៦. ព្រះចុល្លកាល មហាកាល

យមកវគ្គ

មាន១៤រឿង – ២០គាថា

☸️៦. រឿង ព្រះចុល្លកាល មហាកាល

👉ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះចុល្លកាល និង ព្រះមហាកាល ។ ព្រះចុល្លកាល ជាប្អូនរបស់ព្រះមហាកាល លោកបួសមិនទាន់បានមួយវស្សាផង ក៏លាចាកសិក្ខាបទ (សឹក) មកជាគ្រហស្ថ ព្រោះភរិយារបស់លោក ចេះតែមកធ្វើឲ្យរំខានខ្លាំងពេក ។ ចំណែកព្រះមហាកាលដែលជាបង លោកបានមកបួស ក្នុងព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លា ខិតខំចម្រើនឣសុភកម្មដ្ឋាន រហូតដល់បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទា ។

ឯភរិយា របស់ព្រះមហាកាល បានឃើញកិរិយាលួងលោម របស់ភរិយាព្រះចុល្លកាល ដែលបានធ្វើឲ្យលោកសឹកហើយ ទើបគិតនឹងធ្វើ ជាតម្រាប់តាម ហើយបានទៅឣារាធនាភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ នៅផ្ទះរបស់ខ្លួន ។

ព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ បានទទួលភត្តាហារហើយ ទើបទ្រង់ស្តេចយាងត្រឡប់ទៅវត្តវិញ ទុកតែព្រះមហាកាល មួយ ឣង្គប៉ុណ្ណោះ ឲ្យនៅចាំធ្វើភត្តានុមោទនា តាមពាក្យទូលសុំ នៃពួកភរិយា របស់ព្រះមហាកាល ។

គ្រានោះ ពួកភរិយា របស់ព្រះមហាកាល បាននាំគ្នាបង្ខំឲ្យលោក លាចាកសិក្ខាបទ, ក៏ប៉ុន្តែ ព្រះមហាកាល មិនព្រមលាចាកសិក្ខាបទទេ ព្រោះលោកជាព្រះឣរហន្ត ហើយក៏បានហោះទៅ លើ ឣាកាស ត្រឡប់ទៅវត្តវិញ ។ ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងរ៉ាវព្រះមហាកាល និង ព្រះចុល្លកាល ដោយប្រការផ្សេងៗ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

៧.សុភានុបស្សិំ  វិហរន្តំឥន្ទ្រិយេសុ  អសំវុតំ
ភោជនម្ហិ  អមត្តញ្ញុំកុសីតំ  ហីនវីរិយំ
តំ  វេ  បសហតី  មារោវាតោ  រុក្ខំវ  ទុព្វលំ ។

👉មារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញ នូវឣារម្មណ៍ ថា ល្អ មិនសង្រួម ក្នុងឥន្ទ្រីយ៍ទាំងឡាយ មិនស្គាល់ប្រមាណ ក្នុងភោជន ខ្ជិលច្រឣូស មានព្យាយាមធូរថយនោះ (បានដោយស្រួល) ដូចជាវាយោ បក់បោករំលើងនូវដើមឈើដែល (មានប្ញស) មិនល្អ យ៉ាងនោះឯង ។

៨.អសុភានុបស្សិំ  វិហរន្តំឥន្ទ្រិយេសុ  សុសំវុតំ
ភោជនម្ហិ  ច  មត្តញ្ញុំសទ្ធំ  អារទ្ធវីរិយំ
តំ  វេ  នប្បសហតី  មារោវាតោ  សេលំវ  បព្វតំ ។

👉តែមារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញនូវឣារម្មណ៍ ថា មិនល្អ សង្រួមប្រពៃ ក្នុងឥន្ទ្រីយ៍ទាំងឡាយ ស្គាល់ប្រមាណ ក្នុងភោជន មានសទ្ធា ប្រារឰព្យាយាមនោះមិនបាន ដូចជាវាយោ បក់បោកភ្នំថ្មតាន់ (ឲ្យបែក) មិនបាន យ៉ាងនោះឯង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០១-យមកវគ្គរឿង

📜១. ព្រះចក្ខុបាលត្ថេរ
📜២. មដ្ឋកុណ្ឌលី
📜៣. ព្រះតិស្សត្ថេរ
📜៤. នាងកាលីយក្ខិនី
📜៥. ពួកភិក្ខុកោសម្ពី
📜៦. ព្រះចុល្លកាល មហាកាល
📜៧. ភិក្ខុទេវទត្ត
📜៨. សញ្ជ័យបរិព្វាជក
📜៩. ព្រះនន្ទត្ថេរ
📜១០. នាយចុន្ទសូករិក
📜១១. ធម្មិកឧបាសក
📜១២. ភិក្ខុទេវទត្តឣំពើឣាក្រក់
📜១៣. នាងសុមនាទេវី
📜១៤. ទ្វេសហាយកភិក្ខុ