បរិភោគ៤យ៉ាង

ការបរិភោគ ប្រើប្រាស់នូវបច្ច័យនេះ ចែកចេញតាមប្រភេទ​របស់​បុគ្គល ​អ្នកបរិភោគ​ប្រើប្រាស់ មាន ៤យ៉ាងគឺ

  1. ថេយ្យបរិភោគ បរិភោគដោយការលួច បានដល់បរិភោគរបស់ភិក្ខុទ្រុស្តសីល។
  2. ឥណបរិភោគ បរិភោគដោយបំណុល បានដល់បរិភោគរបស់​ភិក្ខុដែល​មានសីល តែ​មិន​បាន​ពិចារណា។
  3. ទាយជ្ជបរិភោគ បរិភោគនូវមត៌កដែលត្រូវបាន បានដល់ការបរិភោគរបស់សេក្ខបុគ្គល ៧ពួក។
  4. សាមិបរិភោគ បរិភោគរបស់ជនជាម្ចាស់ បានដល់បរិភោគរបស់ព្រះខីណាស្រព។

អធិប្បាយ

  1. ថេយ្យបរិភោគ ភិក្ខុដែលទ្រុស្តសីល ហើយនៅបំបាំងខ្លួន ពួនសម្ងំបរិភោគនូវ​បច្ច័យ​របស់​​ទាយក​ជាមួយនឹងសង្ឃ ហៅថា លួចបច្ច័យ​របស់ទាយកមកបរិភោគ ព្រោះថា ទាយក​ដែល​គេបូជានូវបច្ច័យមក គេចំពោះរកតែលោកដែលមានសីល ដោយគេប្រាថ្នាចង់​បាន​ផល​​ច្រើន គេមិនបានចំពោះរកភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុ​ដែល​ទ្រុស្តសីល នៅក្លែង​បំភាន់យក​បច្ច័យរបស់គេមកបរិភោគ ទើបបានឈ្មោះថា លួចយក​នូវ​បច្ច័យ​របស់​ទាយក​មកបរិភោគ មិនត្រឹមតែប៉ុណ្ណោះសោត បានឈ្មោះថា បានលួច​បច្ច័យ​របស់​ភិក្ខុ​ដែល​មានសីលទាំងប៉ុន្មាន មកបរិភោគទៀតផង ព្រោះបច្ច័យដែលទាយកគេ​ឲ្យ​មក​ដោយ​សទ្ធា​នោះ ព្រះមានព្រះភាគទ្រង់អនុញ្ញាតទុកឲ្យភិក្ខុដែលមានសីលតែម្យ៉ាង ព្រះអង្គ​មិន​បាន​អនុញ្ញាតទុកឲ្យដល់ភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុដែលទ្រុស្តសីលនោះ មក​នៅបំបាំងរាំងមុខស្កាត់យកបច្ច័យទាំងនោះមកបរិភោគ ទើបបានឈ្មោះថា លួច​យក​នូវ​បច្ច័យ​របស់ភិក្ខុដែលមានសីល មកបរិភោគ។
  2. ឥណបរិភោគ ភិក្ខុដែលមានសីលបរិសុទ្ធហើយ តែបរិភោគប្រើប្រាស់នូវបច្ច័យ មិនបាន​ពិចារណាក្នុងកាលទាំង៣ ដោយបច្ចវេក្ខណៈទាំង ៤ ឯណានីមួយសោះ បែបនេះ​ហៅថា បរិភោគ​ដោយបំណុល ទុកដូចជាជំពាក់បំណុលរបស់ទាយក មិនអាចនឹង​រលាស់ខ្លួនឲ្យរួច​អំពី​សំសារទុក្ខទៅបាន ប្រៀបដូចបុគ្គលដែលជំពាក់បំណុលរបស់អ្នក​ដទៃ ក៏មិនងាយ​នឹង​ទៅ​​កាន់ប្រទេសណាដែលខ្លួនត្រូវការទៅនោះ តាមសេចក្តីគាប់ចិត្ត​របស់​ខ្លួន​នោះបាន​ឡើយ ហេតុនោះ ភិក្ខុដែលមានសីលបរិសុទ្ធ គប្បីពិចារណា​ក្នុងចីវរបច្ច័យ​ឲ្យរាល់​ប្រយោគ​ដែល​ប្រើប្រាស់ ក្នុងបិណ្ឌបាតបច្ច័យឲ្យរាល់ពំនូត ក្នុងសេនាសនបច្ច័យ ឲ្យរាល់វារៈ​ដែល​ចូល​ទៅ ឯក្នុងគិលានភេសជ្ជបច្ច័យ ឲ្យពិចារណាទាំងក្នុងកាល​ដែលបានទទួលផង ក្នុង​កាល​ដែលបរិភោគផង។
  3. ទាយជ្ជបរិភោគ សេក្ខបុគ្គល ៧ពួក ទុកថាជាបុត្ររបស់ព្រះមានព្រះភាគ ដែល​ត្រូវ​ទទួល​នូវមត៌ករបស់ព្រះអង្គ បច្ច័យទាំង ៤ ដែលទាយកគេឲ្យដោយសទ្ធា ទុកថាជា​មត៌ក​ដែល​ព្រះអង្គប្រទានទុកឲ្យដល់បុត្រ ព្រោះហេតុនោះ កិរិយាបរិភោគនូវបច្ច័យ ៤ របស់​សេក្ខបុគ្គល ៧ពួក ហៅថា បរិភោគនូវមត៌កដែលលោកត្រូវការបាន។ ឯបរិភោគរបស់​ភិក្ខុ​ដែល​មានសីលហើយ បានពិចារណានោះ នឹងហៅថា អានណ្យបរិភោគ គឺបរិភោគ​មិន​មាន​បំណុល​ដូច្នេះ ក៏បាន ព្រោះជាបដិបក្ខដល់ឥណបរិភោគ ឬនឹងហៅថា ទាយជ្ជបរិភោគ​ដូច្នេះ​ផង ក៏បាន ព្រោះភិក្ខុដែលមានសីល លោកប្រកបដោយសីលសិក្ខា ហាក់​ដូចជា​សេក្ខបុគ្គល​ដែរ។
  4. សាមិបរិភោគ​ ព្រះខីណាស្រពទាំងឡាយ លោកកន្លងផុតហើយនូវភាពដែលជាខ្ញុំ​នៃ​តណ្ហា លោកបាននាមថា ជាម្ចាស់នៃបច្ច័យ ព្រោះលោកបរិភោគរបស់បុគ្គលណា អាច​ញុំាង​សេចក្តីប្រាថ្នារបស់​បុគ្គលនោះឲ្យពេញបរិបូណ៌បាន។

ក្នុងបរិភោគទាំង ៤ យ៉ាងនេះ សាមិបរិភោគ ប្រសើរជាងគេបំផុត ទាយជ្ជបរិភោគ ប្រសើរ​បន្ទាប់ ឯថេយ្យបរិភោគ និងឥណបរិភោគ មិនប្រសើរឡើយ។

👉ប្រភពៈ វិបស្សនាធុរៈ

កំពុងផ្ទុកប្រតិទិនខ្មែរ...

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៣៨

📝 វិបស្សនាធុរៈ

📝កថាវត្ថុ១០
📝កម្មដ្ឋាន៤០
📝កម្មបថ១០
📝កសិណ១០
📝កាយគតាសតិ
📝គោចរ ៣ យ៉ាង
📝ចរិត៦យ៉ាង
📝ជំនួញខុស ៥ប្រការ
📝តិរច្ឆានវិជ្ជា
📝តួវិបស្សនាបញ្ញា
📝ត្រៃលក្ខណ៍
📝ទោសនៃសីលវិបត្តិ
📝ធុតង្គ
📝និមិត្តរបស់កម្មដ្ឋាន
📝បច្ចយសន្និស្សិតសីល
📝បច្ចវេក្ខណៈ១៦
📝បរិញ្ញា ៣
📝បរិភោគ៤យ៉ាង
📝បលិពោធ ១០យ៉ាង
📝បាបធម៌ ៥ យ៉ាង
📝បុញ្ញកិរិយាវត្ថុ
📝ពោធិបក្ខិយធម៌
📝ព្រហ្មវិហារធម៌៤
📝ភិក្ខុសីល
📝មេថុនសំយោគ
📝វសី ៥យ៉ាង
📝សង្ខារ
📝សង្ឃគុណ
📝សិក្ខាបទ៦
📝សីលរបស់គ្រហស្ថ
📝សីលរបស់​សាមណេរ
📝សុទ្ធិកថា
📝សំវរធម៌
📝អនុស្សតិ១០
📝អសុភ១០
📝អានាបានស្សតិកម្មដ្ឋាន
📝អារុប្ប៤
📝អាហារេបដិកូលសញ្ញា