ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️២៤. រឿង ព្រះមហាបន្ថកត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមហាបន្ថកត្ថេរ ។ ព្រះមហាបន្ថក ឲ្យព្រះចូឡបន្ថក ដែលជាប្អូនរបស់ខ្លួន ទន្ទេញព្រះគាថាមួយបទ ឣស់រយៈពេលដល់ទៅ ៤ ខែ ក៏នៅតែទន្ទេញមិនចាំ ហើយបានបណ្តេញព្រះចូឡបន្ថក ចេញពីវិហារ ។ ព្រះចូឡបន្ថក មានសេចក្តីខ្មាសឣៀន តូចចិត្តយ៉ាងខ្លាំង គិតប្រាថ្នាចង់លាចាកសិក្ខាបទ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបវារចិត្ត របស់ព្រះចូឡបន្ថកហើយ ទើបទ្រង់បានប្រទានព្រះឱវាទ និង កម្មដ្ឋាន ដើម្បីឲ្យព្រះចូឡបន្ថក ពិចារណា ។ ព្រះចូឡបន្ថក បានពិចារណា តាមព្រះឱវាទ របស់ព្រះឣង្គ ជារឿយៗ រហូតដល់បានសម្រេចព្រះឣរហត្តផល ក្នុងទីបំផុត ។
ក្នុងពេលនោះ ភិក្ខុទាំងឡាយ បានប្រជុំសន្ទនាគ្នា ថា “ការដែលព្រះមហាបន្ថកត្ថេរ ធ្វើយ៉ាងនេះ ដូចជាធ្វើដោយសេចក្តីក្រោធខឹង មិន សមគួរសោះឡើយ ។
ព្រះសម្មាសម្ពុទ្ធ ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ពន្យល់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះឣរហន្តខីណាស្រពទាំង ឡាយ មិនមានកិលេស មិនមានតណ្ហានៅក្នុងសន្តានចិត្តឡើយ ព្រះមហាបន្ថក ធ្វើយ៉ាងនេះ ព្រោះឣាស្រ័យឣត្ថផង ធម៌ផង” ហើយត្រាស់នូវព្រះគាថានេះ ថា ៖
| ២៥. | យស្ស រាគោ ច ទោសោ ច | មានោ មក្ខោ ច បាតិតោ |
| សាសបោរិវ អារគ្គា | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉រាគៈ ទោសៈ មានះ និងមក្ខៈ ដែលបុគ្គលណា បានជម្រុះចេញហើយ ដូចគ្រាប់ស្ពៃដែលជ្រុះចុះ អំពីចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍ ។
