១. តយោបព្វជិត

បិយវគ្គ

មាន៩រឿង – ១២គាថា

☸️១. រឿង តយោបព្វជិត

ព្រះបរមសាស្តាទ្រង់ប្រារឰនូវបព្វជិត ៣ រូប ។ មានរឿងមក ថា ៖ ត្រកូលមួយ មានគ្នា ៣ នាក់ គឺ ម្តាយ កូន និង ឪពុក ។ កូនជាឣ្នកមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានសុំមាតាបិតាទៅបួស, តែមាតាបិតា មិនព្រមឣនុញ្ញាត ឲ្យកូនទៅបួសទេ ។ លុះបានឱកាសល្អហើយ កូននោះ ក៏បានលួចរត់ចេញទៅបួស ។ បិតា បានទៅតាមរកកូន លុះឃើញកូនបួសហើយ ពុំដឹងធ្វើដូចម្តេច ក៏បានទៅបួសជា មួយនឹងកូនព្រោះមានសេចក្តីស្រឡាញ់កូនខ្លាំងពេក ។ ចំណែកម្តាយ បានដឹងថា កូន និង ស្វាមី បានចេញទៅបួសហើយ ក៏ចូលទៅបួស ក្នុងសំណាក់នៃនាងភិក្ខុនីផងដែរ ។ លុះឣ្នកទាំង ៣ នាក់នោះ បួសហើយ ពុំបានធ្វើអ្វីទេ ឣង្គុយនិយាយគ្នាតែម៉្យាង ថែមទាំងមិនឣាចនៅបែកពីគ្នាបានឡើយ ។

ព្រះសាស្តា ទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ត្រាស់បញ្ជា ឲ្យភិក្ខុ ទៅហៅបព្វជិតទាំង ៣ រូបនោះ មកសួររឿងពិត ហើយទ្រង់ត្រាស់ នូវព្រះ គាថានេះ ថា ៖

១.អយោគេ យុញ្ជមត្តានំយោគស្មិញ្ច អយោជយំ
អត្ថំ ហិត្វា បិយគ្គាហីបិហេតត្តានុយោគិនំ ។

👉បុគ្គលកាលប្រកបខ្លួនទុក​ ក្នុងអំពើដែលមិនគួរប្រកប​ មិនប្រកបខ្លួនក្នុងអំពើដែលគួរប្រកប លះ​បង់​ប្រយោជន៍​ចេញ​ហើយ​ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់បុគ្គលអ្នកប្រកប​តាម​ខ្លួន ។

២.មា បិយេហិ សមាគញ្ឆិអប្បិយេហិ កុទាចនំ
បិយានំ អទស្សនំ ទុក្ខំអប្បិយានញ្ច ទស្សនំ ។

👉កុំគប់រកសត្វនិងសង្ខារទាំងឡាយ​ ដែលជាទីស្រឡាញ់​ និងមិនជាទីស្រឡាញ់ក្នុងកាលណាៗ ឡើយ​ ព្រោះ​ថា​ការ​មិន​ចួបប្រសព្វសត្វ​ និងសង្ខារជាទីស្រឡាញ់ក្ដី​ ការចួបប្រសព្វ​សត្វ​ និង​សង្ខារ​មិនជាទីស្រឡាញ់ក្ដី ជា​ហេតុ​នាំ​មក​នូវ​សេចក្តី​ទុក្ខ ។

៣.តស្មា បិយំ ន កយិរាថបិយាបាយោ ហិ បាបកោ
គន្ថា តេសំ ន វិជ្ជន្តិយេសំ នត្ថិ បិយាបិយំ ។

👉ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ​ និងសង្ខារឲ្យជាទីស្រឡាញ់​ ព្រោះការព្រាត់ប្រាស​ចាក​សត្វ​ និង​សង្ខារ​ជាទី​ស្រឡាញ់​ ជាសភាពអាក្រក់​ ការស្រឡាញ់និងការស្អប់ មិនមានដល់ពួក​ជនណា​ កិលេស​ជា​គ្រឿង​ចាក់​ស្រែះ​ទាំង​ឡាយ តែងមិនមានដល់ពួកជននោះ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ៩

📜 ១៦-បិយវគ្គរឿង

📜១. តយោបព្វជិត
📜២. ឣញ្ញត្រកុដុម្ពី
📜៣. នាងវិសាខា
📜៤. ក្សត្រលិច្ឆវី
📜៥. ឣនិត្ថិគន្ធកុមារ
📜៦. ឣញ្ញត្រព្រាហ្មណ៍
📜៧. បញ្ចសតទារក
📜៨. ព្រះឣនាគាមិត្ថេរ
📜៩. នន្ទិយឧបាសក