ភិក្ខុវគ្គ
មាន១២រឿង – ២៣គាថា
☸️៩. រឿង ព្រះសន្តកាយត្ថេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសន្តកាយត្ថេរ ។ ព្រះថេរៈ ជាឣ្នកមានកាយស្ងប់ មានមារយាទដ៏ត្រឹមត្រូវល្អ ព្រោះនិស្ស័យធ្លាប់បានកើតជារាជសីហ៍ ។ ធម្មតារាជសីហ៍ មុននឹងដេក តែងតែកំណត់ឣាការនៃកាយ លុះក្រោកឡើង ដឹងឣាការនោះខុសធម្មតា ក្នុងពេលដេកលក់ ទើបបានដាស់តឿនទូន្មានខ្លួនឯង ថា “នេះមិនសមគួរទេ” បើឃើញនូវឣាការនៃកាយនៅជាប្រក្រតី ទើបក្រោកឡើង ស្រែកបន្លឺសីហនាទ ៣ ដង ហើយទៅស្វែងរកចំណី តាមសេចក្តីត្រូវការ ។ ភិក្ខុទាំងឡាយ បានឃើញនូវកាយសមាចារ របស់ព្រះថេរៈហើយ ទើបទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសាស្តាទ្រង់ត្រាស់ទូន្មានដល់ពួកភិក្ខុទាំងនោះ ឲ្យយកធ្វើជាគំរូតាមព្រះសន្តកាយត្ថេរ ហើយត្រាស់នូវព្រះគាថានេះថា ៖
| ១៩. | សន្តកាយោ សន្តវាចោ | សន្តវា សុសមាហិតោ |
| វន្តលោកាមិសោ ភិក្ខុ | ឧបសន្តោតិ វុច្ចតិ ។ |
👉ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ មានចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំហើយ មានអាមិសៈក្នុងលោកខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់ ។
