៧. សម្ពហុលភិក្ខុ

នាគវគ្គ

មាន៨រឿង – ១៤គាថា

☸️៧. រឿង សម្ពហុលភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុ ជាច្រើនរូប មានព្រះឣានន្ទ ជាប្រធាន ដែលបាននាំគ្នា ទៅគាល់ព្រះឣង្គ ក្នុងគ្រាដែលព្រះឣង្គ ស្តេចយាងគេចចេញពីការវិវាទឈ្លោះប្រកែកគ្នា នៃពួកភិក្ខុកោសម្ពី ហើយស្តេចយាងទៅគង់ចាំព្រះវស្សា នៅក្នុងព្រៃរក្ខិតវ័ន ។

ព្រះឣានន្ទត្ថេរ បានទៅកាន់ព្រៃរក្ខិតវ័ន ហើយបានឲ្យភិក្ខុទាំង ឡាយ សម្រាករង់ចាំ នៅឯខាងក្រៅសិន ខ្លួនលោក តែមួយឣង្គឯងគត់ ក៏បានចូលទៅគាល់ព្រះសាស្តា ។

គ្រានោះ ដំរីបាលិលេយ្យកៈ បានឃើញព្រះឣានន្ទហើយ ក៏ចាប់កំណាត់ឈើ បោលយ៉ាងលឿន តម្រង់ឆ្ពោះទៅរកព្រះឣានន្ទ ។

ព្រះសាស្តាទ្រង់ត្រាស់ហាមថា “កុំឡើយ បាលិលេយ្យកៈ” ។

ដំរីនោះ បានឈប់ដេញ ហើយឈរនៅស្ងៀម ចាំមើល… ឃើញព្រះថេរៈ ចូលទៅគាល់ព្រះសាស្តាហើយ មិនយកគ្រឿងបរិក្ខាររបស់ខ្លួន ដាក់លើទីប្រថាប់ របស់ព្រះសាស្តា ក៏មានចិត្តជ្រះថ្លាក្នុងគារវៈ របស់ព្រះឣានន្ទ ។

ព្រះឣានន្ទ បានក្រាបទូលព្រះពុទ្ធឣង្គ ថា បពិត្រព្រះឣង្គ ដ៏ ចម្រើន ខ្ញុំព្រះករុណា បាននាំភិក្ខុទាំងឡាយមកដែរ តែបានឲ្យនៅរង់ចាំខាងក្រៅឯណោះ ។

ព្រះបរមសាស្តាចារ្យ ទ្រង់បានត្រាស់បើកឱកាស ឲ្យភិក្ខុទាំង នោះ ចូលមកគាល់ហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

៩.សចេ លភេថ និបកំ សហាយំសទ្ធឹចរំ សាធុវិហារិធីរំ
អភិភុយ្យ សព្វានិ បរិស្សយានិចរេយ្យ តេនត្តមនោ សតីមា ។

👉បើបុគ្គលបានសម្លាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន​ មានប្រាជ្ញាចងចាំ មានគុណ​ធម៌​ជា​គ្រឿង​នៅ​ ញ៉ាំង​ប្រយោជន៍​ឲ្យសម្រេច​ ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេកអរ មាន​ស្មារតី​គ្រប​សង្កត់​សេចក្ដី​អន្ដរាយ​ទាំង​ពួង​ហើយ​ ត្រាច់ទៅជាមួយនឹងសម្លាញ់នោះឯង ។

១០.នោ ចេ លភេថ និបកំ សហាយំសទ្ធឹចរំ សាធុវិហារិធីរំ
រាជាវ រដ្ឋំ វិជិតំ បហាយឯកោ ចរេ មាតង្គរញ្ញេវ នាគោ ។

👉បើស្វែងរកមិនបានសម្លាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន​ មានប្រាជ្ញាចងចាំ មានគុណ​ធម៌​ជា​គ្រឿង​នៅ​ ញ៉ាំង​ប្រយោជន៍​ឲ្យសម្រេច​ ជាអ្នកត្រាច់ទៅជាមួយទេ គួរ​ត្រាច់​ទៅ​តែ​ឯក​ឯង​វិញ​ ដូច​ព្រះ​រាជា ​លះ​បង់​រដ្ឋ​ដែល​ទ្រង់​ឈ្នះ​ហើយ ស្ដេចទៅតែឯកអង្គ ពុំនោះសោត ដូចដំរី​ឈ្មោះ​មាតង្គៈ ដែល​លះ​ហ្វូង​ ត្រាច់​ទៅ​ជា​ឯក​ឯង​ ក្នុង​ព្រៃ​ដូច្នោះ​ដែរ ។

១១.ឯកស្ស ចរិតំ សេយ្យោនត្ថិ ពាលេ សហាយតា
ឯកោ ចរេ ន ច បាបានិ កយិរាអប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ ។

👉ការត្រាច់ទៅរបស់បុគ្គលឯកឯង ជាគុណជាតប្រសើរបំផុត​ ព្រោះថាសហាយតាគុណ រមែងមិនមាន ក្នុង​ជន​ពាល​ឡើយ​ បុគ្គលនោះ​ គប្បីជាអ្នកមិនសេចក្ដីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង​ មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូច​ដំរីឈ្មោះមាតង្គៈ​ ជាសត្វមិនមានសេចក្ដីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯងក្នុងព្រៃ​ ដូច្នោះដែរ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៨

📜 ២៣-នាគវគ្គរឿង

📜១. របស់ព្រះឣង្គ
📜២. ហត្ថាចារិយបុព្វកភិក្ខុ
📜៣. បុត្រព្រាហ្មណ៍បួននាក់
📜៤. ព្រះបាទបសេនទិកោសល
📜៥. សានុសាមណេរ
📜៦. ដំរីបាវេរកៈ
📜៧. សម្ពហុលភិក្ខុ
📜៨. មារ