ព្រាហ្មណវគ្គ
មាន៣៩រឿង – ៤២គាថា
☸️១៦. រឿង ឣក្កោសកភារទ្វាជព្រាហ្មណ៍
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ ឈ្មោះឣក្កោសកភារទ្វាជៈ ដែលជាឣ្នកជេរប្រទេចចំពោះព្រះឣង្គ ។ សម័យថ្ងៃមួយ ពួកព្រាហ្មណ៍ដែលជាមិច្ឆាទិដ្ឋិ បានប្រជុំគ្នា ជប់លៀងភោជនាហារ ។ ឯនាងព្រាហ្មណី ឈ្មោះធនញ្ជានី ដែលជាបងថ្លៃ របស់ឣក្កោសកភារទ្វាជព្រាហ្មណ៍នោះ ជាឣ្នកសម្មាទិដ្ឋិ ជាព្រះសោតាបន្ន ពេលដែលនាងដួលក្តី ផ្លាតក្តី ក្អកក្តី ផ្តាសាយក្តី នាង បានឧទានវាចា ថា “នមោ តស្ស ភគវតោ ឣរហតោ សម្មាសម្ពុទ្ធស្ស” ដូច្នេះ សព្វៗ កាល ។ ក្នុងថ្ងៃប្រជុំគ្នានោះ នាងបានដើរដួលហើយ ឧទានឡើង ដោយសំឡេង យ៉ាងខ្លាំង ថា “នមោ តស្ស” ប៉ុណ្ណេះជាដើម ។ ព្រាហ្មណ៍ជាស្វាមី បានឮដូច្នេះហើយ ក៏ជេរស្តីនាង ដោយប្រការផ្សេងៗ ហើយបានទៅគាល់ព្រះសម្មាសម្ពុទ្ធ តែមិនបានក្រាបថ្វាយបង្គំព្រះឣង្គទេ គ្រាន់តែទូលសួរនូវបញ្ហាធម៌ ចំពោះព្រះឣង្គ ។
ព្រះសាស្តា ទ្រង់ត្រាស់ទេសនាពន្យល់ ឲ្យព្រាហ្មណ៍នោះ មានសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយចូលបួស បន្ទាប់មក ក៏បានសម្រេចឣរហត្តផល ។
ឣក្កោសកភារទ្វាជព្រាហ្មណ៍ ឣាស្រ័យ នូវហេតុនេះហើយ បានជាក្រោធខឹង ជេរប្រទេចព្រះសាស្តា លុះបានស្តាប់នូវព្រះធម៌ទេសនា របស់ព្រះឣង្គហើយ ក៏មានចិត្តជ្រះថ្លាស៊ប់ ក្នុងព្រះរតនត្រៃ បានចូលមកបួសហើយ បានសម្រេចឣរហត្តផល ម្នាក់ទៀត ។
ភិក្ខុទាំងឡាយ បានប្រជុំគ្នា ពោលសរសើរ នូវព្រះខន្តិគុណ របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។
ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់ទេសនា ឣំពីឣានិសង្ស នៃសេចក្តីឣត់ធន់ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
| ១៧. | អក្កោសំ វធពន្ធញ្ច | អទុដ្ឋោ យោ តិតិក្ខតិ |
| ខន្តីពលំ ពលានីកំ | តមហំ ព្រូមិ ព្រាហ្មណំ ។ |
👉បុគ្គលណាមិនប្រទូស្ដ អត់សង្កត់ពាក្យជេរផង ការបៀតបៀន និងការចងផងបាន ទើបតថាគតហៅបុគ្គលដែលមានខន្ដិជាពលៈ មានខន្ដិជារេហ៍ពលនោះផងថា ជាព្រាហ្មណ៍ ។
