ពុទ្ធវគ្គ
មាន៩រឿង – ១៨គាថា
☸️៨. រឿង សម្ពហុលភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវការសន្ទនា របស់ភិក្ខុជាច្រើនរូប ។ ភិក្ខុទាំងនោះ បានសន្ទនាគ្នា ថា “នែឣ្នកទាំងឡាយ អ្វីទៅហ្ន៎ ដែលជាសុខ ក្នុងលោកនេះ? ” ។ ភិក្ខុពួកខ្លះ ឆ្លើយថា “ភាពជាព្រះរាជានេះហើយ ជាសេចក្តីសុខ” ។ ភិក្ខុពួកខ្លះ ឆ្លើយថា “កាមនេះឯង ជាសុខ” ។ ភិក្ខុពួកខ្លះ ឆ្លើយថា “ការបរិភោគនូវភោជនាហារ ដែលមានរស់ជាតឆ្ងាញ់ៗ គឺជាសុខ” ។
ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖
| ១៦. | សុខោ ពុទ្ធានមុប្បាទោ | សុខា សទ្ធម្មទេសនា |
| សុខា សង្ឃស្ស សាមគ្គី | សមគ្គានំ តបោ សុខោ ។ |
👉ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ ការសំដែងព្រះសទ្ធម្ម នាំមកនូវសេចក្តីសុខ សេចក្ដីព្រមព្រៀងគ្នានៃពួកក្រុម នាំមកនូវសេចក្តីសុខ តបធម៌របស់បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយ នាំមកនូវសេចក្តីសុខ ។
