១. របស់ព្រះឣង្គ

នាគវគ្គ

មាន៨រឿង – ១៤គាថា

☸️១. រឿង របស់ព្រះឣង្គ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវរឿងរបស់ព្រះឣង្គ ។ ថ្ងៃមួយ ព្រះពុទ្ធអង្គ ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃឣនាគាមិផល របស់ព្រាហ្មណ៍ និង នាងព្រាហ្មណី ដែលជាមាតាបិតា របស់នាង មាគន្ទិយា ក្នុងក្រុងកុរុ ទើបស្តេចយាងទៅកាន់ទីនោះ ។

ព្រាហ្មណ៍ ពីរនាក់ ប្តីប្រពន្ធ បានឃើញព្រះវរកាយ និង ព្រះលក្ខណៈដ៏ឆើតឆាយ របស់ព្រះសាស្តាហើយ ទើបលើកធីតា របស់ខ្លួន ថ្វាយដល់ព្រះឣង្គ ។ តែព្រះសាស្តា ទ្រង់ត្រាស់បដិសេធហើយទ្រង់សម្តែងទោសនៃកាម ឲ្យព្រាហ្មណ៍ទាំងពីរនាក់ប្តីប្រពន្ធនោះបានយល់ច្បាស់ រហូតដល់បានសម្រេចឣនាគាមិផល ។ ចំណែកនាង មាគន្ទិយា ជាកូនស្រី បានក្រោធខឹងនឹងព្រះសាស្តា យ៉ាងខ្លាំង ហើយបានចងឣាឃាតព្យាបាទនឹងព្រះឣង្គ តាំងតែពីពេលនោះមក ។ លុះក្រោយមក នាងមាគន្ទិយា ក៏បានជាឣគ្គមហេសី នៃព្រះបាទឧទេន ក្នុងក្រុងកោសម្ពី, សម័យថ្ងៃមួយ នាងបានឃើញព្រះសាស្តា ស្តេចយាងចូលទៅ ក្នុងនគរនោះ ទើបនាងបានប្រើឲ្យពួកមនុស្ស មកជេរប្រទេចព្រះសាស្តា ដោយឣក្កោសវត្ថុ ១០ យ៉ាង ។

ព្រះឣានន្ទ ឮដូច្នោះហើយ បានក្រាបទូលឣារាធនា ឲ្យស្តេច យាងទៅទីដទៃទៀត ។ ព្រះសាស្តាទ្រង់បានត្រាស់ ថា “ម្នាលឣានន្ទ ឣធិករណ៍ កើតឡើងហើយក្នុងទីណា ត្រូវតែឲ្យឣធិករណ៍ ក្នុងទីនោះ ស្ងប់រម្ងាប់ ស្រួលបួល ជាមុនសិនហើយ ចាំទៅកាន់ទីដទៃទៀត ជាខាងក្រោយ ទើបសមគួរ ព្រោះការឣត់ធន់ឣត់ទ្រាំ ចំពោះពាក្យដែលគេនិយាយ ហួសប្រមាណ ជាភារកិច្ច របស់តថាគត” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១.អហំ នាគោវ សង្គាមេចាបតោ បតិតំ សរំ
អតិវាក្យំ​ តិតិក្ខិស្សំទុស្សីលោ ហិ ពហុជ្ជនោ ។

👉តថាគតនឹងអត់ទ្រាំពាក្យល្មើស​ ដូចដំរីកាលអត់ទ្រាំចំពោះព្រួញ​ ដែលរបូតចេញអំពីធ្នូ ក្នុង​សង្គ្រាម​ ដូច្នោះ ព្រោះ​ថា​ ជនទ្រុស្ដសីល​ មានច្រើននាក់ ។

២.ទន្តំ នយន្តិ សមិតឹទន្តំ រាជាភិរូហតិ
ទន្តោ សេដ្ឋោ មនុស្សេសុយោតិវាក្យំ​ តិតិក្ខតិ ។

👉ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយ​ ទៅកាន់ទីប្រជុំ​ ព្រះរាជាតែងសេ្ដចឡើងកាន់វាហនៈ ដែល​ទូន្មាន​ហើយ​ បណ្ដា​មនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន​ មនុស្ស​នោះ​ ជាអ្នកមានខ្លូនទូន្មានហើយ ឈ្មោះ​ថា បុគ្គលប្រសើរបំផុត ។

៣.វរមស្សតរា ទន្តាអាជានីយា ច សិន្ធវា
កុញ្ជរា ច មហានាគាអត្តទន្តោ តតោ វរំ ។

👉ពួកសេះអស្សតរក្ដី សេះអាជានេយ្យក្ដី សេះសិន្ធពក្ដី​ ដំរីកុញ្ជរដ៏ប្រសើរក្ដី ដែលបុគ្គលប្រៀនប្រដៅ​បាន​បទ​ហើយ​ រាប់​ថា​ ជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរជាងសត្វទាំងអស់នោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ២៣-នាគវគ្គរឿង

📜១. របស់ព្រះឣង្គ
📜២. ហត្ថាចារិយបុព្វកភិក្ខុ
📜៣. បុត្រព្រាហ្មណ៍បួននាក់
📜៤. ព្រះបាទបសេនទិកោសល
📜៥. សានុសាមណេរ
📜៦. ដំរីបាវេរកៈ
📜៧. សម្ពហុលភិក្ខុ
📜៨. មារ