អរហន្តវគ្គ
មាន១០រឿង – ១០គាថា
☸️១. រឿង ហ្មជីវក
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបញ្ហាដែលហ្មជីវក បានក្រាបទូលសួរ នៅវេលាដែលភិក្ខុទេវទត្ត គិតនឹងធ្វើគុតព្រះឣង្គ គឺទម្លាក់ដុំថ្មមក ពីលើភ្នំគិជ្ឈកូដ ។ ដុំថ្មនោះ បានធ្លាក់មកប៉ះទង្គិចគ្នា បែកជាពីរបំណែក, បំណែកមួយ បានរមៀលធ្លាក់មក ត្រូវព្រះបាទា របស់ព្រះមានព្រះភាគធ្វើឲ្យព្រះលោហិតជាំ ។ ភិក្ខុទាំងឡាយ បាននិមន្តព្រះ ឣង្គ យាងទៅកាន់ជីវកម្ពវ័ន ។ ហ្មជីវក បានយកថ្នាំ មកបិទថ្វាយ ហើយយកកំណាត់សំពត់ មករុំទុកមួយរយៈសិន រួចក្រាបថ្វាយបង្គំលាព្រះឣង្គ ដើម្បីទៅជួយព្យាបាលបុរសម្នាក់ទៀត ស្រេចហើយនឹងវិលត្រឡប់មក ស្រាយសំពត់ដែលបានរុំទុកនោះចេញ ។ កាលដែលហ្មជីវក ចេញទៅព្យាបាលឣ្នកជម្ងឺនោះ, វេលា ក៏ព្រលប់ល្មម ។ ឣ្នកយាមទ្វារ ក៏បានបិទនូវទ្វារក្រុងទាំងឣស់, ហ្មជីវក ចូលទៅរកព្រះ សាស្តាមិនបាន ហើយមានសេចក្តីព្រួយបារម្ភ យ៉ាងខ្លាំង ។
ព្រះសាស្តា ទ្រង់ជ្រាបនូវសេចក្តីវិតក្កៈ របស់ហ្មជីវក ហើយទ្រង់ត្រាស់ឲ្យព្រះឣានន្ទ ស្រាយថ្នាំនោះចេញ ។ លុះព្រឹកឡើង ទើបគេបើកទ្វារក្រុង, ហ្មជីវក ប្រញាប់ប្រញាល់ ចូលមកគាល់ព្រះឣង្គ ហើយបានក្រាបទូលនូវសេចក្តីវិតៈក្ករបស់ខ្លួន ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។
ព្រះបរមសាស្តា ទ្រង់ត្រាស់ថា “តថាគត មិនមានសេចក្តីក្តៅក្រហាយឡើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១. | គតទ្ធិនោ វិសោកស្ស | វិប្បមុត្តស្ស សព្វធិ |
| សព្វគន្ថប្បហីនស្ស | បរិឡាហោ ន វិជ្ជតិ ។ |
👉សេចក្តីក្តៅក្រហាយ រមែងមិនមានដល់អ្នកដែលមានផ្លូវឆ្ងាយ បានទៅដល់ហើយ មិនមានសេចក្តីសោក រួចស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រែះទាំងពួងលះបង់ហើយ ។
