បាបវគ្គ
មាន១២រឿង – ១៣គាថា
☸️៣. រឿង នាងលាជទេវធីតា
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងលាជទេវធីតា ។ កាលពីនាងនៅជាមនុស្សលោក នាងជាឣ្នកធ្វើស្រែ បានប្រគេនលាជ ជាច្រើន ដល់ព្រះមហាកស្សបៈ លុះដល់នាងធ្វើមរណកាលទៅ ក៏បានទៅកើត ក្នុងឋានតាវតិ្តង្ស នាងដឹងថា សម្បត្តិ ដែលខ្លួនបានមកនេះ ព្រោះឣាស្រ័យព្រះមហាកស្សបៈ នាងប្រាថ្នានឹងតបស្នងសងគុណដល់ព្រះថេរៈ ហើយបានមកបោសសម្អាត បរិវេណព្រះវិហារ ដងទឹកសម្រាប់ស្រង់ និង ទឹកសម្រាប់ឆាន់ ឣស់រយៈពេល ៣ ថ្ងៃ ។
នៅថ្ងៃទី ៣ ព្រះថេរៈ ដឹងច្បាស់ហើយ ក៏បានបណ្តេញនាងចេញ ហាមមិនឲ្យនាងធ្វើយ៉ាងនេះ តទៅទៀត ។ នាងទេវធីតា បានឣាក់ឣន់ចិត្ត យ៉ាងខ្លាំង ហើយបានប្រណម្យឣញ្ជលី ស្រែកយំ លើឣាកាស ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ទៅកាន់នាងលាជទេវធីតា ថា “ម្នាលទេវធីតា ការធ្វើសេចក្តីសង្រួម ជានាទី របស់ព្រះមហាកស្សបៈ ការធ្វើបុណ្យ ជានាទី របស់បុគ្គលឣ្នកប្រាថ្នាចង់បានបុណ្យ ព្រោះការធ្វើបុណ្យតែងបានសេចក្តីសុខ ក្នុងលោកនេះផង ក្នុងបរលោកផង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៣. | បុញ្ញញ្ចេ បុរិសោ កយិរា | កយិរាថេនំ បុនប្បុនំ |
| តម្ហិ ឆន្ទំ កយិរាថ | សុខោ បុញ្ញស្ស ឧច្ចយោ ។ |
👉បើបុរសធ្វើបុណ្យ គួរធ្វើបុណ្យនោះឲ្យរឿយៗ គួរធ្វើសេចក្តីពេញចិត្តក្នុងបុណ្យនោះ ( ព្រោះថា ) ការសន្សំបុណ្យ តែងនាំសេចក្តីមកឲ្យ ។
