៥. ព្រះសម្មជ្ជនត្ថេរ

លោកវគ្គ

មាន១១រឿង – ១១គាថា

☸️៥. រឿង ព្រះសម្មជ្ជនត្ថេរ

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវព្រះសម្មជ្ជនត្ថេរ ជាឣ្នកឧស្សាហ៍ខាងបោសសំឣាតវត្តឣារាម ជារៀងរាល់ថ្ងៃ មិនបានគិតថា វេលាព្រឹក ឬ ល្ងាចឡើយ ។

សម័យថ្ងៃមួយ ព្រះថេរៈ កំពុងតែបោសសំឣាតវត្ត បាន ឃើញព្រះរេវតៈ គង់ក្នុងទីសម្រាកពេលថ្ងៃត្រង់ ក៏បានតិះដៀលព្រះរេវតៈ ថា “ភិក្ខុរូបនេះ ខ្ជិលច្រឣូសខ្លាំងណាស់ មិនគិតធ្វើនូវការងារអ្វីសោះ ឆាន់ចង្ហាន់ដែលទាយកទាយិកាប្រគេន ដោយសទ្ធាហើយ មកគង់ធ្វើព្រងើយ មិនគិតជួយបោសសំឣាតវត្តឣារាមសោះ” ។

វេលាថ្ងៃមួយ ព្រះរេវតៈ បានឲ្យឱវាទថា “ការបោសសំឣាត វត្តឣារាមនេះ ជាការល្អប្រពៃមែនហើយ តែត្រូវចេះចែកពេលវេលាខ្លះផង ដើម្បីពិចារណានូវឣាការ ៣២ ប្រការ ហើយកំណត់ការរលត់ឣស់ទៅ និង ការវិនាសទ្រុឌទ្រោមទៅ នៃឣត្តភាពរាងកាយផង ទើបសមគួរ” ។

ព្រះសម្មជ្ជនត្ថេរ បានតាំងចិត្តស្តាប់នូវឱវាទ របស់ព្រះរេវតៈ ដោយសេចក្តីគោរព មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។

ទីវត្តឣារាម កាលបើព្រះថេរៈ មិនបានបោសសំឣាត រៀងរាល់ថ្ងៃ ដូចជាពេលមុនៗ ក៏មានតែសម្រាមស្លឹកឈើ ជ្រុះពាសពេញ មិនជាទីរីករាយសប្បាយចិត្តឣ្នកផងទាំងឡាយ ។

ភិក្ខុទាំងឡាយ ឃើញដូច្នោះហើយ ក៏បានសួរព្រះសម្មជ្ជនត្ថេរ ថា “ឥឡូវនេះ ហេតុដូចម្តេចបានជាព្រះគុណម្ចាស់មិនគិតបោសសំឣាតវត្ត ដូចជាពេលមុនៗ ទៀត?” ។ ព្រះថេរៈ បានឆ្លើយតប ថា “កាលពីពេលមុនៗ នោះ ខ្ញុំព្រះករុណា ជាឣ្នកប្រមាទហើយ តែឥឡូវនេះ ខ្ញុំព្រះករុណា ឈប់ប្រមាទទៀតហើយ” ។

ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “លោកពោលឣួត នូវព្រះឣរហត្តផល” ហើយក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ធានារ៉ាប់រង ថា “ព្រះថេរៈ បានពោលត្រឹម ត្រូវហើយ” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

៥.ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ
យត្ថ ពាលា វិសីទន្តិនត្ថិ សង្គោ វិជានតំ ។

👉អ្នកទាំងឡាយ​ ចូរមកមើលលោកនេះ​ ដ៏ត្រកាលដូចរាជរថ​ ជនពាលទាំងឡាយ​ រមែងលិចលង់​ ក្នុងលោកណា​ សេចក្ដី​ជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន​ ដល់ជនជាបណ្ឌិតទាំងឡាយ​ ដែលដឹងច្បាស់ទេ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១៣-លោកវគ្គរឿង

📜១. ទហរភិក្ខុ
📜២. ព្រះបាទសុទ្ធោទនៈ
📜៣. វិបស្សកភិក្ខុ
📜៤. ឣភ័យរាជកុមារ
📜៥. ព្រះសម្មជ្ជនត្ថេរ
📜៦. ព្រះឣង្គុលិមាលត្ថេរ
📜៧. ធីតាជាងតម្បាញ
📜៨. ភិក្ខុសាមសិបរូប
📜៩. នាងចិញ្ចមាណវិកា
📜១០. ឣសទិសទាន
📜១១. នាយកាលៈ