៨. នាងវិសាខា

បុប្ផវគ្គ

មាន១២រឿង – ១៦គាថា

☸️៨. រឿង នាងវិសាខា

👉ព្រះបរមសាស្តា ទ្រង់ប្រារឰមហាឧបាសិកា ឈ្មោះវិសាខា ជាឣ្នកមានបុណ្យច្រើន កើតក្នុងត្រកូលនៃធនញ្ជ័យសេដ្ឋី មានរូបរាងស្រស់ស្អាត ជាបញ្ចកល្យាណី មានកម្លាំងស្មើនឹងដំរីសារ ៥ ជាឣ្នកមានប្រាជ្ញាច្រើន បានសម្រេចសោតាបត្តិផល តាំងតែពីនាងនៅមានឣាយុ ៧ ឆ្នាំ ។

ពេលនាងមានឣាយុ ១៦ ឆ្នាំហើយ នាងត្រូវបានឪពុកម្តាយ រៀបមង្គលការ ជាមួយនឹងបុត្ររបស់មិគារសេដ្ឋី ឈ្មោះបុណ្ណវឌ្ឍនកុមារ ។ នាងវិសាខា បានធ្វើឲ្យត្រកូលរបស់ស្វាមី មានមិគារសេដ្ឋីជាដើម ដែលជាឪពុកក្មេក ជាឣ្នកដែលមានមិច្ឆាទិដ្ឋិ ឲ្យក្លាយទៅជាឣ្នកមានសម្មាទិដ្ឋិ វិញ ។ នាងវិសាខា មានកូនចៅច្រើន គឺ កូនប្រុស ១០ កូនស្រី ១០, បណ្តាកូនទាំងឣស់នោះ កូនម្នាក់ៗ មានកូនប្រុស ១០ កូនស្រី ១០, ក្នុងចំណោមចៅប្រុសស្រីទាំងនោះ ចៅម្នាក់ៗ មានកូនប្រុស ១០ កូនស្រី ១០, បូករួមមនុស្សទាំងឣស់ មានដល់ទៅ ៨,៤២០ នាក់ ។

នាងវិសាខា មានឣាយុ ១២០ ឆ្នាំ ហាក់បីដូចជាស្ត្រី ដែលមានឣាយុត្រឹមតែ ១៦ ឆ្នាំ ប៉ុណ្ណោះ នាងជាពុទ្ធុប្បដ្ឋាយិកា បានជួយឧបត្ថម្ភ ទំនុកបំរុងព្រះភិក្ខុសង្ឃ ហើយបានបរិច្ចាគគ្រឿងសម្លៀកបំពាក់ របស់នាង ឈ្មោះមហាលតា ដើម្បីសាងវត្តបុព្វារាម ថ្វាយព្រះពុទ្ធសាសនា ។ ពេលដែលនាងបានសាងវត្តបុព្វារាម រួចស្រេចហើយ នាងមានបីតិ រីករាយ ឥតឧបមា បានឧទានគាថា ដើរជុំវិញព្រះវិហាររបស់នាង ។

ភិក្ខុទាំងឡាយ បានឃើញនាងវិសាខា ដើរជុំវិញព្រះវិហារ ហើយ ឧទានគាថា យ៉ាងដូច្នេះហើយ ទើបនាំគ្នាទៅក្រាបទូល ដល់ព្រះសាស្តា ថា “នាងវិសាខា ដើរច្រៀងលេងសប្បាយ” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ នាងវិសាខា បានឧទាន ជុំវិញព្រះវិហារយ៉ាងនេះ ព្រោះនាងបានឃើញនូវសេចក្តីប្រាថ្នា របស់ខ្លួនបានសម្រេចជាស្ថាពរហើយ” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះ គាថានេះ ថា ៖

៩.យថាបិ  រុចិរំ  បុប្ផំវណ្ណវន្តំ  សគន្ធកំ
ឯវំ  សុភាសិតា  វាចាសផលា  ហោតិ ​សុកុព្វតោ  ។

👉ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន (រមែងក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជា​សុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ០៤-បុប្ផវគ្គរឿង

📜១. បឋវីបសុតបញ្ចសតភិក្ខុ
📜២. មរីចិកម្មដ្ឋានិកត្ថេរ
📜៣. ព្រះបាទវិឌូឌភៈ
📜៤. នាងបដិបូជិកា
📜៥. មច្ឆរិយកោសិយសេដ្ឋី
📜៦. បាដិកាជីវក
📜៧. ឆត្តបាណិឧបាសក
📜៨. នាងវិសាខា
📜៩. ឣានន្ទត្ថេរប្បញ្ហា
📜១០. មហាកស្សបបិណ្ឌបាត
📜១១. គោធិកត្ថេរបរិនិព្វាន
📜១២. នាយគរហទិន្ន