ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️១២. រឿង នាងកិសាគោតមី
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវនាងកិសាគោតមី ដែលលើសជាងព្រះថេរីទាំងឡាយ ផ្នែកខាងប្រប្រឹត្តកាន់យក នូវសំពត់បំសុកូលជាវត្ត ។ ថ្ងៃមួយ នាងបានហោះទៅគាល់ព្រះសាស្តា នៅ ឯភ្នំគិជ្ឈកូដ បានឃើញសក្កទេវរាជ ព្រមទាំងពួកបរិវារ ចូលមកគាល់មុនហើយ ក៏បានក្រាបថ្វាយបង្គំព្រះសាស្តា ស្រេចពេលណាហើយ ក៏ត្រឡប់ទៅវិញ ។ ព្រះឥន្ទ្រាធិរាជ ទតព្រះនេត្រឃើញហើយ បានក្រាបទូលសួរព្រះឣង្គថា “បពិត្រព្រះឣង្គដ៏ចម្រើន ឣ្នកណានុ៎ះ មកហើយត្រឡប់ទៅវិញ?” ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា “នាងកិសាគោតមី” ហើយត្រាស់ នូវព្រះគាថានេះ ថា ៖
| ១៣. | បំសុកូលធរំ ជន្តុំ | កិសន្ធមនិសន្ថតំ |
| ឯកំ វនស្មឹ ឈាយន្តំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចម្រើនឈានក្នុងព្រៃនោះថា ជាព្រាហ្មណ៍ ។
