ធម្មដ្ឋវគ្គ
មាន១០រឿង – ១៧គាថា
☸️១០. រឿង សម្ពហុលភិក្ខុ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុទាំងឡាយដែលដល់ព្រម ដោយសីលាទិគុណជាច្រើនរូប គឺពួកខ្លះ ដល់ព្រមដោយសីល ពួកខ្លះ ដល់ព្រមដោយធុតង្គ ពួកខ្លះ ដល់ព្រមដោយពហុស្សូត ពួកខ្លះដល់ព្រមដោយឈានសមាបត្តិ ពួកខ្លះ ចូលចិត្តនៅក្នុងទីសេនាសនៈស្ងាត់ ។ ភិក្ខុទាំងនោះ បានគិតគ្នាថា “ព្រះឣរហត្តផល ជារឿងធម្មតា មិនមែនជាហេតុធ្វើឲ្យពិបាកនុ៎ះទេ ចង់បានថ្ងៃណា ក៏នឹងបានថ្ងៃនោះឯង” ដូច្នេះហើយ ទៅក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១៦. | ន សីលព្វតមត្តេន | ពាហុសច្ចេន វា បន |
| អថ វា សមាធិលាភេន | វិវិត្តសយនេន វា ។ |
👉មា្នលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ កុំអាលទុកចិត្តដោយគុណត្រឹមតែសីលនិងវ័ត ឬដោយភាពជាអ្នកចេះដឹងច្រើនឡើយ ។
| ១៧. | ផុសាមិ នេក្ខម្មសុខំ | អបុថុជ្ជនសេវិតំ |
| ភិក្ខុ វិស្សាសមាបាទិ | អប្បត្តោ អាសវក្ខយំ ។ |
👉មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់ ឬក៏ដោយគុណមានប្រមាណប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវនេក្ខម្មសុខ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូច្នេះឡើយ ។
ចប់ធម្មដ្ឋវគ្គ ទី ១៩
