៧. សម្ពហុលភិក្ខុ

ភិក្ខុវគ្គ

មាន១២រឿង – ២៣គាថា

☸️៧. រឿង សម្ពហុលភិក្ខុ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុជាច្រើនរូប ។ ពេលដែលមិនទាន់បានបួស, ភិក្ខុទាំងនោះ ជាចោរ បានទៅលួចប្លន់ផ្ទះ របស់ឧបាសិកាម្នាក់ ។ មេចោរ បានលបទៅធ្វើការប្រទូសរ៉ាយឧបាសិកាម្នាក់ ដែលកំពុងតែឣង្គុយស្តាប់ធម៌ទេសនា ក្នុងព្រះវិហារ ។ ក្នុងពេលជាមួយគ្នានោះដែរ ស្រាប់តែមានមនុស្ស ទៅប្រាប់ឧបាសិកានោះ ថា “ឥឡូវនេះ ពួកចោរ បានប្លន់ផ្ទះហើយ បានយកនូវទ្រព្យសម្បត្តិ នេះខ្លះ នោះខ្លះ” ។

ឧបាសិកា បាននិយាយប្រាប់ថា “បើពួកចោរចង់បានរបស់អ្វី សូមឲ្យពួកគេយករបស់ទាំងនោះ តាមសេចក្តីប្រាថ្នាចុះ ខ្ញុំ នឹងស្តាប់ព្រះធម៌ទេសនាសិន” ដូច្នេះហើយ ក៏បាននិយាយទៅកាន់ឣ្នកដែលមកប្រាប់នោះ ឣស់វារៈ ៣ ដង ។

មេចោរ បានឮឧបាសិកាពោលដូច្នោះហើយ ក៏មានចិត្តជ្រះថ្លា ហើយបានប្រញាប់ប្រញាល់ ទៅប្រាប់ដល់កូនចោរ របស់ខ្លួន ឲ្យនាំយកទ្រព្យសម្បត្តិ ដែលបានប្លន់មកនោះ ទៅទុកក្នុងផ្ទះឧបាសិកានោះ ឲ្យដូចដើមវិញ បាននាំគ្នាសុំទោសចំពោះឧបាសិកានោះ ស្រេចហើយ ក៏ចេញទៅបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនាទាំងឣស់គ្នា លុះបួសហើយ ក៏បានទៅបំពេញសមណធម៌ លើកំពូលភ្នំដ៏ស្ងាត់មួយ ។

ព្រះសាស្តា ទ្រង់បានបញ្ចេញនូវព្រះរស្មី ទៅរកភិក្ខុទាំងនោះ បីដូចជាទ្រង់គង់ ក្នុងទីចំពោះមុខ នៃភិក្ខុទាំងនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះថា៖

៩.មេត្តាវិហារី យោ ភិក្ខុបសន្នោ ពុទ្ធសាសនេ
អធិគច្ឆេ បទំ សន្តំសង្ខារូបសមំ សុខំ ។

👉ភិក្ខុណា​ នៅដោយអំណាចមេត្តា ជ្រះថា្លក្នុងព្រះពុទ្ធសាសនា​ ភិក្ខុនោះ​ រមែងបានបទដ៍ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំ​មកនូវសេចក្ដីសុខ ។

១០.សិញ្ច ភិក្ខុ ឥមំ នាវំសិត្តា តេ លហុមេស្សតិ
ឆេត្វា រាគញ្ច ទោសញ្ចតតោ និព្វានមេហិសិ ។

👉ម្នាលភិក្ខុ ចូរអ្នកស្ដារទូកគឺអត្តភាពនេះ ទូកដែលអ្នកស្ដារហើយ​ នឹងដល់ត្រើយឆាប់ អ្នកកាត់​រាគៈ និង​ទោសៈ​បាន​ហើយ​​ អំពីនោះនឹងអាចដល់នូវព្រះនិព្វាន ។

១១.បញ្ច ឆិន្ទេ បញ្ច ជហេបញ្ច ចុត្តរិ ភាវយេ
បញ្ចសង្គាតិគោ ភិក្ខុមុឱឃតិណ្ណោតិ វុច្ចតិ ។

👉ភិក្ខុគប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង​ គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បី​ចម្រើនឥន្ទ្រិយ ៥ ត​ទៅ​ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងជំពាក់ ៥ ( រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ )​ បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន ។

១២.ឈាយ ភិក្ខុ មា ច បមាទោមា តេ កាមគុណេ ភមស្សុ ចិត្តំ
មា លោហគុឡំ គិលី បមត្តោមា កន្ទិ ទុក្ខមិទន្តិ ឌយ្ហមានោ ។

👉ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរជាអ្នកកុំប្រមាទផង ចិត្តរបស់អ្នកចូរកុំវិលទៅរកកាមគុណ​ឡើយ អ្នកចូរកុំប្រមាទ ទំពា​ស៊ីនូវដុំលោហៈ​ កុំឲ្យជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញ​ថា នេះទុក្ខ ដូច្នេះឡើយ ។

១៣.នត្ថិ ឈានំ អបញ្ញស្សនត្ថិ​ បញ្ញា អឈាយិនោ
យម្ហិ ឈានញ្ច បញ្ញា ចស វេ និព្វានសន្តិកេ ។

👉ការពិនិត្យមិនមាន​ ដល់បុគ្គលអ្នកមិនមានប្រាជ្ញា​ ជ្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យ ការ​ពិនិត្យ​ និង​ប្រាជ្ញា​មាន​ក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះ​និព្វាន ។

១៤.សុញ្ញាគារំ បវិដ្ឋស្សសន្តចិត្តស្ស ភិក្ខុនោ
អមានុសី រតិ ហោតិសម្មា ធម្មំ វិបស្សតោ ។

👉សេចក្ដីត្រេកអរ ដែលមិនមែនជារបស់មនុស្ស​ រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នក​មាន​ចិត្ត​រម្ងាប់​ អ្នក​ឃើញធម៌​ ដោយប្រពៃ ។

១៥.យតោ យតោ សម្មសតិខន្ធានំ ឧទយព្វយំ
លភតិ បីតិបាមោជ្ជំអមតំ តំ វិជានតំ ។

👉ភិក្ខុពិចារណាការកើតឡើង​ និងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា​ ក្នុងកាលនោះ ភិក្ខុនោះ​​​ រមែង​បាន​បីតិ​ និង​បាមោជ្ជៈ បីតិនិងបាមោជ្ជៈនោះ​ ឈ្មោះថា ជាអមតធម៌របស់បណ្ឌិត អ្នកដឹង​ធម៌ទាំងឡាយ ។

១៦.តត្រាយមាទិ ភវតិឥធ បញ្ញស្ស ភិក្ខុនោ
ឥន្ទ្រិយគុត្តិ សន្តុដ្ឋិបាតិមោក្ខេ ច សំវរោ ។

👉គុណ​ ៣​ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្ដីសន្ដោស ១​ ការសង្រួមក្នុងបាតិមោក្ខ​ ១ ជា​ខាង​ដើម​នៃ​ព្រះ​និព្វាន​នោះ​ តែងមានដល់ភិក្ខុអ្នកមានបញ្ញា​ ក្នុងសាសនានេះ ។

១៧.មិត្តេ ភជស្សុ កល្យាណេសុទ្ធាជីវេ អតន្ទិតេ
បដិសន្ថារវុត្យស្សអាចារកុសលោ សិយា
តតោ បាមោជ្ជពហុលោទុក្ខស្សន្តំ ករិស្សសិ ។

👉( ម្នាលភិក្ខុ ) អ្នកចូរគប់រកកល្យាណមិត្ត​ អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធ ជាអ្នកមិន​ខ្ជិល​ច្រអូស​ ភិក្ខុ​គប្បី​ជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ​ ព្រោះហេតុ​ទាំងពីរនោះ អ្នក​នឹង​មាន​បាមោជ្ជៈ​ច្រើន​ នឹងធ្វើទីបំផុតទុក្ខបាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៥-ភិក្ខុវគ្គរឿង

📜១. បញ្ចភិក្ខុ
📜២. ភិក្ខុសម្លាប់ហង្ស
📜៣. កោកាលិកភិក្ខុ
📜៤. ព្រះធម្មារាមត្ថេរ
📜៥. ឣញ្ញត្រវិបក្ខកភិក្ខុ
📜៦. បញ្ចគ្គទាយកព្រាហ្មណ៍
📜៧. សម្ពហុលភិក្ខុ
📜៨. ភិក្ខុប្រាំរយរូប
📜៩. ព្រះសន្តកាយត្ថេរ
📜១០. ព្រះនង្គលកូដត្ថេរ
📜១១. ព្រះវក្កលិត្ថេរ
📜១២. សុមនសាមណេរ