ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️១៥. រឿង ព្រាហ្មណ៍ពីរនាក់
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ពីរនាក់ ។ បណ្តា ព្រាហ្មណ៍ពីរនាក់នោះ ព្រាហ្មណ៍ម្នាក់ មានគោ ឈ្មោះចូឡរោហិត ព្រាហ្មណ៍ ម្នាក់ទៀត មានគោ ឈ្មោះមហារោហិត ។ ព្រាហ្មណ៍ទាំងពីរនាក់នោះ ឣួតឣាងពីគោរបស់ខ្លួន ថា “សុទ្ធតែ ជើងខ្លាំងៗ” ហើយចង់សាកល្បងមើលគោទាំងពីរនោះថា “តើគោណាមួយ មានកម្លាំងខ្លាំងជាងគេ” ទើបយកដីខ្សាច់ មកផ្ទុកពេញរទេះ ហើយទឹមគោទាំងពីរនោះ បរចេញទៅ ។ តែគោទាំងពីរនោះ មិនឣាចនឹងឣូសទាញរទេះបានឡើយ រទេះបានដាច់ខ្សែពួរ និង ខ្សែជ្រាមទាំងឣស់ ។
ភិក្ខុទាំងឡាយ បានឃើញហើយ ទើបនាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។
ព្រះសាស្តាចារ្យ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ខ្សែពួរ និង ខ្សែជ្រាមនោះ ជារបស់ដែលមាននៅខាងក្រៅទេ ឣ្នកទាំងឡាយ គប្បីកាត់ផ្តាច់នូវខ្សែពួរ គឺសេចក្តីក្រោធខឹង និង ខ្សែជ្រាម គឺតណ្ហា ដែលជារបស់មាននៅខាងក្នុងឲ្យបាន” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ១៦. | ឆេត្វា នទ្ធឹ វរត្តញ្ច | សន្ធានំ សហនុក្កមំ |
| ឧក្ខិត្តបលិឃំ ពុទ្ធំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉តថាគតហៅបុគ្គលដែលកាត់សេចក្ដីក្រោធ ដូចពួរផង កាត់តណ្ហាដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទី-ត ព្រមទាំងអនុស័យ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសរសរខឿនដកចោលហើយ អ្នកត្រាស់ដឹងសច្ចៈ ៤ នោះឯង ថាជាព្រាហ្មណ៍ ។
