តណ្ហាវគ្គ
មាន១២រឿង – ២៦គាថា
☸️៩. រឿង ឧបកាជីវក
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឧបកាជីវក ក្នុងពេលដែលព្រះឣង្គបានត្រាស់ដឹងឣនុត្តរសម្មាសម្ពោធិញ្ញាណហើយ ស្តេចយាងចេញ ពីពោធិមណ្ឌល ដើម្បីនឹងសម្តែង នូវព្រះធម្មចក្កប្បវត្តនសូត្រ ប្រោសភិក្ខុបញ្ចវគ្គីយ៍ ក្នុងព្រៃឥសិបនមិគទាយវ័ន ទ្រង់បានចួបប្រទះនឹងឧបកាជីវក នាពាក់កណ្តាលផ្លូវ ។
ឧបកាជីវក បានឃើញព្រះសាស្តាមានព្រះវរកាយ ដ៏បរិសុទ្ធផូរផង់ នឹកឣស្ចារ្យក្នុងចិត្ត ទើបក្រាបទូលសួរ ថា “លោកដ៏មានឣាយុ ឥន្ទ្រីយ៍ របស់លោកល្អបរិសុទ្ធ តើលោកបួសឧទ្ទិសឣ្នកណា? តើ ឣ្នកណា ជាគ្រូរបស់លោក? លោកចូលចិត្តធម៌ របស់ឣ្នកណា?” ។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ២០. | សព្វាភិភូ សព្វវិទូហមស្មិ | សព្វេសុ ធម្មេសុ អនូបលិត្តោ |
| សព្វញ្ជហោ តណ្ហក្ខយេ វិមុត្តោ | សយំ អភិញ្ញាយ កមុទ្ទិសេយ្យំ ។ |
👉តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់ ដឹងច្បាស់ចតុភូមិកធម៌ទាំងអស់ មានចិត្តមិនបានជាប់នៅក្នុងតេភូមិកធម៌ទាំងអស់ លះបង់តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ ព្រោះអស់តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយខ្លួនឯងហើយ ចាំបាច់យកអ្នកណា ជាគ្រូអាចារ្យទៀត ។
