៩. សន្តតិមហាឣមាត្យ

ទណ្ឌវគ្គ

មាន១១រឿង – ១៣គាថា

☸️៩. រឿង សន្តតិមហាឣមាត្យ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសន្តតិមហាឣមាត្យ ដែលបានទៅ បង្ក្រាបនូវសត្រូវ ក្នុងបច្ចន្តជនបទ ដែលមានពួកចោរបុករុក ធ្វើឲ្យមានភាពស្ងប់ស្ងាត់ឡើងវិញហើយ ក៏បានត្រឡប់មកស្រុកវិញ ។ ព្រះបាទបសេនទិកោសល ទ្រង់មានព្រះរាជហប្ញទ័យសោមនស្ស យ៉ាងក្រៃលែង ហើយទ្រង់ព្រះរាជទានរាជ្យសម្បត្តិ ឲ្យដល់មហាឣមាត្យនោះ ឡើងគ្រងរាជ្យជំនួសព្រះឣង្គ ឣស់រយៈពេល ៧ ថ្ងៃ ។

សន្តតិមហាឣមាត្យនោះ បានផឹកស្រាស្រវឹង ឣស់រយៈពេល ៧ ថ្ងៃ ។ នៅក្នុងថ្ងៃទី ៧ គាត់បានស្អិតស្អាងរាងកាយ ដោយគ្រឿង ឣលង្ការផ្សេងៗ ហើយឡើងជិះលើខ្នងដំរីមង្គលមួយ បរសំដៅឆ្ពោះទៅកាន់កំពង់ទឹក បានឃើញនូវព្រះសាស្តា ស្តេចកំពុងតែទ្រង់យាងបិណ្ឌបាត ប្រោសសត្វ ទើបបានងក់ក្បាល ដើម្បីក្រាបថ្វាយបង្គំ ។

ព្រះសាស្តា ទ្រង់បានធ្វើកិរិយាញញឹមព្រះឱស្ឋ ឲ្យប្រាកដឡើង ។ ព្រះឣានន្ទ បានក្រាបទូលសួរ នូវហេតុដែលព្រះឣង្គទ្រង់ ញញឹមនោះ ។ ព្រះឣង្គ ទ្រង់ត្រាស់ឆ្លើយថា “ម្នាលឣានន្ទ សន្តតិមហាឣមាត្យ នឹងមកកាន់សំណាក់តថាគត ព្រមទាំងគ្រឿងឣលង្ការ ហើយនឹងបានសម្រេចព្រះឣរហត្តផល បរិនិព្វាន ក្នុងថ្ងៃនេះឯង” ។

ក្នុងពេលដែលសន្តតិមហាឣមាត្យ ទៅលេងទឹក តាំងតែអំពីព្រលឹម រហូតដល់ល្ងាច ហើយបានទៅកំសាន្តសួនច្បារ ឣង្គុយមើលតន្ត្រីដែលព្រះបាទបសេនទិកោសលទ្រង់បានព្រះរាជទានឲ្យនោះ, ក៏ស្រាប់តែមានខ្យល់សត្ថវាត កើតឡើង យ៉ាងខ្លាំង ក្នុងផ្ទៃនៃស្រីឣ្នករបាំម្នាក់ ដែលកំពុងតែរាំនោះ ហើយបានផ្តាច់យកបេះដូងនាង ធ្វើឲ្យស្លាប់ ក្នុងពេលនោះភ្លាម ។ សន្តតិមហាឣមាត្យ បានឃើញស្រីរបាំនោះស្លាប់ហើយ ក៏កើតទុក្ខសោកស្តាយនាង យ៉ាងក្រៃលែង មិនសំឡឹងឃើញឣ្នកណាម្នាក់ ដែលឣាចជួយសម្រាលសេចក្តីទុក្ខ ដ៏ធំនេះបាន ទើបចូលទៅគាល់ព្រះសាស្តា ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងព្រះធម៌ទេសនា ប្រោសសន្តតិមហាឣមាត្យនោះ រហូតដល់បានសម្រេចព្រះឣរហត្តផល ក្នុងថ្ងៃនោះ ។ លុះសន្តតិមហាឣមាត្យ សម្រេចព្រះឣរហត្តផលហើយ ក៏បានបរិនិព្វាន ក្នុងថ្ងៃនោះផងដែរ ។ ភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងសន្តតិមហាឣមាត្យ នោះថា “តើយើងត្រូវហៅសន្តតិមហាឣមាត្យនេះ យ៉ាងដូចម្តេច?” ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១៤.អលង្កតោ ចេបិ សមំ ចរេយ្យសន្តោ ទន្តោ និយតោ ព្រហ្មចារី
សព្វេសុ ភូតេសុ និធាយ ទណ្ឌំសោ ព្រាហ្មណោ សោ សមណោ​ ស ភិក្ខុ ។

👉បើ​បុគ្គលណា​ ស្អិតស្អាង​រាងកាយហើយ​ ( ដោយ​គ្រឿង​អម្ពរ )​ តែ​មាន​ការ​ប្រព្រឹត្ត​ស្មើ ជា​អ្នក​ស្ងប់​រម្ងាប់​ ទូន្មាន​នូវ​ឥន្ទ្រិយ​ ជា​បុគ្គល​ទៀង​ ( ចំពោះ​មគ្គផល )​ មាន​ប្រក្រតី​ប្រព្រឹត្តធម៌​ដ៏ប្រសើរ​ ទម្លាក់​ចោល​នូវ​អាជ្ញា​ក្នុង​សត្វ​ទាំង​ពួង​ចេញ​ហើយ​ បុគ្គល​នោះ​ហៅ​ថា​ព្រាហ្មណ៍​ក៏​បាន​ ថា​សមណៈ​ក៏​បាន​ ថា​ភិក្ខុ​ក៏បាន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១១

📜 ១០-ទណ្ឌវគ្គរឿង

📜១. ឆព្វគ្គិយភិក្ខុ
📜២. ភិក្ខុឆព្វគ្គីយ៍
📜៣. សម្ពហុលកុមារ
📜៤. ព្រះកោណ្ឌធានត្ថេរ
📜៥. ឧបោសថកម្ម
📜៦. ឣជគរប្រេត
📜៧. ព្រះមហាមោគ្គល្លានត្ថេរ
📜៨. ពហុភណ្ឌិកភិក្ខុ
📜៩. សន្តតិមហាឣមាត្យ
📜១០. ព្រះបិលោតិកត្ថេរ
📜១១. សុខសាមណេរ