ធម្មដ្ឋវគ្គ
មាន១០រឿង – ១៧គាថា
☸️៣. រឿង ឯកុទានត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះឯកុទានត្ថេរ ។ ព្រះថេរៈ ជាព្រះឣរហន្តខីណាស្រព គង់នៅក្នុងព្រៃតែមួយឣង្គឯង លុះដល់ថ្ងៃឧបោសថ លោកសូត្រឧទានគាថាមួយបទ មិនដែលខាន ។ ទេវតាទាំងឡាយ ដែលនៅឣាស្រ័យក្នុងព្រៃនោះ បានថ្វាយសព្ទសារធុការ ឮខ្ទារខ្ទរ ពាសពេញព្រៃ ដូចផែនដីរញ្ជួយ ។
សម័យថ្ងៃមួយ មានភិក្ខុពីររូប ជាឣ្នករៀនចប់ព្រះត្រៃបិដក មានសិស្ស ម្នាក់ៗ ៥០០ បាននិមន្តទៅ ក្នុងព្រៃនោះដែរ ។ ព្រះ ឯកុទានថេរ ឣារាធនានិមន្ត ឲ្យភិក្ខុពីររូបនោះ សម្តែងនូវព្រះធម៌ ។ កាលបើភិក្ខុទាំងពីររូបនោះ សម្តែងធម៌ចប់ហើយ, ពួកទេវតាមិនបានបន្លឺសព្ទសាធុការទេ ។ តែពេលដែលព្រះឯកុទានត្ថេរ សូត្រឧទានគាថាចប់, ពួកទេវតា ក៏បានថ្វាយសព្ទសាធុការពរភ្លាម ។ ពួកកូនសិស្ស របស់ភិក្ខុទាំងពីររូបនោះ មិនពេញចិត្ត បានតិះដៀលនូវពួកទេវតាថា “បានធ្វើសព្ទសាធុការ ដោយរើសមុខ” ។ ក្រោយមក ពួកភិក្ខុទាំងនោះ បាននិមន្តចេញពីព្រៃហើយ ទៅកាន់វត្តជេតពន បានក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។
ព្រះបរមសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៤. | ន តាវតា ធម្មធរោ | យាវតា ពហុ ភាសតិ |
| យោ ច អប្បម្បិ សុត្វាន | ធម្មំ កាយេន បស្សតិ | |
| ស វេ ធម្មធរោ ហោតិ | យោ ធម្មំ នប្បមជ្ជតិ ។ |
👉បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណោះ ឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះមិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្ដាប់ពុទ្ធវចនៈសូម្បីមានប្រមាណតិច ហើយឃើញធម៌ដោយនាមកាយគឺចិត្តបាន បុគ្គលនោះ ទើបឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌បុគ្គលនោះឯងឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ ។
