៨. សញ្ជ័យបរិព្វាជក

យមកវគ្គ

មាន១៤រឿង – ២០គាថា

☸️៨. រឿង សញ្ជ័យបរិព្វាជក

👉វគ្គ​នេះ​និយាយ​អំពី​ការ​ឆ្លើយ​តប​​របស់​ព្រះពុទ្ធ​ចំពោះ​សំណួរ​របស់​​ព្រះ​សារីបុត្រ និង ព្រះ​មហាមោគ្គល្លាន ។ ព្រះ​អគ្គសាវ័ក​ទាំង​ពីរ​រូប​បាន​ក្រាប​ទូល​សួរ​ព្រះ​ពុទ្ធ​អំពី​មូលហេតុ​ដែល​សញ្ជ័យបរិព្វាជក​មិន​មក​ចូល​រួម​ស្តាប់​សេចក្តី​បង្រៀន​របស់​ព្រះ​ពុទ្ធ ។

ឈ្មោះ​ពិត​​របស់​ព្រះ​សារីបុត្រ គឺ ឧបតិស្សៈ ហើយ​ឈ្មោះ​ពិត​​របស់​​ព្រះ​មហាមោគ្គល្លាន​ គឺ កោលិតៈ ។ លោក​ទាំង​ពីរ​​ធ្លាប់​ជា​សិស្ស​របស់​សញ្ជយបរិព្វាជក នៅ​ក្នុង​សម័យដែល​លោក​ទាំង​ពីរ​​កំពុងតែស្វែងរកមោក្ខធម៌ ។ នៅ​ក្នុង​សម័យ​នោះ សញ្ជយបរិព្វាជក គឺ​ជា​អាចារ្យ​ដែលមានឈ្មោះ​បោះ​សម្លេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​រាជគ្រឹះ ។

ក្រោយមក ឧបតិស្សបរិព្វាជក (គឺព្រះសារីបុត្រ) បានស្តាប់នូវឣរិយសច្ចកថា ឣំពីសំណាក់ នៃព្រះឣស្សជ្ជិត្ថេរ ដោយសង្ខេប ហើយ ក៏បានសម្រេចព្រះសោតាបត្តិផល ទើបត្រឡប់មកពន្យល់ឲ្យកោលិតបរិព្វាជក (ព្រះមហាមោគ្គល្លាន) ជាសំឡាញ់របស់ខ្លួន បានស្តាប់ រហូតដល់កោលិតៈ បានសម្រេចនូវព្រះសោតាបត្តិផល ដូចខ្លួនដែរ ស្រេចហើយ ទើបនាំគ្នាទៅកាន់សំណាក់គ្រូសញ្ជយបរិព្វាជក ដើម្បីសុំលាទៅ ក្រាបថ្វាយបង្គំគាល់ព្រះពុទ្ធជាម្ចាស់ ព្រមទាំងបានបបួលគ្រូសញ្ជ័យ ឲ្យទៅគាល់ជាមួយផងដែរ ។ តែគ្រូសញ្ជ័យ មិនព្រមទៅជាមួយឡើយ ។ ឧបតិស្សៈ និង កោលិតៈ ព្រមទាំងបរិវារ របស់ខ្លួន បាននាំគ្នាទៅគាល់ព្រះបរមសាស្តា ហើយបានក្រាប ថ្វាយបង្គំទូលសុំបព្វជ្ជា និង ឧបសម្ប័ទ ជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះបានសម្រេចនូវសោឡសកិច្ចហើយ ក៏បានទទួលដំណែងជាព្រះឣគ្គសាវ័ក ឆ្វេងស្តាំ ។ ក្រោយមក ព្រះឣគ្គសាវ័កទាំងពីរ បានក្រាបទូលព្រះសាស្តា ឣំពីរឿងដែលគ្រូសញ្ជ័យ មិនព្រមមកគាល់ព្រះឣង្គ ជាមួយនឹងពួកខ្លួន តាមពាក្យបបួល ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបត្រាស់ព្រះគាថានេះ ថា ៖

១១.អសារេ ​ សារមតិនោសារេ  ចាសារទស្សិនោ
តេ  សារំ  នាធិគច្ឆន្តិមិច្ឆាសង្កប្បគោចរា ។

👉ជនទាំងឡាយ ដែលយល់ឃើញ ក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផង ជាឣ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។

១២.សារញ្ច សារតោ  ញត្វាអសារញ្ច  អសារតោ
តេ  សារំ  អធិគច្ឆន្តិសម្មាសង្កប្បគោចរា ។

👉ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌ដែលគ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាឣ្នកមានតម្រិះត្រូវជាឣារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០១-យមកវគ្គរឿង

📜១. ព្រះចក្ខុបាលត្ថេរ
📜២. មដ្ឋកុណ្ឌលី
📜៣. ព្រះតិស្សត្ថេរ
📜៤. នាងកាលីយក្ខិនី
📜៥. ពួកភិក្ខុកោសម្ពី
📜៦. ព្រះចុល្លកាល មហាកាល
📜៧. ភិក្ខុទេវទត្ត
📜៨. សញ្ជ័យបរិព្វាជក
📜៩. ព្រះនន្ទត្ថេរ
📜១០. នាយចុន្ទសូករិក
📜១១. ធម្មិកឧបាសក
📜១២. ភិក្ខុទេវទត្តឣំពើឣាក្រក់
📜១៣. នាងសុមនាទេវី
📜១៤. ទ្វេសហាយកភិក្ខុ