ពាលវគ្គ
មាន១៥រឿង – ១៦គាថា
☸️១០. រឿង នាងឧប្បលវណ្ណាថេរី
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងឧប្បលវណ្ណាថេរី ជាធីតារបស់សេដ្ឋីក្រុងសាវត្ថី ។ ពេលដែលនាងនៅជាគ្រហស្ថ, មានព្រះរាជា និង មហាសេដ្ឋីជាច្រើន ចង់បាននាងមកធ្វើជាមហេសី ។ សេដ្ឋីជាបិតា មានការចង្អៀតចង្អល់ចិត្ត យ៉ាងខ្លាំង មិនដឹងជានឹងលើកកូនក្រមុំ ទៅឲ្យដល់ឣ្នកណាមួយទេ ទើបបានបង្ហាញផ្លូវ ឲ្យនាងចេញ ទៅបួសជាភិក្ខុនី ។ នាងឧប្បលវណ្ណា ឮបិតាឣនុញ្ញាត ឲ្យទៅបួសដូច្នេះហើយ មានចិត្តត្រេកឣរ យ៉ាងក្រៃលែង ហើយបានចូលទៅបួសជានាងភិក្ខុនី ក្នុងសំណាក់នៃនាងភិក្ខុនីទាំងឡាយ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។
គ្រានោះ នន្ទមាណព ដែលជាកូនឪពុកធំ របស់នាង មាន សេចក្តីស្នេហា មកលើរូបនាងឧប្បលវណ្ណាថេរី តាំងតែឣំពីពេលដែលនាងនៅជាគ្រហស្ថមកម៉្លេះ លុះដល់បានឱកាសល្អហើយនោះ នន្ទមាពណ ក៏បានចូលទៅ ប្រទូសរ៉ាយ រំលោភលើនាងឧប្បលវណ្ណាថេរី ហើយបានសម្រេច ដូចសេចក្តីបំណងរបស់ខ្លួន ។ នៅពេលជាមួយគ្នានោះ ព្រះធរណី មិនឣាចនឹងទ្រ នូវជនពាលនោះបានឡើយ ក៏បានប្រេះបែក ញែកចេញជា ២ បំណែក ស្រូបយកនាយ នន្ទមាណព ចូលទៅដល់មហាឣវិចីនរកភ្លាមនោះឯង ។
ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាថា “ព្រះខីណាស្រព ទាំង ឡាយ នៅតែមានសេចក្តីត្រេកឣរនឹងការសេពកាម” ។ ព្រះសាស្តាទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះខីណាស្រព ទាំងឡាយ មិនត្រេកឣរ ក្នុងកាមសុខ មិនមានចិត្តជាប់ជំពាក់ ក្នុងកាមឡើយ ដូចតំណក់ទឹកមិនជាប់នៅលើស្លឹកឈូក យ៉ាងដូច្នោះឯង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១០. | មធុវា មញ្ញតី ពាលោ | យាវ បាបំ ន បច្ចតិ |
| យទា ច បច្ចតី បាបំ | អថ ( ពាលោ ) ទុក្ខំ និគច្ឆតិ ។ |
👉បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថា ដូចទឹកឃ្មុំ លុះដល់កាលណា បាបឲ្យផល ជនពាលទើបប្រទះនូវសេចក្តីទុក្ខក្នុងកាលណោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…
🕮 ចំនួនអត្ថបទមាន: ១៥