយទ្រង់ត្រាស់ នូវព្រះ គាថានេះ ថា ៖
| ១. | អយោគេ យុញ្ជមត្តានំ | យោគស្មិញ្ច អយោជយំ |
| អត្ថំ ហិត្វា បិយគ្គាហី | បិហេតត្តានុយោគិនំ ។ |
👉បុគ្គលកាលប្រកបខ្លួនទុក ក្នុងអំពើដែលមិនគួរប្រកប មិនប្រកបខ្លួនក្នុងអំពើដែលគួរប្រកប លះបង់ប្រយោជន៍ចេញហើយ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់បុគ្គលអ្នកប្រកបតាមខ្លួន ។
| ២. | មា បិយេហិ សមាគញ្ឆិ | អប្បិយេហិ កុទាចនំ |
| បិយានំ អទស្សនំ ទុក្ខំ | អប្បិយានញ្ច ទស្សនំ ។ |
👉កុំគប់រកសត្វនិងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ក្នុងកាលណាៗ ឡើយ ព្រោះថាការមិនចួបប្រសព្វសត្វ និងសង្ខារជាទីស្រឡាញ់ក្ដី ការចួបប្រសព្វសត្វ និងសង្ខារមិនជាទីស្រឡាញ់ក្ដី ជាហេតុនាំមកនូវសេចក្តីទុក្ខ ។
| ៣. | តស្មា បិយំ ន កយិរាថ | បិយាបាយោ ហិ បាបកោ |
| គន្ថា តេសំ ន វិជ្ជន្តិ | យេសំ នត្ថិ បិយាបិយំ ។ |
👉ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ និងសង្ខារឲ្យជាទីស្រឡាញ់ ព្រោះការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាសភាពអាក្រក់ ការស្រឡាញ់និងការស្អប់ មិនមានដល់ពួកជនណា កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ តែងមិនមានដល់ពួកជននោះ ។
