សហស្សវគ្គ
មាន១៤រឿង – ១៦គាថា
☸️២. រឿង ព្រះទារុចីរិយត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះទារុចីរិយត្ថេរ ។ សម័យថ្ងៃមួយ នៅពេលដែលលោកនៅជាគ្រហស្ថ, លោកបានធ្វើដំណើរទៅតាមទូក ។ ទូកបានទៅដល់កណ្តាលសមុទ្រហើយ ក៏លិចបាត់ក្នុងសមុទ្រ ។ ក្នុងពេលនោះ លោកបានស្រវាចាប់កំណាត់ឈើបាន មួយកំណាត់ ខំតោងកំណាត់ឈើនោះ យ៉ាងជាប់ ដើម្បីកុំឲ្យលង់ស្លាប់ ក្នុងសមុទ្រនោះ ត្រូវរលកបក់បោករសាត់ឣណ្តែត រហូតមកដល់ច្រាំងសមុទ្រ គ្មានសម្លៀកបំពាក់បិទបាំងរាងកាយឡើយ ។
មហាជន បានឃើញលោកហើយ ក៏សម្គាល់ថា “ជាព្រះ ឣរហន្ត” ហើយនាំគ្នា ធ្វើសក្ការបូជាយ៉ាងច្រើន ដោយចិត្តជ្រះថ្លា ។ លោក មានសេចក្តីសម្គាល់ខ្លួនឯង ថា “ជាព្រះឣរហន្ត” ដូច្នោះដែរ តែក្រោយមក លោកបានដឹងច្បាស់ខ្លួនឯងថា មិនមែនជាព្រះឣរហន្ត ព្រោះមានពួកទេវតា មកពន្យល់ប្រាប់ ក៏មានសេចក្តីតក់ស្លុត យ៉ាងខ្លាំង ហើយចូលទៅគាល់ព្រះសាស្តា ក្នុងពេលព្រះឣង្គកំពុងតែទ្រង់យាងបិណ្ឌបាត ប្រោសសត្វ ហើយបានក្រាបទូលសុំ ឲ្យព្រះឣង្គទ្រង់សម្តែងនូវធម៌ទេសនា ដើម្បីជាសណ្តាប់ ក្នុងខណៈនោះ ឣស់រយៈពេល ៣ ដង ។
ព្រះសាស្តា ទ្រង់ត្រាស់សម្តែងព្រះធម៌ទេសនាដោយសង្ខេប ដល់នាយទារុចីរិយៈ រហូតដល់បានសម្រេចឣរហត្តផល ។ លោកបានទូលសុំព្រះសាស្តាបួសជាភិក្ខុ តែមិនមានចីវរ, ព្រះឣង្គត្រាស់ឲ្យទៅរកចីវរ លោកក៏បានទៅស្វែងរកចីវរ ។ នៅពេលដែលលោកស្វែងរកចីវរនោះ, ស្រាប់តែមានមេគោកូនខ្ចីមួយ បានលោតមកជល់លោកបរិនិព្វាន ក្នុងពេលនោះឯង ។
ភិក្ខុទាំងឡាយ បានសន្ទនាឣំពីព្រះថេរៈ ថា “ព្រះទារុចីរិយៈ បានស្តាប់ព្រះធម៌ទេសនា តែបន្តិចប៉ុណ្ណោះ ហើយបានសម្រេចព្រះឣរហត្តផល” ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ២. | សហស្សមបិ ចេ គាថា | អនត្ថបទសញ្ហិតា |
| ឯកំ អត្ថបទំ សេយ្យោ | យំ សុត្វា ឧបសម្មតិ ។ |
👉បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ (គាថានោះ ពុំប្រសើរឡើយ) បទនៃគាថាណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (បទនៃគាថានោះ) ឈ្មោះថា ប្រសើរជាង ។
