ទណ្ឌវគ្គ
មាន១១រឿង – ១៣គាថា
☸️៤. រឿង ព្រះកោណ្ឌធានត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះកោណ្ឌធានត្ថេរ ។ តាំង តែឣំពីពេលដែលព្រះថេរៈបួសមក មានរូបស្រីម្នាក់ដើរ តាមក្រោយលោក ដូចជាស្រមោលដែលឣន្ទោលតាមប្រាណ ។ ព្រះថេរៈ លោកមិនឃើញស្រីនោះទេ តែពួកមហាជន បានឃើញរូបស្រីនោះ ។ ក្នុងសាសនា នៃព្រះពុទ្ធព្រះនាមកស្សបៈ, ព្រះថេរៈ កើតជាទេវតា បានក្លែងខ្លួន ធ្វើជាស្រីម្នាក់ដើរ តាមពីក្រោយ ភិក្ខុមួយរូប ដែលជាហេតុធ្វើឲ្យភិក្ខុមួយរូបទៀត ដែលជាសំឡាញ់នឹងគ្នា បែកបាក់សាមគ្គីគ្នា ។ ព្រោះតែបាបកម្ម នេះហើយ បានជាមានរូបស្រី ដើរតាមពីក្រោយលោក ។
ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “ជាភិក្ខុទ្រុស្តសីល” ។ ព្រះថេរៈ បានចោទទៅភិក្ខុទាំងនោះ ថា “ជាភិក្ខុទ្រុស្តសីល” ដូចគ្នាដែរ ។ ភិក្ខុទាំងឡាយបាននាំរឿងនេះទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ឲ្យហៅព្រះថេរៈមក ដើម្បីនឹងជម្រះនូវរឿងនេះ ឲ្យបានយុតិធម៌ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
| ៥. | មាវោច ផរុសំ កញ្ចិ | វុត្តា បដិវទេយ្យុ តំ |
| ទុក្ខា ហិ សារម្ភកថា | បដិទណ្ឌា ផុសេយ្យ តំ ។ |
👉អ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយ ជនទាំងឡាយដែលអ្នកស្តីថាឲ្យហើយ គេគប្បីស្តីថាតបមកអ្នកវិញ ព្រោះថា ការពោលពាក្យប្រណាំងប្រជែង ជាហេតុនាំឲ្យកើតទុក្ខ អាជ្ញាតប ត្រូវបានធ្លាក់ចុះមកប៉ះពាល់ដល់អ្នកវិញ ។
| ៦. | សចេ នេរេសិ អត្តានំ | កំសោ ឧបហតោ យថា |
| ឯស បត្តោសិ និព្វានំ | សារម្ភោ តេ ន វិជ្ជតិ ។ |
👉បើអ្នកធ្វើខ្លួនមិនឲ្យញាប់ញ័រ ដូចរគាំងដែលចៀរមាត់ចេញហើយ ( រមែងមិនលាន់ឮសូរ ) ដូច្នោះ អ្នកនុ៎ះជាបុគ្គលដល់នូវព្រះនិព្វាន ការប្រណាំងប្រជែង មិនមានដល់អ្នកឡើយ ។
