ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️១៣. រឿង ឣញ្ញត្រព្រាហ្មណ៍
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រាហ្មណ៍ម្នាក់ ដែលនឹកគិតថា “ព្រះសមណគោតម ទ្រង់ត្រាស់ហៅពួកសាវ័ក របស់ព្រះឣង្គ ថា ព្រាហ្មណ៍ ឣាត្មាឣញ កើតក្នុងកំណើតព្រាហ្មណ៍ ការដែលព្រះឣង្គត្រាស់ហៅឣាត្មាឣញ ថា ព្រាហ្មណ៍ ជាការសមគួរដែរ” ហើយចូលទៅក្រាបទូលការនឹកគិត របស់ខ្លួន ដល់ព្រះសាស្តា ។
ព្រះសាស្តាចារ្យ បរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១៤. | ន ចាហំ ព្រាហ្មណំ ព្រូមិ | យោនិជំ មត្តិសម្ភវំ |
| ភោវាទិ នាម សោ ហោតិ | សចេ ហោតិ សកិញ្ចនោ | |
| អកិញ្ចនំ អនាទានំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតនឹងហៅអ្នកកើតអំពីកំណើត អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណ៍ជាមាតា ថាជាព្រាហ្មណ៍ក៏ទេ បុគ្គលនោះ គ្រាន់តែបាននាមថា ភោវាទី ព្រោះបុគ្គលនោះឯង ជាអ្នកមានកិលេសគ្រឿងកង្វល់នៅឡើយ តថាគតហៅបុគ្គលអ្នកមិនមានកិលេសគ្រឿងកង្វល់ អ្នកមិនមានសេចក្ដីប្រកាន់មាំនោះឯង ថាជាព្រាហ្មណ៍ ។
