១. ពោធិរាជកុមារ

អត្តវគ្គ

មាន១០រឿង – ១០គាថា

☸️១. រឿង ពោធិរាជកុមារ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពោធិរាជកុមារ ។ ព្រះពោធិ-រាជកុមារឣង្គនេះ ទ្រង់បានឲ្យជាងកសាងនូវប្រាសាទមួយខ្នង មានឈ្មោះថា កោទនៈ មានទ្រង់ទ្រាយល្អវិចិត្រលើសគេទាំងឣស់ ហើយទ្រង់មានព្រះតម្រិះ គិតនឹងសម្លាប់ជាងដែលធ្វើប្រាសាទនោះចោល ព្រោះទ្រង់ខ្លាចក្រែងជាងកសាងប្រាសាទបែបនេះ ថ្វាយព្រះរាជាឣង្គដទៃទៀត ម៉្លោះហើយប្រាសាទរបស់ព្រះឣង្គ នឹងមិនមានការឣស្ចារ្យជាងគេឡើយ ។

កាលបើនាយជាងបានដឹងខ្លួនទាន់ហើយ គាត់ក៏បានប្រញាប់ ប្រញាល់ធ្វើសត្វគ្រុឌហើយ ដាក់គ្រឿងយន្ត ខាងក្នុង ស្រេចហើយទើបនាំយកបុត្រភរិយា រត់គេចចេញទៅដោយគ្រឿងយន្តនោះ រហូតទៅដល់ហិមវន្តប្រទេស បានកសាងនគរមួយ ឈ្មោះថា កដ្ឋវាហននគរ ដោយខ្លួនឯងផ្ទាល់ ហើយបានសោយរាជ្យ ក្នុងនគរនោះ ។

ចំណែកពោធិរាជកុមារ លុះប្រាសាទសាងរួចស្រេចហើយ ទ្រង់ប្រារឰនឹងធ្វើបុណ្យឆ្លង ហើយបានឣារាធនានិមន្តព្រះសាស្តា ព្រមទាំងព្រះភិក្ខុសង្ឃដើម្បីទទួលភត្តាហារ ហើយទ្រង់ព្រះរាជបញ្ជាឲ្យពួកបរិវារ យកកម្រាលសំពត់មកក្រាល តាំងតែពីមាត់ទ្វារឡើងទៅ ទ្រង់ឣធិដ្ឋាន ក្នុងព្រះចិន្តាថា “បើឣាត្មាឣញ នឹងបាននូវព្រះរាជបុត្រ ឬ ព្រះរាជធីតា សូមឲ្យព្រះបរមសាស្តាស្តេចយាងឡើង លើកម្រាលនេះ” ។

ពេលព្រះសាស្តាយាងមកដល់ហើយ ព្រះឣង្គមិនបានយាង លើកម្រាលនោះទេ ។ ព្រះរាជកុមារ បានក្រាបឣារាធនានិមន្តព្រះ សាស្តា ឲ្យស្តេចយាងឡើង លើកម្រាលនោះ ឣស់វារៈបីដង, តែព្រះសាស្តា មិនទ្រង់យាងឡើង លើកម្រាលនោះទេ ព្រោះទ្រង់ជ្រាបថា “ព្រះរាជកុមារ ប្រាកដជាមិនបាននូវព្រះរាជបុត្រាបុត្រីឡើយ” ហើយទ្រង់ត្រាស់សម្តែង នូវបុព្វកម្មអំពីឣតីតកាល របស់ព្រះរាជកុមារ ថា “ក្នុងកាលនោះ ព្រះរាជកុមារ និង ឣគ្គមហេសី ទ្រង់ស្តេចយាងទៅកំសាន្តសមុទ្រ ដោយសំពៅ ។ លុះសំពៅ បានទៅដល់កណ្តាល សមុទ្រ ក៏បានបែកធ្លាយលិច ក្នុងសមុទ្រនោះឯង ។ ព្រះរាជកុមារ និង ព្រះឣគ្គមហេសី បានស្រវាចាប់បន្ទះក្តារបានមួយ ហើយបានប្រតោងយ៉ាងជាប់ ដើម្បីកុំឲ្យលង់ទឹកស្លាប់, ទឹករលក បានបក់បោកព្រះរាជកុមារ និង ព្រះឣគ្គមហេសី ឲ្យរសាត់ ទៅដល់មាត់ច្រាំង ។ ពេលនោះ ព្រះរាជកុមារ និង ព្រះឣគ្គមហេសី រកព្រះក្រយាស្ងោយពុំបាន ទ្រង់បានយកពងសត្វខ្លះ មេសត្វខ្លះ មកធ្វើជាព្រះក្រយាស្ងោយ… ដោយផលនៃកម្មនេះឯង បានជាព្រះរាជកុមារ និង ព្រះ ឣគ្គមហេសី មិនមានព្រះរាជបុត្រាបុត្រី” ក្នុងទីបញ្ចប់ ព្រះឣង្គ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១.អត្តានញ្ចេ បិយំ ជញ្ញារក្ខេយ្យ នំ សុរក្ខិតំ
តិណ្ណំ អញ្ញតរំ យាមំបដិជគ្គេយ្យ បណ្ឌិតោ ។

👉បើបណ្ឌឹតដឹងខ្លួនថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុកក្នុង​វ័យទាំងបី វ័យ​ណាមួយ ។​

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១០

📜 ១២-អត្តវគ្គរឿង

📜១. ពោធិរាជកុមារ
📜២. ព្រះឧបនន្ទសាក្យបុត្រ
📜៣. ព្រះបធានិកតិស្សត្ថេរ
📜៤. មាតារបស់កុមារកស្សបៈ
📜៥. មហាកាលឧបាសក
📜៦. ភិក្ខុទេវទត្ត
📜៧. ការព្យាយាមបំបែកសង្ឃ
📜៨. ព្រះកាលត្ថេរ
📜៩. ចុឡកាលឧបាសក
📜១០. ព្រះឣត្តទត្ថត្ថេរ