មលវគ្គ
មាន១២រឿង – ២១គាថា
☸️១២. រឿង សុភទ្ទបរិព្វាជក
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសុភទ្ទបរិព្វាជក ក្នុងសម័យ ដែលព្រះឣង្គទ្រង់គង់នៅ ក្នុងព្រៃសាលវ័ននៃដែនមល្លក្សត្រ នាក្រុងកុសិនារា ទ្រង់ផ្ទំនៅ លើព្រះក្រឡាមហាបន្ទំ ជាទីកន្លែងដែលព្រះឣង្គបរិនិព្វាន ។
គ្រានោះ សុភទ្ទបរិព្វាជក បានចូលទៅគាល់ព្រះឣង្គ ដើម្បីក្រាបទូលសួរនូវបញ្ហា ។ ព្រះឣានន្ទ បានយល់ឃើញថា ជាកាលមិនសមគួរ ទើបបានហាមឃាត់សុភទ្ទៈ មិនឲ្យចូលគាល់ព្រះឣង្គ ដើម្បីនឹងសួរបញ្ហា តាមសេចក្តីប្រាថ្នា ។ តែព្រះសាស្តា ទ្រង់ឣនុញ្ញាតឲ្យសុភទ្ទៈចូលគាល់ ។ គ្រានោះ សុភទ្ទៈ បានក្រាបទូលសួរថា “បពិត្រព្រះឣង្គដ៏ចម្រើន ស្នាមគំនូស លើឣាកាស មានដែរឬទេ? សមណៈខាងក្រៅព្រះសាសនានេះ មានដែរឬទេ? សង្ខារទាំងឡាយទាំងពួង ឈ្មោះថា ទៀង មានដែរឬទេ?” ។
ព្រះសាស្តាកាលទ្រង់ព្យាករបញ្ហានេះ ត្រាស់គាថានេះ ថា ៖
| ២០. | អាកាសេវ បទំ នត្ថិ | សមណោ នត្ថិ ពាហិរេ |
| បបញ្ចាភិរតា បជា | និប្បបញ្ចា តថាគតា ។ |
👉ស្នាមជើងក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន ពួកសត្វត្រេកអរហើយក្នុងធម៌ជាគ្រឿងយឺតយូរ ព្រះតថាគតទាំងឡាយ មិនមានធម៌ជាគ្រឿងយឹតយូរឡើយ ។
| ២១. | អាកាសេវ បទំ នត្ថិ | សមណោ នត្ថិ ពាហិរេ |
| សង្ខារា សស្សតា នត្ថិ | នត្ថិ ពុទ្ធានមិញ្ជិតំ ។ |
👉ស្នាមជើងក្នុងអាកាស មិនមាន សាមណៈខាងក្រៅ មិនមាន សង្ខារទាំងឡាយ ជារបស់ទៀង មិនមាន ព្រះពុទ្ធទាំងឡាយ មិនមានកិលេសជាគ្រឿងញាប់ញ័រទេ ។
ចប់មលវគ្គ ទី ១៨
