ចិត្តវគ្គ
មាន៩រឿង – ១១គាថា
☸️៥. រឿង ព្រះចិត្តហត្ថត្ថេរ
👉ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុមួយរូប ឈ្មោះចិត្តហត្ថៈ ។ ភិក្ខុ រូបនេះ លោកឃើញព្រះពុទ្ធសាសនានេះ មានលាភសក្ការៈ ជាច្រើនកើតឡើង ទើបបានមកបួស ក្នុងព្រះពុទ្ធសាសនា លុះបួសបានមិនយូរប៉ុន្មាន ក៏មានរាងកាយធាត់ធំ មានកម្លាំងច្រើនហើយបានលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ លោកបានបួសសឹក សឹកបួស ធ្វើយ៉ាងនេះ ឣស់រយៈពេលដល់ទៅ ៦ លើក រហូតដល់ប្រពន្ធមានផ្ទៃពោះ… នៅលើកទី ៧ លោកបានឃើញប្រពន្ធ របស់ខ្លួនកំពុងតែដេកលក់ មានឣាការគួរខ្ពើម បីដូចជាឣសុភៈហើមប៉ោង ក៏កើតមានចិត្តនឿយណាយធុញទ្រាន់ យ៉ាងខ្លាំង ហើយបានចុះពីលើផ្ទះ ដើរយ៉ាងលឿន សំដៅឆ្ពោះទៅវត្ត មកដល់ពាក់កណ្តាលផ្លូវ ក៏បានសម្រេចសោតាបត្តិផល លុះបានមកដល់វត្តហើយ បានចូលទៅរកព្រះសង្ឃ ដើម្បីសុំបួសជាថ្មីម្តងទៀត ។ ព្រះសង្ឃ មិនព្រមបំបួសឲ្យ តែនាយចិត្តហត្ថៈ ចេះតែសុំឣង្វរករព្រះសង្ឃ ជាច្រើនលើក ច្រើនគ្រា ។ ព្រះសង្ឃ ទន់ចិត្តឣាណិតឣាសូរ ក៏បានបំបួសឲ្យជាថ្មីម្តងទៀត ។ លុះបួសស្រេចហើយ ក៏បានសម្រេចព្រះឣរហត្តផល ក្នុងពេលនោះ ។
ពួកភិក្ខុទាំងឡាយ មិនឃើញលោកសឹក ដូចជាលើកមុនៗ ទៀត ក៏កើតមានសេចក្តីសង្ស័យ ហើយក៏បានសួរព្រះថេរៈ ថា “ចុះហេតុអ្វី បានជាលោកម្ចាស់ មិនចង់សឹក ដូចជាលើកមុនៗ ទៀត?” ។
ព្រះថេរៈ ឆ្លើយថា “ខ្ញុំ មិនមានការជាប់ជំពាក់អ្វីទៀតហើយ ឈប់មានធម៌ជាគ្រឿងទៅទៀតហើយ” ។
ពួកភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “លោកពោលឣួត ព្រះឣរហត្តផលដែលមិនមានក្នុងខ្លួន” ហើយបាននាំយករឿងនេះទៅក្រាបទូលថ្វាយ ដល់ព្រះសាស្តាទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ធានារ៉ាប់រង ថា “ព្រះថេរៈ បានពោលត្រឹមត្រូវហើយ” ទីបញ្ចប់ ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៦. | អនវដ្ឋិតចិត្តស្ស | សទ្ធម្មំ អវិជានតោ |
| បរិប្លវប្បសាទស្ស | បញ្ញា ន បរិបូរតិ ។ |
👉ប្រាជ្ញា រមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លាអណ្តែតទៅ ។
| ៧. | អនវស្សុតចិត្តស្ស | អនន្វាហតចេតសោ |
| បុញ្ញបាបប្បហីនស្ស | នត្ថិ ជាគរតោ ភយំ ។ |
👉ភ័យរមែងមិនមានដល់បុគ្គល អ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យ និងបាបបានលះចោលហើយ ភ្ញាក់រឭកជានិច្ច ។
