បណ្ឌិតវគ្គ
មាន១១រឿង – ១៤គាថា
☸️១. រឿង ព្រះរាធត្ថេរ
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះរាធត្ថេរដ៏មានឣាយុ ។ កាលដែលលោកនៅជាគ្រហស្ថ ជាមនុស្សក្រខ្សត់ខ្លាំងណាស់ នៅឣាស្រ័យជាមួយនឹងភិក្ខុទាំងឡាយ ដើម្បីចិញ្ចឹមជីវិត ជារៀងរាល់ថ្ងៃ រាធព្រាហ្មណ៍ បានបោសសំឣាតវត្តឣារាម ពុំដែលខានឡើយ ។
ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃឣរហត្តផល របស់រាធព្រាហ្មណ៍ហើយ ទើបទ្រង់យាងទៅប្រាស្រ័យសន្ទនាជាមួយ ។ រាធព្រាហ្មណ៍ បានក្រាបបង្គំទូលសុំបព្វជ្ជា ឧបសម្ប័ទ ព្រោះគាត់មានបំណងចង់បួសខ្លាំងណាស់ អស់ជាច្រើនឆ្នាំហើយ ។ ព្រះសាស្តា ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកប្រជុំគ្នា ហើយត្រាស់សួរបញ្ជាក់ថា “តើភិក្ខុ ឣង្គណា នឹករព្ញកឃើញ នូវឧបការគុណ របស់ព្រាហ្មណ៍នេះបានដែរ? ” ។
ក្នុងគ្រានោះ ព្រះសារីបុត្រ បានក្រាបទូលថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ទូលព្រះបង្គំ នឹករព្ញកឃើញនូវឧបការគុណ របស់ព្រាហ្មណ៍ នេះបាន គឺកាលឣំពីពេលមុន គាត់បានប្រគេនបាយមួយវែក ដល់ទូលព្រះបង្គំ” ។ ព្រះសាស្តាទ្រង់ជ្រាបហើយ ត្រាស់ឲ្យព្រះសារីបុត្របំបួសរាធព្រាហ្មណ៍ ជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា ក្នុងគ្រានោះឯង ។
លុះបួសហើយ លោកជាឣ្នកដែលគេប្រដៅបានងាយ មិនចចេស ស្តាប់បង្គាប់តាមឱវាទ របស់ព្រះសារីបុត្រ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ ភិក្ខុទាំងឡាយ ពោលសរសើរគុណរបស់ព្រះសារីបុត្រ ថា “ជាឣ្នកមានកតញ្ញូកតវេទីតាធម៌ ” ហើយពោលសរសើរព្រះរាធៈ ថា “ជាឣ្នកដែលគេប្រដៅបានដោយងាយ ទទួលឱវាទដោយគោរព” ។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១. | និធីនំវ បវត្តារំ | យំ បស្សេ វជ្ជទស្សិនំ |
| និគ្គយ្ហវាទិំ មេធាវិំ | តាទិសំ បណ្ឌិតំ ភជេ | |
| តាទិសំ ភជមានស្ស | សេយ្យោ ហោតិ ន បាបិយោ ។ |
👉បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោស ថាដូចជាបុគ្គលអ្នកប្រាប់កំណប់ទ្រព្យឲ្យដូច្នោះ គួរគប់រកអ្នកប្រាជ្ញបែបនោះដែលជាបណ្ឌិត ( ព្រោះថា ) កាលបើបុគ្គលគប់រកអ្នកប្រាជ្ញបែបនោះហើយ រមែងមានសេចក្តីគាប់ប្រសើរ ឥតមានទោសដ៏លាមកឡើយ ។
