និរយវគ្គ
មាន៩រឿង – ១៤គាថា
☸️៣. រឿង វគ្គុមុទាតីរិយភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកភិក្ខុ ដែលនៅឯត្រើយស្ទឹងម្ខាង ឈ្មោះវគ្គុមុទា ។ ភិក្ខុទាំងនោះ បាននាំគ្នា ពោលឣួតឧត្តរិមនុស្សធម៌ ដែលមិនមានក្នុងខ្លួន ដើម្បីជាគ្រឿងចិញ្ចឹមជីវិត ក្នុងពេលដែលកើតទុរ្ភិក្ស ។
គ្រានោះ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបបានតិះដៀល ដោយ ប្រការផ្សេងៗ ទ្រង់បានបញ្ញត្តសិក្ខាបទ ហាមដល់ភិក្ខុទាំងឡាយ មិនឲ្យប្រព្រឹត្តតទៅទៀត ទ្រង់ប្រទានព្រះឱវាទ ដល់ភិក្ខុទាំងនោះហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
| ៣. | សេយ្យោ អយោគុឡោ ភុត្តោ | តត្តោ អគ្គិសិខូបមោ |
| យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ | រដ្ឋបិណ្ឌំ អសញ្ញតោ ។ |
👉បព្វជិតទ្រុស្ដសីល សូវបរិភោគដុំដែក ដែលកំពុងក្ដៅមានពណ៌ដូចអណ្ដាតភ្លើង ប្រសើរជាង បព្វជិតទ្រុស្ដសីលមិនសង្រួមបរិភោគដុំបាយអ្នកដែន នឹងប្រសើរ ដូចម្ដេចបាន ។
