១១. ធម្មិកឧបាសក

យមកវគ្គ

មាន១៤រឿង – ២០គាថា

☸️១១. រឿង ធម្មិកឧបាសក

👉ព្រះបរមសាស្តា ទ្រង់បានប្រារឰធម្មិកឧបាសក ជាឣ្នកមានកល្យាណធម៌ ។ នៅពេលដែលធម្មិកឧបាសកនោះ ឈឺទៀបនឹងធ្វើមរណកាលនោះ គាត់ក៏បានប្រើកូនប្រុសស្រី របស់គាត់ ដើម្បីទៅនិមន្តព្រះសង្ឃ មកសូត្រសតិបដ្ឋានសូត្រ ឲ្យគាត់ស្តាប់ ។

ពេលដែលព្រះសង្ឃ កំពុងតែសូត្រ នូវសតិបដ្ឋានសូត្រនោះ ធម្មិកឧបាសក បានឃើញនូវទេវរថ ជាច្រើន ដែលពួកទេវតានាំយកមក ចាំទទួលដំណើរគាត់យកទៅកាន់ទេវលោក ។ ពួកទេវតា ក៏បាន ឣញ្ជើញគាត់ ឲ្យទៅកើត ក្នុងឋានទេវលោក ។ ធម្មិកឧបាសក បាននិយាយឣង្វរករនឹងពួកទេវតា ថា “ឈប់ចាំសិនៗ” ព្រោះគាត់ប្រាថ្នា ចង់ស្តាប់ធម៌ ដែលព្រះសង្ឃកំពុងតែសូត្រ ឲ្យបានចប់ហើយ ចាំទៅជាមួយពួកទេវតា ។

ពួកភិក្ខុទាំងឡាយ បានឮធម្មិកឧបាសក និយាយថា “ឈប់ចាំសិនៗ” ដូច្នេះ ក៏ឈប់សូត្រធម៌ ហើយចម្រើនពរ លាត្រឡប់ទៅវត្តវិញទៅ ។

នៅពេលដែលភិក្ខុទាំងឡាយ បាននិមន្តត្រឡប់ ទៅកាន់វត្តវិញឣស់ហើយ ធម្មិកឧបាសកមានស្មារតីដឹងខ្លួនឡើងវិញ មិនឃើញ ព្រះភិក្ខុសង្ឃ ក៏សួរកូនប្រុសស្រីថា “តើព្រះសង្ឃ និមន្តទៅទីណា បាត់ឣស់ហើយ?” ។ កូនប្រុសស្រី បានប្រាប់ថា “ព្រះសង្ឃ បាននិមន្តទៅវត្តវិញហើយ ព្រោះលោកឪពុកបាននិយាយថាៈ ឲ្យលោកឈប់ (សូត្រធម៌) សិន” ។

ធម្មិកឧបាសក ក៏បានភ្ញាក់ខ្លួនព្រើត និយាយទៅកាន់កូនៗ ថា “ពុទ្ធោអើយ! ឪពុកមិនបាននិយាយ ឲ្យលោកឈប់សូត្រធម៌ ពីកាលណា! ឪពុកនិយាយជាមួយនឹងពួកទេវតាដែលចុះមក ដើម្បីនាំយកឪពុកឲ្យទៅកើត នៅឯឋានទេវលោកនោះទេតើ” ។ ទោះជាឧបាសក ខំពន្យល់ប្រាប់នូវរឿងពិតនេះ ឲ្យកូនប្រុសស្រីបានយល់ យ៉ាងណាក៏ដោយ ក៏កូនៗ មិនជឿគាត់ដែរ ។ ធម្មិកឧបាសក បានប្រាប់កូនឲ្យយកកម្រងផ្កា បោះឡើងទៅលើឣាកាសវេហាស៍ ហើយបានឣធិដ្ឋានឲ្យកម្រងផ្កានោះ ឣណ្តែតជាប់នឹងចន្ទោលទេវរថ ដែលពួកទេវតានាំមកឣំពីឋានតុសិតទេវលោក ។

ពួកមនុស្សឯទៀតៗ មើលឃើញតែកម្រងផ្កា មិនឃើញនូវទេវរថទេ ។ ភិក្ខុទាំងឡាយ លុះនិមន្តមកដល់វត្តវិញហើយ បានចូលទៅក្រាបទូលព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ធម្មិកឧបាសក ពេលដែលខ្ញុំព្រះករុណាទាំងឡាយ កំពុងសូត្រធម៌សតិបដ្ឋានសូត្រនោះ គាត់បាននិយាយប្រាប់ ឲ្យខ្ញុំព្រះករុណាទាំងឡាយ ឈប់សូត្រធម៌សតិបដ្ឋានសូត្រ” ។ ព្រះសាស្តា ទ្រង់ត្រាស់ពន្យល់ នូវរឿងធម្មិកឧបាសកនោះឲ្យភិក្ខុទាំងនោះ បានយល់ច្បាស់ ហើយទ្រង់ត្រាស់ព្រះគាថានេះថា ៖

១៦.ឥធ  មោទតិ  បេច្ច  មោទតិកតបុញ្ញោ  ឧភយត្ថ  មោទតិ
សោ  មោទតិ  សោ  បមោទតិទិស្វា  កម្មវិសុទ្ធិមត្តនោ ។

👉បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងរីករាយ ក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងរីករាយ ស្រស់ស្រាយ ព្រោះបានឃើញនូវឣំពើបរិសុទ្ធរបស់ខ្លួន ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១៤

📜 ០១-យមកវគ្គរឿង

📜១. ព្រះចក្ខុបាលត្ថេរ
📜២. មដ្ឋកុណ្ឌលី
📜៣. ព្រះតិស្សត្ថេរ
📜៤. នាងកាលីយក្ខិនី
📜៥. ពួកភិក្ខុកោសម្ពី
📜៦. ព្រះចុល្លកាល មហាកាល
📜៧. ភិក្ខុទេវទត្ត
📜៨. សញ្ជ័យបរិព្វាជក
📜៩. ព្រះនន្ទត្ថេរ
📜១០. នាយចុន្ទសូករិក
📜១១. ធម្មិកឧបាសក
📜១២. ភិក្ខុទេវទត្តឣំពើឣាក្រក់
📜១៣. នាងសុមនាទេវី
📜១៤. ទ្វេសហាយកភិក្ខុ