សហស្សវគ្គ
មាន១៤រឿង – ១៦គាថា
☸️១. រឿង តម្ពទាឋិកចោរឃាតកៈ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពេជ្ឈឃាតម្នាក់ ដែលមានពុក មាត់ក្រហម ជាឣ្នកទទួលមុខងារ ក្នុងការសម្លាប់ចោរ ។ ក្នុងពេលដែលគាត់មានកម្លាំងឣន់ថយ មិនឣាចធ្វើអ្វីបាន, គាត់ក៏បានលាចេញឣំពីការងារសម្លាប់ចោរនោះ ។ ថ្ងៃមួយ គាត់បានស្អិតស្អាងរាងកាយល្អត្រឹមត្រូវ ហើយរៀបចំនឹងបរិភោគឣាហារឲ្យបានឆ្ងាញ់ម្តង ។
ជួនជាថ្ងៃនោះឯង ព្រះសារីបុត្រ បានចេញពីនិរោធសមាបត្តិ ហើយនិមន្តត្រាច់ទៅបិណ្ឌបាត ។ នាយពេជ្ឈឃាត បានឃើញនូវព្រះថេរៈហើយ មានចិត្តត្រេកឣររីករាយ យ៉ាងក្រៃលែង បានយកភោជនាហារ របស់ខ្លួន ទៅប្រគេនព្រះថេរៈ ដោយសេចក្តីគោរព, ពេលដែលព្រះថេរៈ ឆាន់រួចហើយ បានស្តាបនូវឣនុមោទនាថា ឣំពី ព្រះថេរៈ ដោយសេចក្តីសង្ខេប ហើយបានសម្រេចសោតាបត្តិផល, ពេលព្រះថេរៈ និមន្តត្រឡប់ទៅវិញ, ក៏បានជូនដំណើរព្រះថេរៈ ទៅបានបន្តិច ។ គ្រានោះឯង ស្រាប់តែមានមេគោមួយ មកជល់នាយពេជ្ឈឃាតនោះស្លាប់ នៅកណ្តាលផ្លូវនោះឯង ។
ភិក្ខុទាំងឡាយ សន្ទនាគ្នា ថា “តើគតិ របស់នាយពេជ្ឈឃាត នោះ ទៅទីណាហ្ន៎?” ។ ព្រះសាស្តាទ្រង់ត្រាស់ថា “ទៅកើតនៅឋានតុសិតទេវលោកហើយ” ។ ភិក្ខុទាំងនោះ បានក្រាបទូលសួរទៀត ថា “បពិត្រព្រះឣង្គដ៏ចម្រើន នាយពេជ្ឈឃាត បានស្តាប់ឣនុមោទនកថា ពីព្រះសារីបុត្រ តែបន្តិចប៉ុណ្ណោះឯង តើឣាចទៅកើត ក្នុងឋានតុសិតទេវលោក បានដែរឬទេ?” ។ ព្រះឣង្គ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖
| ១. | សហស្សមបិ ចេ វាចា | អនត្ថបទសញ្ហិតា |
| ឯកំ អត្ថបទំ សេយ្យោ | យំ សុត្វា ឧបសម្មតិ ។ |
👉បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ (វាចានោះ ពុំប្រសើរឡើយ) បទមានប្រយោជន័ណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (បទនោះ) ឈ្មោះថា ប្រសើរជាង ។
