ធម្មដ្ឋវគ្គ
មាន១០រឿង – ១៧គាថា
☸️៨. រឿង តិរ្ថិយ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកតិរ្ថិយ ។ ក្នុងពេលដែលព្រះសាស្តាទ្រង់ឣនុញ្ញាត ឲ្យពួកភិក្ខុធ្វើឣនុមោទនាវិធី, ពួកប្រជាជន បានស្តាប់ពួកភិក្ខុធ្វើការឣនុមោទនាហើយ ក៏មានចិត្តជ្រះថ្លា បានធ្វើសក្ការបូជា ដល់ភិក្ខុសង្ឃជាច្រើន ។ ចំណែក ពួកតិរ្ថិយ បានដើរឃោសនា ថា “ពួកសាវ័ក របស់ព្រះសាស្តា និយាយច្រើនពេក តែពួកយើងជាមុនី ជាឣ្នកនៅស្ងប់ស្ងៀម” ។
ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបត្រាស់នូវព្រះគាថានេះថា ៖
| ១៣. | ន មោនេន មុនិ ហោតិ | មូឡ្ហរូបោ អវិទ្ទសុ |
| យោ ច តុលំវ បគ្គយ្ហ | វរមាទាយ បណ្ឌិតោ ។ |
👉បុគ្គលមានសេចក្ដីវង្វេង ជាធម្មតា មិនមានការចេះដឹង មិនបានឈ្មោះថា ជាមុនី ដោយភាពជាអ្នកស្ងៀមទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ វៀរចាកបាបទាំងឡាយ ។
| ១៤. | បាបានិ បរិវជ្ជេតិ | ស មុនី តេន សោ មុនិ |
| យោ មុនាតិ ឧភោ លោកេ | មុនិ តេន បវុច្ចតិ ។ |
👉ដូចបុគ្គលកាន់ជញ្ជីងហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះថា ជាមុនី ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គលណា ដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះ ហៅថាមុនី ដោយហេតុនោះ ។
