សុខវគ្គ
មាន៨រឿង – ១២គាថា
☸️៣. រឿង កោសលរាជបរាជ័យ
ព្រះបរមសាស្តា ទ្រង់បានប្រារឰការបរាជ័យ របស់ព្រះបាទកោសល ។ ជាដំបូង ព្រះរាជា ទ្រង់ឣាស្រ័យកាសិកគ្រាម ធ្វើសឹកសង្គ្រាម ជាមួយនឹងព្រះបាទឣជាតសត្រូវ ដែលជាព្រះភាគិនេយ្យ ។ ព្រះបាទឣជាតសត្រូវទ្រង់បានធ្វើឲ្យព្រះបាទកោសលបរាជ័យ រហូតបីលើក ។ ក្នុងលើកទីបី ព្រះបាទកោសល ទ្រង់ព្រះចិន្តា ថា “យើងមិនឣាចញ៉ាំងទារក ដែលមិនទាន់ដាច់ទឹកដោះ ឲ្យបរាជ័យបានឡើយ តើនឹងរស់នៅធ្វើអ្វីទៀត មានតែស្លាប់ទៅប្រសើរជាង” លុះទ្រង់ព្រះចិន្តាយ៉ាងនេះហើយ ទ្រង់មិនសោយព្រះក្រយាស្ងោយសោះ ទ្រង់ មានសេចក្តីទុក្ខទោមនស្ស យ៉ាងក្រៃលែង ជារៀងរាល់យប់ថ្ងៃ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនេះហើយ បានក្រាបទូល ដល់ ព្រះសាស្តា ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបត្រាស់នូវព្រះគាថានេះថា ៖
| ៥. | ជយំ វេរំ បសវតិ | ទុក្ខំ សេតិ បរាជិតោ |
| ឧបសន្តោ សុខំ សេតិ | ហិត្វា ជយបរាជយំ ។ |
👉បុគ្គលអ្នកឈ្នះ តែងប្រសព្វនូវពៀរ បុគ្គលអ្នកចាញ់ តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ និងការចាញ់ហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ ។
