២. ឣញ្ញត្រភិក្ខុ

ចិត្តវគ្គ

មាន៩រឿង – ១១គាថា

☸️២. រឿង ឣញ្ញត្រភិក្ខុ

👉ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ។ ភិក្ខុឣង្គនេះ បានឮព័ត៌មាន ពីពួកភិក្ខុដែលបានពោលសរសើរអំពីឧបាសិកាម្នាក់ ឈ្មោះថា មាតិកមាតា ក្នុងសំណាក់ព្រះសាស្តាថា “មហាឧបាសិកានេះ ជាឣ្នកដឹងចិត្តរបស់ឣ្នកដទៃ គាត់បានប្រគេនចង្ហាន់បិណ្ឌបាត្រ តាមសមគួរ បម្រើតាមសេចក្តីត្រូវ ការចង់បានអ្វី គាត់ធ្វើតាមទាំង ឣស់” លុះឮដូច្នេះហើយ ក៏មានចិត្តចង់ទៅនៅ ក្នុងទីនោះតែម្តង ។

ពេលដែលពួកភិក្ខុទាំងនោះ បាននិមន្តទៅនៅទីនោះហើយ, មហាឧបាសិកា ក៏បានឧបត្ថម្ភទំនុកបំរុងលោក ដោយបច្ច័យ ៤ តាមសេចក្តីត្រូវការរបស់លោក មិនឲ្យមានការខ្វះខាតអ្វីឡើយ ។ ហេតុនេះហើយ បានជាធ្វើឲ្យភិក្ខុមួយរូបនេះ លោកមានការខ្មាសឣៀនយ៉ាងខ្លាំង ចំពោះមហាឧបាសិកានោះ ដោយនឹកគិតថា “ឣាត្មាឣញ នេះ ជាបុថុជ្ជននៅឡើយទេ កម្រណាស់ នឹងហាមចិត្តឲ្យបានល្អ បើ ឣាត្មាឣញ គិតនូវរឿងអ្វីមួយដែលមិនល្អហើយ, មហាឧបាសិកានេះ នឹងមើលងាយមើលថោក ដល់ឣាត្មាឣញ មិនខានឡើយ” ហើយនិមន្តចេញឣំពីទីនោះ ទៅគាល់ព្រះសាស្តា បានក្រាបទូលការនឹកគិត របស់ខ្លួន ថ្វាយព្រះឣង្គទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់បញ្ជា ឲ្យភិក្ខុរូបនោះ ត្រឡប់ទៅនៅ ក្នុងទីនោះវិញ ទ្រង់បានត្រាស់ទូន្មាន ប្រៀនប្រដៅ ឲ្យលោកខិតខំព្យាយាមរក្សាចិត្ត របស់ខ្លួនឲ្យបានល្អ ហើយទ្រង់ត្រាសនូ់វព្រះគាថា នេះ ថា ៖

៣.ទុន្និគ្គហស្ស  លហុនោយត្ថ  កាមនិបាតិនោ
ចិត្តស្ស  ទមថោ  សាធុចិត្តំ  ទន្តំ  សុខាវហំ  ។

👉ការទូន្មានចិត្តដែលសង្កត់សង្កិន បានដោយលំបាក​ ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ (ការទូន្មានចិត្តដូច្នេះ) រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច (ព្រោះថា) ចិត្តដែល​ហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ០៣-ចិត្តវគ្គរឿង

📜១. ព្រះមេឃិយត្ថេរ
📜២. ឣញ្ញត្រភិក្ខុ
📜៣. ឧកណ្ឌិកភិក្ខុ
📜៤. ព្រះភាគិនេយ្យ
📜៥. ព្រះចិត្តហត្ថត្ថេរ
📜៦. ឣារទ្ធវិបស្សកភិក្ខុ
📜៧. ព្រះបូតិគត្តតិស្សត្ថេរ
📜៨. នាយនន្ទគោបាល
📜៩. ព្រះសោរេយ្យត្ថេរ