មគ្គវគ្គ
មាន១០រឿង – ១៧គាថា
☸️៣. រឿង ព្រះបធានកម្មិកតិស្សត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះបធានកម្មិកតិស្សត្ថេរ ។ ព្រះថេរៈ បានឃើញនូវព្រះសាស្តា ទ្រង់ធ្វើបដិសណ្ឋារកិច្ច ជាមួយភិក្ខុទាំងឡាយដែលរៀនកម្មដ្ឋាន ជាមួយខ្លួន ទៅបំពេញសមណធម៌ បានសំរេចឣរហត្តផលហើយ ត្រឡប់មកគាល់ព្រះឣង្គវិញ ក៏មានសេចក្តីប្រាថ្នាចង់ឲ្យព្រះឣង្គធ្វើបដិសណ្ឋារកិច្ច ជាមួយនឹងខ្លួន ទើបប្រញាប់ចេញទៅដើរចង្ក្រម ក្នុងទីស្ងាត់មួយ តែម្នាក់ឯង រហូតឣស់មួយរាត្រី មានការងោកងក់ ងុយសិង យ៉ាងខ្លាំង ដើរចង្ក្រមទៅមក បានដួលភ្លាត់បាក់ជើង ស្រែកទួញយំ ឮសូរផ្អើលគេឯងឣស់ ។ ពួកភិក្ខុទាំងឡាយ មានការភ្ញាក់ផ្អើល ឣ៊ូឣរឡើង បាននាំគ្នាជួយយកទៅព្យាបាល រហូតដល់ភ្លឺស្វាង ធ្វើឲ្យខកខាន លែងបានទៅបិណ្ឌបាតទាំងឣស់គ្នា ។
ព្រះសាស្តា ស្តេចយាងមកហើយ ទ្រង់ត្រាស់សម្តែងទោស នៃបុគ្គលឣ្នកធ្វើកិច្ចការដែលត្រូវធ្វើជាមុន យកមកធ្វើជាខាងក្រោយ ហើយត្រាស់ នូវព្រះគាថានេះ ថា ៖
| ៧. | សព្វេ ធម្មា អនត្តាតិ | យទា បញ្ញាយ បស្សតិ |
| អថ និព្វិន្ទតិ ទុក្ខេ | ឯស មគ្គោ វិសុទ្ធិយា ។ |
👉កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្ដីទុក្ខ នេះជាផ្លូវនៃសេចក្ដីបរិសុទ្ធ ។
| ៨. | ឧដ្ឋានកាលម្ហិ អនុដ្ឋហានោ | យុវា ពលី អាលសិយំ ឧបេតោ |
| សំសន្នសង្កប្បមនោ កុសីតោ | បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ ។ |
👉បុគ្គលនៅកំលោះ មានកម្លាំង ទាស់តែប្រកបដោយសេចក្ដីខ្ជិលច្រអូស មិនប្រឹងប្រែងក្នុងកាលដែលគួរប្រឹងប្រែង មានសេចក្ដីត្រិះរិះក្នុងចិត្ត លិចចុះក្នុងអកុសលវិតក្ក ជាមនុស្សខ្ជិល បុគ្គលខ្ជិលនោះ រមែងមិនបានផ្លូវបញ្ញា
ឡើយ ។
