៧. មាតានាងកាណា

បណ្ឌិតវគ្គ

មាន១១រឿង – ១៤គាថា

☸️៧. រឿង មាតានាងកាណា

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមាតារបស់នាងកាណា ដែលបានរៀបចំធ្វើនំ ដើម្បីជូនកូនស្រី របស់ខ្លួនទៅត្រកូលស្វាមី ។ គ្រានោះ មានភិក្ខុ ៤ រូប បានផ្លាស់ប្តូរគ្នា ចូលទៅបិណ្ឌបាត, ភិក្ខុ មួយ រូបៗ ចូលទៅបិណ្ឌបាត ដល់ទៅ ៤ លើក រហូតដល់មាតា របស់នាងកាណា ធ្វើនំមិនទាន់ ដែលជាហេតុធ្វើឲ្យយឺតយូរដំណើរ ក្នុងការជូនកូនស្រីរបស់ខ្លួន ទៅត្រកូលនៃស្វាមី ។ ព្រោះតែការយឺតយូរនេះឯង បានជាស្វាមី របស់នាងកាណា រៀបការជាមួយស្រីថ្មីទៀត ។ នាង កាណា បានដឹងរឿងនេះហើយ ក៏មានចិត្តក្រោធខឹង នឹងពួកភិក្ខុទាំងនោះ យ៉ាងខ្លាំង ឃើញពួកភិក្ខុ ពេលណា ក៏ជេរប្រទេច តិះដៀល គ្រប់បែបយ៉ាង មិនរើសមុខថា ឣង្គណាជាឣង្គឡើយ ។

ព្រះសាស្តា ទ្រង់យាងទៅ ទេសនាប្រោសនាងកាណា ឲ្យនាងបានសម្រេចព្រះសោតាបត្តិផលហើយ ស្តេចយាង តាមផ្លូវព្រះបរមរាជវាំង ។ ព្រះបាទបសេនទិកោសល ទ្រង់ទតព្រះនេត្រឃើញព្រះសាស្តា ហើយទើបស្តេចយាងមកគាល់ ។ ព្រះសាស្តា ទ្រង់ត្រាស់រឿងនាងកាណា តាំងពីដើមមករហូត ដល់នាងបានសម្រេចសោតាបត្តិផល ឲ្យព្រះរាជាទ្រង់ជ្រាប ។ ព្រះរាជា ទ្រង់មានព្រះទ័យ សោមនស្សជាទីបំផុត ហើយទ្រង់បានយកនាងកាណានោះ ទៅចិញ្ចឹម ដូចជាធីតា របស់ព្រះឣង្គ ។ នាងកាណា បានជាភរិយារបស់មហាឣាមាត្យ ។ ចាប់តាំងពីពេលនោះមក នាងមានចិត្តជ្រះថ្លា ចេះធ្វើបុណ្យកុសល ក្នុងព្រះពុទ្ធសាសនា តែនាងមិនបានទទួលភិក្ខុដែលខ្លួនត្រូវឧបដ្ឋាក ព្រោះភិក្ខុទាំងនោះ បានរាងចាល ចាប់តាំងតែអំពីពេលដែលត្រូវនាងជេរប្រទេចមកម៉្លេះ ។ នាង បានដាក់វេន ឲ្យបុរសឈរចាំត្រង់ មាត់ទ្វារនគរ ដើម្បីនិមន្តលោកឲ្យមកផ្ទះរបស់ខ្លួន ហើយបានបំពេញនូវបុណ្យកុសល បរិច្ចាគទានផ្សេង ៗ ពុំដែលដាច់ឡើយ ។

ពួកភិក្ខុទាំងឡាយ ប្រជុំគ្នា និយាយពីរឿងនាងកាណា ហើយ ពោលសរសើរគុណ របស់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់ នូវព្រះគាថានេះ ថា ៖

៧.យថាបិ រហទោ គម្ភីរោវិប្បសន្នោ អនាវិលោ
ឯវំ ធម្មានិ សុត្វានវិប្បសីទន្តិ បណ្ឌិតា ។

👉អន្លង់ទឹកជ្រៅ រមែងថ្លាមិនល្អក់យ៉ាងណា បណ្ឌិតទាំងឡាយ បានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់សួន​យ៉ាងនោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ០៦-បណ្ឌិតវគ្គរឿង

📜១. ព្រះរាធត្ថេរ
📜២. ឣស្សជ្ជិបុនព្វសុកភិក្ខុ
📜៣. ព្រះឆន្នត្ថេរ
📜៤. ព្រះមហាកប្បិនត្ថេរ
📜៥. បណ្ឌិតសាមណេរ
📜៦. ព្រះលកុណ្តកភទ្ទិយៈ
📜៧. មាតានាងកាណា
📜៨. បញ្ចសតភិក្ខុ
📜៩. ព្រះធម្មិកត្ថេរ
📜១០. ធម្មស្សវនៈ
📜១១. ឣាគន្តុកភិក្ខុ