យល់ដឹងបុណ្យវិសាខបូជា
វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ។
👉ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។
👉ព្រឹត្តិការណ៍ទាំងនោះ គឺ
- ការចូលនិព្វាន។
- ការប្រសូត
- ការត្រាស់ដឹង
🙏ព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និង ចូលព្រះនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ តែមួយ ដោយខុសតែឆ្នាំប៉ុណ្ណោះ។
ព្រះអង្គ ទ្រង់ប្រសូត ក្នុងព្រៃលុម្ពិនី នៅថ្ងៃសុក្រ «ពេញបូណ៌មី ខែវិសាខ» មុនគ្រិស្តសករាជ៦២៣ឆ្នាំ។ ពេលព្រះអង្គ ប្រសូតចាកឧទរព្រះមាតាភ្លាម ភាពអស្ចារ្យ ក៏កើតឡើង គឺព្រះអង្គ បានយាង៧ជំហាន ដោយមានផ្កាឈូកទ្រព្រះបាទ ហើយព្រះអង្គ បានលើកដៃចង្អុលទៅទិសខាងលើ រួចបន្លឺឡើងនូវវាចាថា៖
«[….] អាត្មាអញ ជាបុគ្គលប្រសើរផុតគេក្នុងលោក [….] ។ [….] ជាតិនេះ ជាកំណើតចុងក្រោយរបស់អាត្មាអញ អាត្មាអញ លែងកើតទៀតហើយ»។
🙏នៅពេលមានព្រះជន្ម២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានលួចយាងទៅសាងផ្នួស។ ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ «ពេញបូណ៌មី ខែវិសាខ» នាវេលាទៀបភ្លឺ។ ការត្រាស់ដឹង មានន័យថា ការដឹងអ្វីៗគ្រប់យ៉ាង ក្នុងធម្មជាតិ ឬការដឹងអ្វីៗគ្រប់យ៉ាងនៅក្នុងលោក។ ការត្រាស់ដឹងជាភាសាបាលី ហៅថា សព្វញ្ញុតញ្ញាណ។
🙏ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទន៍។ ពេលត្រាស់ដឹងជាព្រះពុទ្ធ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ ព្រះសមណគោតម ព្រះជិនស្រី ព្រះសក្យមុនី ព្រះបរមគ្រូ និង ព្រះសាស្តា ជាដើម។
🙏បន្ទាប់ពីត្រាស់ដឹង ព្រះបរមគ្រូនៃយើង បានចំណាយពេលអស់៤៥ព្រះវស្សា ក្នុងយាងសម្តែងធម៌និងប្រោសសត្វលោក។
🙏ដល់ព្រះជន្ម៨០ព្រះវស្សា ព្រះជិនស្រី ទ្រង់ក៏ចូលព្រះនិព្វាន នៅថ្ងៃអង្គារ «ពេញបូណ៌មី ខែវិសាខ»។ ព្រះនិព្វាន គឺជាទីស្ថាននៃបរមសុខ។ គ្មានសេចក្តីសុខណា ស្មើនឹងការដល់ព្រះនិព្វានឡើយ ហើយក្នុងព្រះពុទ្ធសាសនា ព្រះនិព្វាន គឺជាគោលដៅធំបំផុត សម្រាប់សត្វលោក។
បុណ្យវិសាខបូជា
បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជា មហាកុសល ដ៏ប្រសើរ ។
ការដែលប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើតខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖
- ទ្រង់ប្រសូតចាកឧទរមាតា
- ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
- ទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន
សម្តេចព្រះបរមសាស្រ្តាចារ្យរបស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វានសុទ្ធតែក្នុង ថ្ងៃពេញបូណ៌មីខែវិសាខទាំងអស់ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញ ចងក្រងជា គាថាទុកដូច្នេះថា អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ។
សេចក្តីថា ព្រះពុទ្ធទ្រង់យាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតិក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ បានត្រាស់ជាព្រះពុទ្ធ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ និង ទ្រង់ចូលបរិនិព្វានក៏ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ (ផ្សេងតែឆ្នាំ)។
- ព្រះអង្គទ្រង់ប្រសូតនៅ ថ្ងៃសុក្រពេញបូណ៌មីខែវិសាខឆ្នាំចវេលាជិតថ្ងៃត្រង មុនពុទ្ធសករាជ ៨០ឆ្នាំ។
- នៅ ឧទ្យានលុម្ពិនីព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺ កបិលពស្តុ និង ទេវទហៈ។
- ឧទ្យានលុម្ពិនី សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានចម្ងាយ២៧គ.ម. ពីព្រំដែន នៃប្រទេសឥណ្ឌា។
- ទេវទហៈ
- ព្រះអង្គទ្រង់ត្រាស់ដឹង នៅ ថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលា ជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គបាន ត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុង រដ្ឋពីហា ( Bihar ) ប្រទេសឥណ្ឌា។
- ព្រះអង្គទ្រង់បរិនិព្វាន ក្នុង ថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃក្នុង ព្រះជន្ម ៨០ឆ្នាំ គត់ ចន្លោះដើម សាលព្រឹក្សទាំងគូ ក្នុង ក្រុងកុសិនារា ។ សព្វថ្ងៃនេះ ទីក្រុងកុសិនារា ត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេស របស់ឥណ្ឌា ។
ជាប្រពៃណីបុណ្យវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងពេលរាត្រី ព្រោះតម្រូវទៅតាមពាក្យថា បុណ្ណមី មានសេចក្តីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀត ការប្រារព្ធពិធីក្នុងពេលរាត្រី អាស្រ័យដោយ លក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលា បូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឲពុទ្ធបរិស័ទបានជួបជុំគ្នា ដ៏ច្រើនកុះករទាំងប្រុសទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ ជាពេលទំនេរផង។ បុណ្យវិសាខបូជា ចាត់ទុកថាជាបុណ្យដ៏ធំ ដោយមានមហាជន ចាស់ក្មេងប្រុស ស្រី នៅប្រជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលា តូច ធំអុជបំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម ។
តាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណ ៣ជុំសិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀនធូបបូជា ផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពី ពុទ្ធប្បវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជា នមោ ៨បទ ឋានធំ ៨កន្លែងជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗ ដើម្បី ឲមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើង។
