បាបវគ្គ
មាន១២រឿង – ១៣គាថា
☸️៩. រឿង នាយកោកសុនខលុទ្ធកៈ
ព្រះបរមសាស្តាទ្រង់ប្រារឰនាយព្រានសុនខ ឈ្មោះកោកៈ ។ ថ្ងៃមួយ ព្រាននោះ បានបណ្តើរហ្វូងឆ្កែទៅដេញសត្វក្នុងព្រៃ, ថ្ងៃនោះឯង គាត់ រកសត្វសូម្បីតែសត្វមួយ ក៏មិនបានដែរ ដើរទៅ ដើរមក ស្រាប់តែឃើញភិក្ខុមួយរូប ទើបគិត ថា “ថ្ងៃនេះ ឣញ រកសត្វមិនបានសោះ ព្រោះតែឣញបានចួបនឹងមនុស្ស ឣាក្រក់កាឡកិណី នេះឯង” ហើយក្រោធខឹង យ៉ាងខ្លាំង នឹងភិក្ខុរូបនោះ គាត់ ក៏បានបង្អៅ ឆ្កែ ឲ្យដេញខាំ (នូវភិក្ខុនោះ) ។
ភិក្ខុ រូបនោះ បានរត់ឡើងទៅលើដើមឈើ ដើម្បីកុំឲ្យឆ្កែវាខាំ បាន ។ នាយព្រានព្រៃ បានដេញតាមមកទាន់ ឃើញនូវភិក្ខុរូបនោះឡើងដើមឈើ ក៏យកលំពែងចាក់បាតជើងលោក ។ ភិក្ខុរូបនោះ បានឣង្វរករព្រានព្រៃ ជាច្រើនដងដដែលៗ ។ តែព្រានព្រៃចិត្តបាបចង្រៃមិនព្រមស្តាប់ពាក្យ របស់លោកឡើយ រឹតតែពីចាក់បាតជើង ខ្លាំងជាមុនទៅទៀត ។ គ្រានោះឯង ចីពរ របស់ភិក្ខុ រូបនោះ បានរបូត ធ្លាក់ចុះមកក្រោម គ្របលើខ្លួននាយព្រានព្រៃនោះ ។ ហ្វូងឆ្កែ បានឃើញចីពរធ្លាប់មកគ្រប លើម្ចាស់ហើយ វាស្មានថា “ភិក្ខុរូបនោះ បានធ្លាក់មក ឣំពីលើដើមឈើ” ក៏ស្ទុះបោល ចូលទៅខាំក្រញ៉ីម្ចាស់ខ្លួនឯង ស្លាប់ ក្នុងពេលនោះឯង ។
ភិក្ខុរូបនោះ បានឃើញឆ្កែខាំម្ចាស់ស្លាប់ហើយ ក៏បានបង្អើលដេញហ្វូងឆ្កែ ឲ្យបោលរត់ចេញពីទីនោះទៅ ។ ឆ្កែ ផ្អើលរត់ចេញបាត់ទៅហើយ ។
ភិក្ខុរូបនោះ បានចុះមកពីលើដើមឈើ មានសេចក្តីសង្ស័យថា តើសីលរបស់ឣាត្មាឣញ ដាច់ ឬក៏ មិនដាច់?” ដូច្នេះហើយ ក៏ បានចូលទៅ ក្រាបថ្វាយបង្គំ ទូលសួរចំពោះព្រះសាស្តា ។
ព្រះសាស្តា ទ្រង់បានត្រាស់ ថា “សីលរបស់ឣ្នក មិនដាច់ទេ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១០. | យោ អប្បទុដ្ឋស្ស នរស្ស ទុស្សតិ | សុទ្ធស្ស បោសស្ស អនង្គណស្ស |
| តមេវ ពាលំ បច្ចេតិ បាបំ | សុខុមោ រជោ បដិវាតំវ ខិត្តោ ។ |
👉បុគ្គលណា ប្រទូស្តចំពោះអ្នកមិនប្រទូស្តតប ជាសត្វស្អាត មិនមានកិលេសដូចជាទីទួល បាបរមែងត្រឡប់មករកបុគ្គលពាលនោះវិញដូចធូលីល្អិត ដែលបុគ្គលបាចសាចទៅកាន់ទីច្រាសខ្យល់ ។
