បណ្ឌិតវគ្គ
មាន១១រឿង – ១៤គាថា
☸️៨. រឿង បញ្ចសតភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប នៅពេលដែលព្រះឣង្គគង់ចាំវស្សា ក្នុងទីក្រុងវេរញ្ជា រហូតដល់បានចួបប្រទះនឹងពេលដែលមានភិក្ខា រកបានដោយលំបាក ។ ពួកភិក្ខុទាំងនោះ មានសេចក្តីលំបាក យ៉ាងខ្លាំង ក្នុងចង្ហាន់បិណ្ឌបាត ទោះជាយ៉ាងនោះក៏ដោយ ភិក្ខុទាំងនោះ ក៏នៅតែមានឣាការស្ងប់ស្ងៀម តាមសមណវិស័យ លុះចេញព្រះវស្សាហើយ ក៏បាននិមន្តទៅវត្តជេតពន នាក្រុងសាវត្ថី ជាមួយនឹងព្រះសាស្តា ។
ពួកមហាជន បានប្រគេនឣាគន្តុកភត្ត ជាច្រើន ដល់ភិក្ខុទាំងនោះ ក្នុងពេលនោះ មានវិឃាសាទជន គឺ ក្មេងវត្តចំនួន ៥០០ នាក់ ឣាស្រ័យពួកភិក្ខុ នៅក្នុងព្រះវិហារ ពេលដែលពួកគេទទួលភោជនរួចហើយ ក៏នាំគ្នាលេងប្រដាល់ប្រតប់ លោតប្រឡែងគ្នាលេង តាមទំនើងចិត្ត ឥតមានការខ្មាសឣៀនបន្តិចសោះ ។ ពួកភិក្ខុ បានឃើញយ៉ាងនេះហើយ ក៏បានរិះគន់ នូវកិរិយាមិនសមរម្យ របស់ពួកក្មេងវត្តទាំងនោះ ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ៨. | សព្ពត្ថ វេ សប្បុរិសា វជន្តិ | ន កាមកាមា លបយន្តិ សន្តោ |
| សុខេន ផុដ្ឋា អថ វា ទុខេន | ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ ។ |
👉ពួកសប្បុរស តែងលះ (ឆន្ទរាគ) ក្នុងធម៌ទាំងពួង ពួកលោកអ្នកស្ងប់ រមែងមិនរអែរអូវ ព្រោះសេចក្តីប្រាថ្នាក្នុងកាម ពួកបណ្ឌិត បើសេចក្តីសុខ ឬទុក្ខពាល់ត្រូវហើយ រមែងមិនសម្តែងអាការឡើងចុះឡើយ ។
