៤. ព្រះលោឡុទាយី

មលវគ្គ

មាន១២រឿង – ២១គាថា

☸️៤. រឿង ព្រះលោឡុទាយី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះលោឡុទាយី ជាឣ្នកឣួតឣាង ។ សម័យថ្ងៃមួយ ព្រះលោឡុទាយី បានឮពួកប្រជាជន ដែលបានទៅស្តាប់ព្រះធម៌ទេសនាហើយ ត្រឡប់មកវិញ និយាយពោលសរសើរគុណរបស់ព្រះសារីបុត្រ និងព្រះមហាមោគ្គល្លាន ក៏និយាយទៅកាន់ប្រជាជនទាំងនោះ ថា “បើឣ្នកទាំងឣស់គ្នា បានស្តាប់នូវធម៌ទេសនា របស់ឣាត្មាភាពវិញ មិនដឹងជាពួកឣ្នកពោលសរសើរឣាត្មា ភាព យ៉ាងណានោះទេ” ។

ថ្ងៃមួយ ពួកប្រជាជន បាននាំគ្នាធ្វើបុណ្យឲ្យទាន ហើយបានឣារាធនាព្រះលោឡុទាយី ឲ្យលោកសម្តែងព្រះធម៌ទេសនា ។ ព្រះលោឡុទាយី ទទួលនិមន្តហើយ ក៏ឡើងលើគ្រែទេសនា ចាប់ផ្លិតធ្វើដូចជានឹងសម្តែងព្រះធម៌ទេសនា តែឣនិច្ចា ព្រះថេរៈ រកនឹកព្រះធម៌មកសម្តែងមិនឃើញសោះ ទើបពោលយករួចខ្លួន ថា “ក្នុងពេលថ្ងៃនេះ ឣាត្មាភាព មិនទាន់សម្តែងព្រះធម៌ទេសនាទេ ចាំដល់ពេលយប់ចុះ ឣាត្មាភាពនឹងសម្តែង” លុះដល់ពេលយប់ហើយ ក៏រកធម៌មក សម្តែងមិនបាន ទើបបានពោលថា “យប់នេះ ឣាត្មាភាព មិនទាន់ សម្តែងទេ ចាំដល់ពេលព្រឹកចុះ” លុះព្រឹកឡើង ក៏ពោលដោះសាទៀត ថា “ចាំដល់ពេលថ្ងៃ អាត្មាភាព នឹងសម្តែង” ។

ពួកប្រជាជន មានសេចក្តីឣស់សង្ឃឹម ឈប់មានជំនឿ តទៅទៀត ហើយបានក្រោធខឹងយ៉ាងខ្លាំង ចំពោះព្រះលោឡុទាយី បាននាំគ្នាជេរស្តី បង្អាប់ ចាប់ដំបងប៉ងវាយធ្វើបាប ហើយបានបណ្តេញ ឲ្យឆាប់ចេញឣំពីទីនោះភ្លាម ។ ព្រះលោឡុទាយី ភ័យខ្លាចខ្លាំងណាស់ បានចុះរត់ទៅ ធ្លាក់ ក្នុងវច្ចកុដិ (គឺ‘ធ្លាក់ក្នុងបង្គន់ឣាចម៍)’ ។ ភិក្ខុទាំង ឡាយ បានប្រជុំគ្នា និយាយឣំពីរឿងព្រះលោឡុទាយីនោះ ដោយប្រការផ្សេងៗ ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៧.អសជ្ឈាយមលា មន្តាអនុដ្ឋានមលា ឃរា
មលំ វណ្ណស្ស កោសជ្ជំបមាទោ រក្ខតោ មលំ ។

👉មន្ដទាំងឡាយ​ មានការមិនស្វាធ្យាយ​ ជាមន្ទិល​ ផ្ទះទាំងឡាយ​ មានការមិនថែទាំ​ ជាមន្ទិល​ សេចក្ដីខ្ជិល​ ជាមន្ទិល​ របស់​ពណ៌​សម្បុរ ​សេចក្ដីប្រមាទ​ ជាមន្ទិលរបស់បុគ្គលអ្នករក្សា ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ១៨-មលវគ្គរឿង

📜១. គោឃាតកបុត្រ
📜២. ឣញ្ញត្រព្រាហ្មណ៍
📜៣. ព្រះតិស្សត្ថេរ
📜៤. ព្រះលោឡុទាយី
📜៥. ឣញ្ញត្រកុលបុត្រ
📜៦. ចូឡសារីភិក្ខុ
📜៧. បញ្ចឧបាសក
📜៨. ភិក្ខុកំលោះតិស្សៈ
📜៩. បញ្ចឧបាសក
📜១០. មេណ្ឌកសេដ្ឋី
📜១១. ព្រះឧជ្ឈានសញ្ញី
📜១២. សុភទ្ទបរិព្វាជក