មគ្គវគ្គ
មាន១០រឿង – ១៧គាថា
☸️២. រឿង ឣបរបញ្ចសតភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូបផ្សេងទៀត ។ ភិក្ខុទាំងនោះ រៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តាហើយ ក៏បានចូលទៅ ចម្រើនកម្មដ្ឋាន ក្នុងព្រៃស្ងាត់មួយ, មិនយូរប៉ុន្មាន ភិក្ខុទាំងនោះ ក៏បានត្រឡប់មកគាល់ព្រះសាស្តាវិញ ដើម្បីសុំប្តូរនូវកម្មដ្ឋាន ថ្មីទៀត ព្រោះខ្លួនមិនទាន់បានសម្រេចឣរហត្តផល ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
| ៤. | តុម្ហេហិ កិច្ចមាតប្បំ | អក្ខាតារោ តថាគតា |
| បដិបន្នា បមោក្ខន្តិ | ឈាយិនោ មារពន្ធនា ។ |
👉សេចក្ដីព្យាយាមញ៉ាំងកិលេសឲ្យក្ដៅសព្វ អ្នកទាំងឡាយគប្បីធ្វើ ព្រះតថាគតទាំងឡាយ គ្រាន់តែជាអ្នកប្រាប់ ជនទាំងឡាយ មានការពិនិត្យ បើបានដើរទៅហើយ នឹងរួចចាកចំណងរបស់មារបាន ។
| ៥. | សព្វេ សង្ខារា អនិច្ចាតិ | យទា បញ្ញាយ បស្សតិ |
| អថ និព្វិន្ទតិ ទុក្ខេ | ឯស មគ្គោ វិសុទ្ធិយា ។ |
👉កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្ដីទុក្ខនេះ ជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
| ៦. | សព្វេ សង្ខារា ទុក្ខាតិ | យទា បញ្ញាយ បស្សតិ |
| អថ និព្វិន្ទតិ ទុក្ខេ | ឯស មគ្គោ វិសុទ្ធិយា ។ |
👉កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងនាំមកនូវសេចក្ដីទុក្ខដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
